​មេក្ស​ប្រឆាំង​ឈ្នះឆ្នោត​នៅ​ថៃ គ្រោង​ផ្ដល់​ភ្លើង​ខៀវ ជូន​គណបក្ស​ភឿ​ថៃ​របស់​កូនស្រី​លោក​ថាក់ស៊ីន​

ព័ត៌មានអន្តរជាតិ
0
0



​រាជធានី​បាងកក​៖ ថ្វីបើ​ការបោះឆ្នោត​ជុំ​ទី​១ នៅក្នុង​សភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ក្លាយជា​នាយករដ្ឋមន្ដ្រី យ៉ាងណាក្ដី ប៉ុន្ដែ​មេដឹកនាំ​គណ​ចម្រុះ​ទាំង​៨​គណបក្ស​នេះ កំពុងតែបន្ដ​ស្វះស្វែង​វិធីសាស្ដ្រ​ថ្មី​បន្ថែមទៀត សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ថា បើតាម​ប្រភព​ដ៏​ជិតស្និទ្ធ ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ បាន​អះអាង ថា មេដឹកនាំ​របស់​គណបក្ស​សម្ពន្ធភាព​ទាំង​៨​គណបក្ស កំពុងតែ​ស្វះស្វែង បង្កើត​រដ្ឋាភិបាល​ថ្មី​។ គណបក្សប្រឆាំង​ទាំងនេះ ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ គ្រោង​នឹង​ពិភាក្សាគ្នា អំពី​សកម្មភាព​ទាំងនេះ នៅ​ថ្ងៃ​ចន្ទ ពោលគឺ​នៅមុន​ការបោះឆ្នោត​ជុំ​ទី​២ សម្រាប់​ការជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា​។​

​ប្រភព​ដដែល បាន​បន្ដ ថា កិច្ចប្រជុំ​របស់​គណបក្ស​ទាំង​៨​នេះ មុនដំបូង គ្រោង​នឹងធ្វើ​ឡើង នៅ​ថ្ងៃ​អង្គារ ប៉ុន្ដែ​ពួកគេ​ក៏បាន​ព្រមព្រៀងគ្នា បន្ថយ​ថ្ងៃ មក​រៀបចំ​ពិភាក្សា នៅ​ថ្ងៃ​ចន្ទ​នេះ​វិញ ដោយសារតែ​គណបក្ស​មួយចំនួន​របស់​ដៃគូ​ចម្រុះ​ទាំងនេះ គ្រោង​នឹង​បើក​កិច្ចប្រជុំ​កិច្ចផ្ទៃក្នុង​របស់​គណបក្ស​ខ្លួន នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃ​អង្គា​រដែរ​។​

​ប្រភព​ដដែល បាន​បន្ដ ថា ប្រសិនបើ​ករណី លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) ហៅ​កាត់ MFP នៅតែ​មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ពី​សមាជិកសភា និង ព្រឹទ្ធសភា នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២ សម្រាប់​ការ​ក្លាយជា​នាយករដ្ឋមន្ត្រី បន្ដទៀត​នោះ គណបក្ស​ភឿ​ថៃ ដែលមាន​សមាជិកសភា​ច្រើន​លំដាប់​លេខ​២ អាច​នឹង​ត្រូវគេ​អនុញ្ញាតឱ្យ​ដឹកនាំ​ការបង្កើត​រដ្ឋាភិបាល​ប​ន្ទា​ប់ ដោយមាន​ការគាំទ្រ មកពី​គណបក្ស​ចម្រុះ​ចំនួន​៧​ផ្សេងទៀត​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ បានបញ្ជាក់ នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ នៅលើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា ថា ប្រសិនបើ​គាត់​នៅតែ​បន្ដ​មិនអាច​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ពីស​ភា សម្រាប់​ការ​ក្លាយជា​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២​នោះ គាត់​នឹង​បោះបង់ចោល​នូវ​ការ​ឈរឈ្មោះ​នេះ ហើយ​បើកភ្លើង​ខៀវ ដល់​គណបក្ស​ភឿ​ថៃ ដឹកនាំ​នូវ​ការបង្កើត​រដ្ឋាភិបាល ។​

