​គណបក្ស​ភឿ​ថៃ ត្រៀមខ្លួន​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ថៃ​

ព័ត៌មានអន្តរជាតិ
0
0

​រាជធានី​បាងកក​៖ ស្របពេល​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សភា​ទាំង​២​របស់​ប្រទេស​ថៃ ដើម្បី​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី នោះ គណបក្ស​ភឿ​ថៃ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​តំណែង​កំពូល​មួយ​នេះ ដើម្បី​ដឹកនាំ​ប្រទេស​ថៃ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយរូប ស្ថិតក្នុង​ចំណោម​បេក្ខជន​ចំនួន​៣​រូប​របស់​គណបក្ស​ភឿ​ថៃ បានប្រកាស ថា គាត់​បាន​ត្រៀមខ្លួន​រាល់​ហើយ សម្រាប់​ការ​ឈរឈ្មោះ កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី ប្រសិនបើ​គណបក្ស​រប​ស់គា​ត់ បានផ្ដល់​ទំនុកចិត្ត​មកលើ​រូបគាត់ ដើម្បី​ឈរឈ្មោះ​ឲ្យ​សភា បោះឆ្នោត​គាំទ្រ​ដល់​គាត់ កាន់កាប់​តំណែង​កំពូល​នេះ​។​

​លោក ស្រេ​ត​ថា ថា​វី​ស៊ីន មាន​វ័យ​៦០​ឆ្នាំ ជា​អតីត​នាយក​ប្រតិ​ប​ត្ដិ និង ប្រធាន​ក្រុមហ៊ុន Sansiri Pcl (​សាន​ស៊ី​រី​) ហើយ​ត្រូវគេ​ស្គាល់ ថា ជា​មនុស្ស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​របស់លោក ថាក់ស៊ីន ស៊ីណា​វ៉ាត (Thaksin Shinawatra) នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវបាន​ពួកយោធា បាន​បណ្ដេញ​ចេញពី​អំណាច កាលពី​អំឡុង​ឆ្នាំ​២០០៦ ឥឡូវនេះ កំពុងតែ​ឆ្លើយតប​ទៅនឹង​សំណួរ​ជាច្រើន ជុំវិញ​ពាក្យ​ចចាមអារ៉ាម បាន​លេចឮ​មក ថា គាត់​នឹងត្រូវ​តែងតាំង សម្រាប់​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី ប្រសិនបើ​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស Move Forward (MFP) អាច​នឹងមិន​ត្រូវ​តែង​តាំង​ជាថ្មី សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ត្រី ដែល​នឹងត្រូវ​បោះឆ្នោត​ជុំ​ទី​២ នៅក្នុង​សភា នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣​។​

​អតីត​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ រូបនេះ បានបញ្ជាក់ ថា «​យើង​នៅ​គណបក្ស​ភឿ​ថៃ បាន​ពិភាក្សាគ្នា អស់​រយៈពេល​៤​ខែ​កន្លងមកហើយ អំពី​បញ្ហា​នេះ ប្រសិនបើ​ខ្ញុំ​នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការងារ​នេះ​ទេ ខ្ញុំ​ក៏​នឹងមិន​ជាប់​ឈ្មោះ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយរូប ស្ថិតក្នុង​ចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទាំងបី​នាក់​របស់​គណបក្ស​ភឿ​ថៃ នោះដែរ​។ បញ្ហាសំខាន់​ជាងនេះទៀត គណបក្ស ត្រូវ​បង្កើនល្បឿន បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី និង ចាប់ផ្ដើម​វិធានការ ជំរុញ​សេដ្ឋកិច្ច​ឡើងវិញ​»​។​

​លោក ស្រេ​ត​ថា ថា​វី​ស៊ីន បាន​សង្កត់ធ្ងន់ ថា ឥឡូវនេះ មនុស្ស​ជាច្រើន ពិតជា​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ​។ ការទទួលខុសត្រូវ​ដ៏​ចម្បង​របស់​គណបក្ស​ភឿ​ថៃ ត្រូវតែ​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់នេះ ជាបន្ទាន់​។ រីឯ​ការពិភាក្សា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង ការផ្លាស់ប្តូរ​គួរឱ្យ​ភ័យខ្លាច សម្រាប់​ការវិនិយោគ​បរទេស ចាក​ចេញពី​ប្រទេស​ថៃ ទៅកាន់​ប្រទេសជិតខាង ក៏​កំពុងតែ​ក្លាយជា​បញ្ហា​ដ​អាទិភាព​បំផុត ត្រូវតែ​ដោះស្រាយ ឱ្យបាន​ទាន់ពេលវេលា​។​

​បុរស​វ័យ​៦០​ឆ្នាំ ជា​មនុស្ស​ជំនិត​បំផុត​របស់លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ដ្រី​ថៃ បាន​អះអាង​ទៀត ថា «​ខ្ញុំ​តែងតែ​ជា​អ្នកដើរតួ​ដ៏​សំខាន់​មួយរូប ហើយ​យើង​ជា​គណបក្ស​ភឿ​ថៃ ត្រូវតែ​ប្រកាន់​គោលការណ៍​តាម​លទ្ធិប្រជាធិបតេយ្យ​។ បើទោះជា​ក្រុមប្រឹក្សាភិបាល សម្រេចចិត្ត​បែបណា យើង​ក៏​ត្រូវតែ​ធ្វើតាម​ការសម្រេចចិត្ត​នោះ ហើយ​ខ្ញុំ​នឹង​គោរព​តាម​»​។​

