ហ្សេ​ឡែ​ន​ស្គី ពិចារណា​ឡើងវិញ​ពី​យុទ្ធសាស្ដ្រ​របស់​អ៊ុយ​ក្រែ​ន វាយបក​លើ​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
0


​រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ មេដឹកនាំ​ក្រុង​កៀវ កំពុងតែ​គិតពិចារណា​ឡើងវិញ អំពី​យុទ្ធសាស្ដ្រ​របស់ខ្លួន ក្រោយពេល​ការបញ្ជូន​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​ទៅកាន់​សមរភូមិ បាន​រង​ការខូចខាត អស់​ចំនួន​២០​ភាគរយ ហើយ​អ៊ុយ​ក្រែ​ន បានសម្រេច​ចិត្ត វាយបក​យឺតៗ ដើម្បី​កាត់បន្ថយ​នូវ​ការខាតបង់ ខណៈ​កម្លាំង​ទាហាន​រុស្ស៊ី ក៏បាន​បាត់បង់​រថ​ចម្បាំង ជាង​១​ម៉ឺន​គ្រឿង និង គ្រឿង​សឹក​យ៉ាងច្រើន​ផងដែរ​។​

​សារព័ត៌មាន Euronews បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ដោយបាន​ដកស្រង់​ប្រភពពី​សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក New York Times រាយការណ៍ ថា អ៊ុយ​ក្រែ​ន បាន​បាត់​បង់គ្រឿង​សព្វាវុធ និង រថ​ចម្បាំង​របស់ខ្លួន ប្រហែល​២០​ភាគរយ នៅលើ​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​កម្លាំង​ទាហាន​រុស្ស៊ី​។ គ្រឿង​យុទ្ធភណ្ឌ​ទាំងនេះ បាន​រង​នូវ​ការខូចខាត និង ត្រូវបាន​កម្ទេចចោល​ពី​គូសត្រូវ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ នៃ​យុទ្ធនាការ​វាយបក​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​។

​ជាមួយនឹង​ការខូចខាត​គ្រឿង​សឹក​ដ៏​ច្រើន​បែបនេះ ទើប​ក្រុមមន្ដ្រី​ជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន ពិចារណា​ឡើងវិញ អំពី​យុទ្ធសាស្ដ្រ​របស់ខ្លួន ហើយ​សម្រេចចិត្ត វាយបក​រុល​ទៅ​យឺតៗ ដើម្បី​កាត់បន្ថយ​នូវ​ការខូចខាត​ដល់​កម្លាំង​ទ័ព និង គ្រឿងយុទ្ធោបករណ៍​។​

​ស្របគ្នា​នេះដែរ លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​ស្វាគមន៍​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​-​យូ​ល (Yoon Suk-Yeol) ធ្វើដំណើរ​មកកាន់​រដ្ឋ​ធានី​កៀវ កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅនេះ​។ លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​របស់​ជំនួយ​បរទេស ខណៈ​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បាន​ជួបពិភាក្សា​ជាមួយ​ប្រទេស​ចំនួន​២០ នៅក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ដំបូង នៃ​ខែកក្កដា​នេះ​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​សង្កត់ធ្ងន់ ថា «​ឥឡូវនេះ ល្បឿន​សម្រាប់​ការបញ្ចប់​សង្គ្រាម គឺ​អាស្រ័យ​ដោយ​ផ្តា​ល់​លើ​ការគាំទ្រ​ជា​សកល​របស់​បណ្ដា​ប្រទេស​ផ្សេងៗ សម្រាប់​អ៊ុយ​ក្រែ​ន​។ យើង​កំពុងតែ​ធ្វើ​អ្វី​គ្រប់យ៉ាង តាមតែ​អាចធ្វើ​ទៅបាន ដើម្បី​ធានា ថា ការគាំទ្រ​បែបនេះ នឹង​ពឹងផ្អែក​ខ្លាំង និង មាន​អត្ថន័យ​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​ដោយឡែក បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya បាន​ផ្សាយ នៅ​ថ្ងៃ​ចន្ទ នេះដែរ ថា ថា បើតាម Oryx ជា​ប្លុក​យោធា ជា​អ្នក​កត់ត្រា អំពី​ការបាត់បង់​គ្រឿងយុទ្ធោបករណ៍​របស់​ភាគី​ជម្លោះ​ទាំងសងខាង គឺ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​អះអាង ថា ទាហាន​រុស្ស៊ី បាន​បាត់បង់​សម្ភារៈ​យោធា និង រថ​ចម្បាំង ជាង ១១ ០០០​គ្រឿង ចាប់តាំងពី​ការចាប់ផ្ដើម​វាយលុក នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក​។​

​ប្លុក​យោធា Oryx បាន​រាយការណ៍ ថា ជា​សរុបមក រុស្ស៊ី បាន​បាត់បង់ រថ​ចម្បាំង ចំនួន ១១ ១៤៦​គ្រឿង ដោយ​ក្នុងនោះ មាន​ចំនួន ៧ ៤៥៩​គ្រឿង ត្រូវបាន​កម្ទេចចោល​, ចំនួន ៤២៥​គ្រឿង បាន​រង​ការខូចខាត​, ចំនួន ៤២២​គ្រឿង ត្រូវ​បោះបង់​ចូល និង ចំនួន ២ ៨៤០​គ្រឿង ត្រូវបាន​ភាគី​អ៊ុយ​ក្រែ​ន រឹបអូស​យក​។​

​ក្រៅពីនេះ ទាហាន​រុស្ស៊ី បាន​បន្ដ​បាត់បង់​រថក្រោះ ចំនួន ២ ១៣៦​គ្រឿង ដោយ​ក្នុងនោះ មាន​ចំនួន ១ ៣៥២​គ្រឿង ត្រូវបាន​កម្ទេច​, ចំនួន ១២១​គ្រឿង ខូចខាត​, ចំនួន ១២១ ត្រូវ​បោះបង់ចោល និង ចំនួន ៥៤៨​គ្រឿង ត្រូវបាន​រឹបអូស​។ រថក្រោះ​ទាំងនោះ រួម​ដូចជា មូ​ដែល T-62M (​តេ​-៦២​អឹម​), T-62MV (​តេ​-62 អឹម​វី​), T-64A, T-64BV, T-72A, T-72B, T-72BA, T-72B3, T-80BV, T-80U, T-80BVM, T-90A, និង T-90M​។ បន្ថែម​ពីលើ​នេះ ទាហាន​រុស្ស៊ី ក៏បាន​បន្ដ​បាត់បង់​យន្ដហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង នាវាចម្បាំង​យ៉ាងច្រើន ស្របពេល​រថយន្ដ​ចម្បាំង​ផ្សេងៗ​ទៀត ត្រូវបាន​អ៊ុយ​ក្រែ​ន ចាប់បាន និង បាញ់​កម្ទេចចោល នៅលើ​សមរភូមិ រួមមាន រថយន្ដ​ឈ្លបយកការណ៍ BRM-1(K), BRDM-2, MT-LB, MT-LBVM and MT-LBVMK, MT-LB និង MT-LBu …​ជាដើម​៕​