សហភាព​អឺរ៉ុប ចោទប្រកាន់​រុស្ស៊ី កំពុង​បង្កើត​វិបត្ដិ​ស្បៀងអាហារ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
5


​ទីក្រុង​ប្រ៊ុ​ច​សែ​លស៍​៖ បណ្ដា​ប្រទេស នៅ​តំបន់​មជ្ឈិមបូព៌ា និង ទ្វីបអាហ្វ្រិក មាន​តម្រូវការ​គ្រាប់​ធញ្ញជាតិ​យ៉ាងច្រើន មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​វា​ជា​អាហារ​ដ៏​សំខាន់​របស់​ពួកគេ ប៉ុន្ដែ​ឥឡូវ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​បញ្ជា​ឲ្យ​ផ្អាក​នូវ​កិច្ចព្រមព្រៀង​នាំចេញ​តាម​សមុទ្រ​ខ្មៅ ទើប​ប្រមុខ​អង្គការសហប្រជាជាតិ និង ប្រធាន​គោលនយោបាយ​របស់​សហ​ភាព​អឺរ៉ុប ចាត់ទុកជា​ការបង្ក​ឲ្យ​មាន​វិបត្ដិ​ស្បៀងអាហារ​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក​។​

​សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya News បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ថា លោក ចូសេប ប័​រ​រ៉ែ​ល (Josep Borrell) ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប បានបញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ថា រុស្ស៊ី ជា​អ្នកទទួលខុសត្រូវ ចំពោះ​វិបត្តិ​ការផ្គត់ផ្គង់​ស្បៀងអាហារ​ដ៏​ធំ​របស់​ពិភពលោក​។ វិមាន​ក្រឹម​ឡាំង បានប្រកាស ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ នឹង​ផ្អាក​ដំណើរ​កិច្ចព្រមព្រៀង ជាមួយនឹង​ក្រុង​កៀវ សម្រាប់​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន តាម​ច្រក​សមុទ្រ​ខ្មៅ​។​

​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប រូបនេះ បាន​ថ្លែង ទៅកាន់​ក្រុមអ្នកកាសែត នៅមុន​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ដ្រីការបរទេស​សហភាព​អឺរ៉ុប ថា «​អ្វីដែល​យើង​ដឹង​រួចមកហើយ​នោះ ត្រង់​ថា សកម្មភាព​របស់​រុស្ស៊ី នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ដ៏​ធំ​បំផុត​មួយ នៅលើ​ពិភពលោក​..​។ ស្របគ្នា​ដែរ លោក​ប្រមុខ​អង្គការសហប្រជាជាតិ ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​មូ​ស្គូ ជុំវិញ​ការដកខ្លួន ចេញពី​កិច្ចព្រមព្រៀង​នេះ​។​



​ក្រុមមន្ដ្រី​របស់​វិមាន​ក្រឹម​ឡាំង បា​បញ្ជាក់ កាលពី​ថ្ងៃ​អង្គារ (​ទី​១៨ ខែកក្កដា​) ថា ក្រុង​មូ​ស្គូ នឹង​ផ្អាក​ចូលរួម នៅក្នុង​កិច្ចព្រមព្រៀង​មួយ​នឹង​ក្រុង​កៀវ ដែល​បានអនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន មានលទ្ធភាព​នាំ​គ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​សមុទ្រ​របស់ខ្លួន តាម​សមុទ្រ​ខ្មៅ ឆ្ពោះទៅកាន់​តំបន់​ជាច្រើន​របស់​ពិភពលោក ដែល​កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន​។

​កិច្ចព្រមព្រៀង ក្រោម​ការសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ និង តួ​ក​គី បាន​ដោះស្រាយ​ផលប៉ះពាល់ ដល់​សន្តិសុខ​ស្បៀងអាហារ​របស់​ពិភពលោក ក្រោយ​ការផ្ទុះ​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ​២០២២​។ ប៉ុន្ដែ​ការសម្រេចចិត្ត​របស់​ក្រុង​មូ​ស្គូ នាពេលនេះ អាច​នឹង​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ហក់​ឡើង​ខ្ពស់​។​
ពាណិជ្ជកម្ម