​នៅពេល​ស្នើសុំ​ការអត្ថាធិប្បាយ លើ​ការអះអាង ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយរូប នៅក្នុង​ចំណោម​បេក្ខជន​នាយករដ្ឋមន្ត្រី ចំនួន​៣​រូប​របស់​គណបក្ស​ភឿ​ថៃ អាច​នឹងត្រូវ​តែងតាំង ឲ្យ​ឈរឈ្មោះ សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២​នោះ លោក ភូម​ថា​ម វេ​ឆា​យ៉ា​ឆៃ (Phumtham Wechayachai) អគ្គលេខាធិការ​គណបក្ស​ភឿ​ថៃ បានបញ្ជាក់ កាលពី​ថ្ងៃអាទិត្យ ថា គណបក្ស​ភឿ​ថៃ អាច​នឹងត្រូវ​តែងតាំង​បេក្ខជន​របស់ខ្លួន សម្រាប់​ការបោះឆ្នោត​ជុំ​ទី​២​នេះ ប្រសិនបើ​គណបក្ស​ចម្រុះ ចំនួន​៧​ផ្សេងទៀត ផ្តល់​ភ្លើង​ខៀវ​ឲ្យ​។​

​លោក ភូម​ថា​ម បាន​ឆ្លើយ​តាម​នឹង​ការសាកសួរ ជុំវិញ​ផែនការ​របស់​គណបក្ស​ឆ្ពោះទៅមុខ ដើម្បី​ធ្វើ​វិសោធនកម្ម លើ​មាត្រា ២៧២ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ដកសិទ្ធិ​អំណាច​របស់​ព្រឹទ្ធសភា ចូលរួម នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី ថា គណបក្ស​ភឿ​ថៃ និង គណបក្ស​ឆ្ពោះទៅមុខ នៅ​មិនទាន់​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយគ្នា លើ​បញ្ហា​នេះ​ទេ​។ ករណីនេះ ក៏​នឹង​អាច​លើក​យកមក​ពិភាក្សាគ្នា នៅក្នុង​កិច្ចប្រជុំ​របស់​គណបក្ស​ចម្រុះ​ទាំង​៨ នៅ​ថ្ងៃ​ចន្ទ​។​

​លោក​អគ្គលេខាធិការ​គ​ណ​បក្ស​ភឿ​ថៃ បានបញ្ជាក់ ថា ប្រសិនបើ​គណបក្ស​ឆ្ពោះទៅមុខ នៅតែ​ទទូច​បន្ដ​ស្នើសុំ តែងតាំង​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត សម្រាប់​ការ​ឈរឈ្មោះ​ជាថ្មី​នោះ គណបក្ស​ភឿ​ថៃ នឹង​ត្រូវតែ​ពន្យល់ អំពី​របៀប​ដែល​គណបក្ស​នេះ មាន​គម្រោង​ប្រមែប្រមូល​សំឡេងគាំទ្រ​ឲ្យ​គ្រប់គ្រាន់ សម្រាប់​ជួយ​គាត់ ជាពិសេស ការគាំទ្រ មកពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​២៥០​នាក់ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​។ ដូច្នេះ​បញ្ហា​នេះ នឹងត្រូវ​តែមាន​ចម្លើយ​ច្បាស់លាស់ នៅមុន​ការបោះឆ្នោត​ជុំ​ទី​២ នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា​។​