​ជាមួយគ្នានេះ លោក ស្រេ​ត​ថា ថា​វី​ស៊ីន បាន​បដិសេធ​នូវ​ការធ្វើ​អត្ថាធិប្បាយ​ណាមួយ ជុំវិញ​លទ្ធភាព​ផ្លាស់ប្តូរ​ដៃគូ សម្រាប់​បក្ស​ភឿ​ថៃ ហើយ ងាក​ទៅ​ចូលរួម​ជាមួយ​ប្លុក​របស់​គណបក្ស​ជា​គូប្រជែង រួមមាន គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) និង គណបក្ស​ប៉ា​ឡាំង​ប្រា​ចា​រ៉ា​ត (Palang Pracharath) ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ដូច​អ្វីដែល​មនុស្ស​មួយចំនួន​រំពឹងទុក​។​

​ដោយឡែក ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត ចេញ​មកពី​គណបក្ស​ភឿ​ថៃ បាន​អះអាង ថា ប្រសិនបើ​ករណី ដែល​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិនត្រូវ​តែងតាំង​ជាថ្មី សម្រាប់​នាយករដ្ឋមន្ត្រី ឬ មិនអាច​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ពី​សភា​ទាំង​២​នោះ គណបក្ស​ភឿ​ថៃ នឹង​ស្នើ​ទុកជាមុន សម្រាប់​ការពន្យារពេល​ការបោះឆ្នោត រហូតដល់​សប្តាហ៍​ក្រោយ​ទៀត ស្របពេល​គណបក្ស​មួយ​នេះ នឹង​តែងតាំង​បេក្ខភាព​របស់លោក ស្រេ​ត​ថា ថា​វី​ស៊ីន ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី សម្រាប់​សមាជិកសភា និង ព្រឹទ្ធសភា បោះឆ្នោត​ជ្រើសរើស​។​

​ទន្ទឹមគ្នា​នេះដែរ លោក ភូម​ថា​ម វេចា​យ៉ា​ឆៃ (Phumtham Wechayachai) អនុប្រធាន​គណបក្ស​ភឿ​ថៃ កំពុងតែ​ជំរុញ​ទៅ​ឲ្យ​គណបក្ស​ឆ្ពោះទៅមុខ (MFP) ផ្ដោត​យ៉ាងសំខាន់​ទៅលើ​វិធីសាស្ដ្រ​នាំ​ឲ្យ​ទទួលបាន​ជោគជ័យ សម្រាប់​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី ប្រសើរ​ជាង​ការរំខាន ដោយ​យុទ្ធនាការ​ចុងក្រោយ​របស់ខ្លួន នៅក្នុង​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា ២៧២ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​សិទ្ធិ​បោះឆ្នោត​របស់​ព្រឹទ្ធសភា ចូលរួម​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​


​ថ្វីបើ​យ៉ាងណា​នេះ​ក្ដី ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ សមាជិកសភា​ថៃ តែងតែ​ព្យាយាម យ៉ាងហោចណាស់​ចំនួន​៦​ដង​រួចមកហើយ សម្រាប់​ការដកហូត​សិទ្ធិអំណាច​របស់​សមាជិក​ព្រឹទ្ធសភា ចូលរួម​បោះឆ្នោត ជ្រើសរើស​នាយករដ្ឋមន្ដ្រី​។ ប៉ុន្តែ​ពួកគេ​មិនអាច​ប្រមូលបាន​នូវ​ការគាំទ្រ​ឲ្យ​មាន​ចំនួន​សំឡេង​គ្រប់គ្រាន់ ពី​ក្នុង​សភា ដើម្បី​ជំរុញឱ្យមាន​ចលនា​ធ្វើ​វិសោធនកម្ម លើ​ច្បាប់​នេះ​។ សកម្មភាព​បែបនេះ ទាមទារ​ឱ្យមាន​ការយល់ព្រម ពី​សមាជិក​ព្រឹទ្ធសភា​យ៉ាងតិច ១​ភាគ​៣ ឬ ស្មើនឹង​សមាជិក​ព្រឹទ្ធសភា ចំនួន​៨៤​នាក់ ចូលរួម​អនុម័ត​ផងដែរ​។​

​លោក អនុប្រធាន​គណបក្ស​ភឿ​ថៃ​បាន​សង្កត់ធ្ងន់ ថា «​លោក ភី​ថា មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិនអាច​ប្រមូលបាន​សំឡេង​ចំនួន​៦៤​សំឡេង មកពី​សមាជិក​ព្រឹទ្ធសភា នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៣ ខែកក្កដា​។ គាត់​ពឹងផ្អែក លើ​មេបក្ស MFP លោក ភី​ថា បញ្ជាក់​អំពី​ពេលណា និង វិធីសាស្ដ្រ មាន​គោលបំណង​ជំរុញ​ប្រទេសជាតិ ឲ្យ​ធ្វើដំណើរ​ឆ្ពោះទៅមុខ ចំពេល​មាន​ជម្លោះ​កំពុងតែបន្ត ជុំវិញ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ ជា​ឧទាហរណ៍ វិស័យ​ទេសចរណ៍ ចង់ដឹង ថា តើ​នៅពេលណា​រដ្ឋាភិបាល​ថ្មី នឹង​ចូលកាន់​តំណែង​។ វិស័យ​មួយ​នេះ ព្រួយបារម្ភ និង ភ័យខ្លាច ថា ប្រទេស​ថៃ អាច​នឹងរង​ផលប៉ះពាល់ ព្រោះតែ​ភាពមិនច្បាស់លាស់​ខាង​នយោបាយ នៅក្នុង​ប្រទេស​»៕​