​ក្រោយ​ការ​បំផ្ទុះ​ស្ពាន​គ្រី​មៀ ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី ទៅកាន់​ឧ​ប​ទ្វី​គ្រី​មៀ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​មុននេះ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាង ថា ការវាយប្រហារ​ដោយ​ដ្រូ​ន​សមុទ្រ​របស់​អ៊ុយ​ក្រែ​ន ជា​សកម្មភាព​ភេរវកម្ម​។ ដ្រូ​ន​សមុទ្រ បាន​វាយប្រហារ មកលើ​ស្ពាន​គ្រី​មៀ ឬ ស្ពាន Kerch កាលពី​ថ្ងៃ​ចន្ទ ដោយបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ចំនួន​៣​នាក់ ដោយ​ក្នុងនោះ ឪពុក និង ម្ដាយ​បាន​ស្លាប់ ខណៈ​កូនស្រី​បាន​រងរបួស​។ ទន្ទឹមគ្នានេះ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្ដេជ្ញា​សងសឹក ដោយ​យោធា​តបត​វិញ​។​

​បើទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាង ថា ការផ្អាក​ចូលរួម​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ចេញពី​សមុទ្រ​ខ្មៅ​ជាមួយនឹង​អ៊ុយ​ក្រែ​ន មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការវាយប្រហារ​ទៅលើ​ស្ពាន​នេះ​ទេ​។​

​អង្គការសហប្រជាជាតិ និង តួ​ក​គី កាលពី​ខែកក្កដា ឆ្នាំ​២០២២ បាន​ធ្វើជា​អាជ្ញាកណ្ដាល សម្របសម្រួល​ដល់​ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​អ៊ុយ​ក្រែ​ន និង រុស្ស៊ី​។ កិច្ចព្រមព្រៀង​នេះ បាន​ជួយ​សម្រួល ដល់​ការដឹកជញ្ជូន​ស្បៀងអាហារ និង ជី​របស់​រុស្ស៊ី ទៅកាន់​ទីផ្សារ​របស់​ពិភពលោក​។​

នៅត្រឹមតែ​ប៉ុន្មាន​ម៉ោង មុនពេល​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ត្រូវ​ផុតកំណត់​នោះ លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា «​រុស្ស៊ី នឹង​ត្រឡប់​មករក​កិច្ចព្រមព្រៀង​នេះ​ភ្លាមៗ ប្រសិនបើ​ការទាមទារ​របស់​ក្រុង​មូ​ស្គូ លើ​ការនាំចេញ ត្រូវបាន​បំពេញ​។ កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ ចេញ​តាម​សមុទ្រ​ខ្មៅ ជាមួយនឹង​អ៊ុយ​ក្រែ​ន នឹង​លែងមាន​សុពលភាព នៅត្រឹម​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា​នេះ​»​។​

​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានបញ្ជាក់ ថា ប្រទេស​របស់គាត់ បានរៀបចំ​បន្ដ​នូវ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ ទៅកាន់​ទីផ្សារ​របស់​ពិភពលោក​។ ថ្វីបើ​គ្មាន​សហព័ន្ធន៍​រុស្ស៊ី យ៉ាងណាក៏ដោយ ក៏​អ្វីៗ​ត្រូវតែ​ធ្វើ ព្រោះ​យើង​អាច​ប្រើប្រាស់​ច្រករបៀង​សមុទ្រ​ខ្មៅ​នេះ​បាន​។ យើង​មិន​ខ្លាច​ទេ​។ យើង​មាន​ក្រុមហ៊ុន ដែលមាន​កប៉ាល់ បានមក​តាមរក​យើង​។​

​គ្រាប់​ធញ្ញជាតិ ជាង​៣២​លាន​តោន រួមមាន ពោត ស្រូវ​សាលី និង គ្រាប់​ធញ្ញជាតិ​ផ្សេងៗ​ទៀត បាន​ចេញពី​អ៊ុយ​ក្រែ​ន ក្រោម​ការរៀប​ចំនេះ ដោយមាន​កប៉ាល់ បាន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ​។ ប្រសិនបើ​មាន​ករណី​រាំងខ្ទប់ ដល់​ការនាំចេញ ពី​សមុទ្រ​ខ្មៅ នឹងធ្វើ​ឲ្យ​ការចំណាយ​ខ្ពស់ សម្រាប់​គ្រាប់​ធញ្ញជាតិ ព្រោះ​វា​ជា​តម្រូវការ​ដ៏​សំខាន់បំផុត សម្រាប់​អាហារ នៅក្នុង​តាម​បណ្ដា​ប្រទេស នៅ​តំបន់​មជ្ឈិមបូព៌ា និង អាហ្វ្រិក​។ ករណីនេះ នឹងធ្វើ​ឱ្យ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច កាន់តែ​អាក្រក់​ឡើង ហើយ​សកម្មភាព​បែបនេះ នឹង​ជំរុញ​ឲ្យ​មនុស្ស​រាប់លាន​នាក់​បន្ថែមទៀត នៅលើ​ពិភពលោក ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ ឬ កង្វះខាត​ស្បៀងអាហារ​៕​