ក្រុមមន្ដ្រី​របស់​ពូ​ទីន ខឹងច្រឡោត​ចោទប្រកាន់​អ៊ុយ​ក្រែ​ន វាយប្រហារ​ជាថ្មី​លើ​ស្ពាន​ឧបទ្វីប​គ្រី​មៀ​

ព័ត៌មានអន្តរជាតិ
0
0


​រដ្ឋធានី​កៀវ​៖ ក្រោយ​ការដណ្ដើម​កាន់កាប់​ឧបទ្វីប​គ្រី​មៀ (Crimea) ដោយ​គ្មាន​ការបង្ហូរ​ឈាម កាលពី​អំឡុង​ឆ្នាំ​២០១៤​នោះមក រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​សា​សង់ស្ពាន ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី មកកាន់​ឧបទ្វីប​នេះ ហើយ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ក៏បាន​ទៅ​សម្ពោធ​ស្ពាន​ដ៏​វ​វែង​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ ដោយផ្ទាល់ ប៉ុន្ដែ​ឥឡូវ ស្ពាន​នោះ បាន​រង​នូវ​ការវាយប្រហារ​ជាថ្មីទៀត រហូត​ធ្វើ​ឲ្យ​ក្រុមមន្ដ្រី​របស់លោក ពូ​ទីន ខឹងសម្បា​យ៉ាងខ្លាំង និង បាន​ចោទប្រកាន់​ទៅលើ​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន ជា​អ្នក​នៅ​ពីក្រោយ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ថា បើតាម​សេចក្ដីរាយការណ៍ ដោយ​មិនបាន​បញ្ជាក់ អំពី​អត្ដ​សញ្ញា បាន​អះអាង ថា សំឡេង​បំផ្ទុះ បាន​លាន់ឮ កាលពី​ព្រឹក ថ្ងៃ​ចន្ទ​។ ឧបទ្ទវហេតុ​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់ រងគ្រោះថ្នាក់ ហើយ​ក្នុងនោះ​មានកូន​ស្រី​ម្នាក់​រងរបួស ខណៈ​ឪពុក និង ម្ដាយ បាន​បាត់​បង់ជីវិត​។​

​លោក វ្ល៉ា​ឌី​មៀ កុន​ស្ដា​នទី​ណូ​វ (Vladimir Konstantinov) ប្រធាន​ក្រុមប្រឹក្សារដ្ឋ​គ្រី​មៀ លើក​បន្ដុប ដោយ​រុស្ស៊ី បាន​អះអាង ថា ការវាយប្រហារ​មកលើ​ស្ពាន Kerch (​ឃើ​ច​) ឬ ស្ពាន​គ្រី​មៀ ត្រូវបាន​បង្កឡើង ដោយ​របប​ភេរវ​ករ​របស់​អ៊ុយ​ក្រែ​ន​។​

​បើតាម​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត ពី​ទីភ្នាក់ងារ​សន្ដិសុខ​អ៊ុយ​ក្រែ​ន បាន​ប្រាប់​ដល់​បណ្ដាញ​ទូរទស្សន៍ BBC ថា ជនជាតិ​រុស្សី ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ ដោយ​ការប្រើប្រាស់​ដ្រូ​ន​រត់​លើផ្លូវ​ទឹក​។ ចំណែក​ផ្លូវថ្នល់ នៅលើ​ស្ពាន​នេះ បាន​បិទ ប៉ុន្ដែ​ផ្លូវ​រថភ្លើង នៅតែ​ដំណើរការ​ដដែល​។​