​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ បាន​ខកខាន មិនអាច​ប្រមូល​សំឡេងគាំទ្រ​ឲ្យ​គ្រប់គ្រាន់ ពីស​ភា សម្រាប់​ជួយ​ឲ្យ​គាត់ កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកក្កដា​។ មាត្រា​ទី​១១២ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវគេ​បាន​ស្គាល់ ថា ជា​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​នោះ ក៏​ត្រូវបាន​គណបក្សរ​បស់​គាត់ មាន​គម្រោង​ធ្វើ​វិសោធនកម្ម​នោះ ក៏​នឹង​ក្លាយជា​មូលហេតុ​ចម្បង សម្រាប់​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ជាច្រើន ប​ដិ​សេ​គាំទ្រ​ដល់​ការតែងតាំង​គាត់ ជា​នាយករដ្ឋមន្ដ្រី​។​
​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ ចែងថា នាយករដ្ឋមន្ដ្រី ត្រូវតែ​ទទួលបាន​សំឡេងគាំទ្រ យ៉ាងតិច ៣៧៦​នាក់ ពី​ក្នុងចំណោម​សមាជិកសភា ៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០​នាក់​។ ប៉ុន្ដែ​បច្ចុប្បន្ន សម្ពន្ធមិត្ត​ចំនួន​៨​គណបក្ស ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ មាន​សមាជិកសភា​សរុប ៣១២​នាក់ នៅក្នុង​រដ្ឋសភា ឬ​សភា​ជាន់​ទាប​។​

​សភា​ទាំង​២​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រ​ស្ប​តិ៍ ទី​១៣ ខែកក្កដា បាន​ប្រជុំ​រួម និង បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ ប៉ុន្ដែ​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ ទទួលបាន​សំឡេងគាំទ្រ​មិន​គ្រប់គ្រាន់ តាមច្បាប់​កំណត់ សម្រាប់​តំណែង​នាយករដ្ឋមន្ដ្រី​ថៃ​។​


​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ លោក ភី​ថា ត្រូវការ​សំឡេងគាំទ្រ យ៉ាងតិច​បំផុត​ចំនួន​៣៧៥​សំឡេង មកពី​ក្នុងចំណោម​សមាជិកសភា ចំនួន​៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ចំនួន​២៥០​នោះ ខណៈ​ឥឡូវ​សមាជិក​ព្រឹទ្ធសភា នៅសល់តែ ចំនួន​២៤៩​នាក់ ដោយសារ​សមាជិក​ព្រឹទ្ធសភា​ម្នាក់ បាន​លាលែង​ពី​តំណែង នៅមុន​ថ្ងៃ​បោះឆ្នោត​នាយករដ្ឋមន្ដ្រី ត្រឹមតែ​១​ថ្ងៃ​។ នៅក្នុង​ចំណោម​សមាជិកសភា​ទាំង​២​នោះ បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​លោក ភី​ថា ឲ្យ​ធ្វើជា​នាយករដ្ឋមន្ដ្រី ត្រឹមតែ​ចំនួន​៣២៤​សំឡេង ដោយ​រួមបញ្ចូល​ទាំង​សមាជិក​ព្រឹទ្ធសភា ចំនួន​១៣​សំឡេង​ផងដែរ​។ រីឯ​សំឡេង​ប្រឆាំង មាន​ចំនួន​១៨២​សំឡេង និង អនុបវាទ ចំនួន​១៩៩​សំឡេង​។​

​សភា​របស់​ប្រទេស​ថៃ គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាថ្មី នៅ​សប្តាហ៍​នេះ​។ បេក្ខជន​ដដែល នឹង​នៅតែ​អាច​ឈរឈ្មោះ​ជា​ម្ដងទៀត ឬ ក៏​បេក្ខជន​ផ្សេង ត្រូវបានតែងតាំង​ឱ្យចូល​រួម​ប្រជែង​តំណែង​កំពូល​មួយ​នេះ​។ រីឯ​នីតិវិធី​របស់​សភា នឹងត្រូវ​ធ្វើឡើង រហូត​ទាល់​តែមាន​បេក្ខជន​ណា​ម្នាក់ ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ដោយ​មិនបាន​កំណត់​ពី​ចំនួន នៃ​ការបោះឆ្នោត ឬ កាលបរិច្ឆេទ​ផុតកំណត់​នោះទេ​៕​