​ស្ពាន​គ្រី​មៀ ត្រូវបាន​លោក​ប្រធានាធិបតី ពូ​ទីន ទៅ​សម្ពោធ​ដោយផ្ទាល់ និង បានដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​អំឡុង​ឆ្នាំ​២០១៨​។ ស្ពាន​មួយ​នេះ បាន​សាងសង់ សម្រាប់​ផ្លូវ​រថយន្ដ និង ផ្លូវ​រថភ្លើង ធ្វើដំណើរ​ទៅមក ដោយ​ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី មកកាន់​ឧបទ្វីប​គ្រី​មៀ​។ ប៉ុន្ដែ​ស្ពាន​គ្រី​មៀ​នេះ បាន​បិទ​លែង​ដំណើរការ​មួយរយៈ កាលពី​ខែតុលា ឆ្នាំ​២០២២ ក្រោយ​ការ​បំផ្ទុះ​ដ៏​ធំ​មួយ បាន​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង ឆាបឆេះ​លើ​រថភ្លើង​ដឹក​ប្រេង ហើយ​ទើបតែនឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ដោយឡែក ទីភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន បានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ទាក់ទង​នឹង​ការវាយប្រហារ ទៅលើ​ស្ពាន Kerch នោះដែរ​។ ប៉ុន្ដែ​ពួកគេ​មិនបាន​ទទួលស្គាល់ អំពី​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នោះឡើយ​។ ចំណែក​ព័ត៌មាន​លម្អិត​ទាំងអស់ ទាក់ទង​នឹង​ការ​បំផ្ទុះ​ស្ពាន​នេះ នឹងត្រូវ​ប្រកាស ក្រោយពេល​ទទួល​ជ័យជម្នះ​។​

​បើតាម​ទម្លាប់​ជាធម្មតា​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន តែងតែ​មិន​ទទួលស្គាល់ ដោយ​ចំហ អំពី​ការជាប់​ពាក់ព័ន្ធ​របស់ខ្លួន នៅក្នុង​ការវាយប្រហារ​បែបនេះ​។ ក្រុង​កៀវ តែងតែ​ផ្តល់​សេចក្តីថ្លែងការណ៍​មិន​ច្បាស់លាស់ ដែល​បង្ហាញ ថា កងកម្លាំង​អ៊ុយ​ក្រែ​ន អាច​នៅ​ពីក្រោយ​សកម្មភាព​ទាំងនេះ​។​

​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេស​រុស្ស៊ី បាន​អះអាង ថា អ៊ុយ​ក្រែ​ន ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ រីឯ​ទីភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក និង ចក្រភព​អង់គ្លេស ជា​អ្នកជំនួយការ ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​។ ប៉ុន្ដែ​លោកស្រី មិនបាន​បង្ហាញ​ភស្ដុតាង​ដ៏​ជាក់លាក់​ណាមួយ​នោះឡើយ​។​

​លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេស​រុស្ស៊ី បានបញ្ជាក់ ថា «​ការសម្រេចចិត្ត​នានា ត្រូវបាន​សម្រេច​ឡើង ដោយ​ក្រុមមន្ដ្រី​អ៊ុយ​ក្រែ​ន និង ពួកយោធា ជាមួយនឹង​ការចូលរួម ដោយផ្ទាល់ ពី​ក្រុមទី​ភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក និង អង់គ្លេស ហើយ​អ្នកនយោបាយ​។ សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ជា​អ្នកទទួលខុសត្រូវ លើ​រចនាសម្ព័ន្ធ​រដ្ឋ​ភេរ​វករ​»​។​

​គណៈកម្មាធិការ​ជាតិ​ប្រឆាំងនឹង​ភេរវកម្ម​របស់​រុស្ស៊ី បាន​អះអាង ថា ការវាយប្រហារ​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ស្ពាន និង បានសម្លាប់​មនុស្ស​ចំនួន​២​នាក់​។ សកម្មភាព​ទាំងនេះ ត្រូវបាន​វាយប្រហារ ដោយ​ដ្រូ​ន​រត់​លើ​ផ្ទៃ​ទឹក​របស់​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​។ រីឯ​អាជ្ញាធរ កំពុងតែ​ជំរុញ​ឲ្យ​ស៊ើបអង្កេត អំពី​ការវាយប្រហារ​អំពើ​ភេរវកម្ម​នេះ​។​

​បើតាម​សារព័ត៌មាន នៅក្នុង​ស្រុក បាន​រាយការណ៍ ថា ការ​បំផ្ទុះ​ស្ពាន​គ្រី​មៀ បានកើត​ឡើង កាលពី​វេលា​រំលងអធ្រាត្រ​៕​