ទ័ពព្រៃ​នៅ​មី​យ៉ាន់​ម៉ា ប្ដេជ្ញា​វាយប្រហារ​លើ​គោលដៅ​របស់​ទាហាន​រប​ប​សឹក នៅ​ទូទាំងប្រទេស​

ព័ត៌មានអន្តរជាតិ
0
7


​រដ្ឋធានី​ណៃ​ពិដោរ​៖ ប្រទេស​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូលទៅក្នុង​វិបត្ដិ​ដ៏​ធ្ងន់ធ្ងរ​បំផុត ក្រោយ​ការធ្វើ​រដ្ឋប្រហារ​យោធា រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមក ហើយ​ឥឡូវនេះ ក៏មាន​សេចក្ដីរាយការណ៍​ជាច្រើន អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​សារព័ត៌មាន​របស់​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា កងទ័ព​ឯករាជ្យ​កា​ឈី​ន (Kachin) ហៅ​កាត់ KIA បាន​អះអាង ថា ពួកគេ បាន​រឹបអូស​ច្រក​មួយ ពី​កម្លាំង​ទាហាន​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ស្ថិតនៅ​ភាគ​ខាងជើង រដ្ឋ​សាន (Shan)​។​

ពាណិជ្ជកម្ម


​បើតាម​អ្នកស្រុក បាន​ប្រាប់​ដល់ The Irrawaddy ថា នៅក្នុង​អំឡុងពេល​វាយ​ឆ្មក់​ទៅលើ​ទីក្រុង​ឃូ​ត​ខៃ (Kutkai) ថា កងទ័ព​របប​យោធា​មី​យ៉ាន់​ម៉ា បាន​វាយប្រហារ ដោយ​កាំភ្លើងត្បាល់ មក​ជិត​ភូមិ​របស់​ពួកគាត់ ដោយបាន​សម្លាប់​ក្មេងប្រុស​ជំទង់​ម្នាក់ និង ៣​នាក់​ផ្សេងទៀត រងរបួស​។ រីឯ​ជំរំ​នោះ ត្រូវបាន​កាន់កាប់​ដោយ​ទាហាន​ប្រហែល​១០០​នាក់ នៅ​ជិត​ភូមិ​គង​យ៉ា (Kaung Yar) ស្ថិតនៅតាម​ផ្លូវជាតិ ពី​ទីក្រុង Kutkai ទៅកាន់​មូ​សេ (Muse)​។



​លោក​វរសេនីយ៍ ណៅ ប៊ូ (Naw Bu) អ្នកនាំពាក្យ​របស់​កង​ទ័ព​ឯករាជ្យ​កា​ឈី​ន បាន​ប្រាប់​ដល់​បណ្ដាញ​ផ្សព្វផ្សាយ ថា មូលដ្ឋាន​របស់​ទាហាន​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ត្រូវបាន​រឹបអូស​ជា​បណ្ដោះអាសន្ន​។​

​ដោយឡែក សារព័ត៌មាន​របស់​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា ទាហាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ប្រហែល​៣០០​នាក់ បាន​ទៅដល់​ជំរំ Doi Sam Muang (​ដូ​យ សម មួង​) និង ចា​ប៉ា​សា (Japasa) ស្ថិតក្នុង​រដ្ឋកា​យ៉ា (Kayah) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពង្រឹង​ទីតាំង​របស់​កងទ័ព​។

The Irrawaddy បានចេញ​ផ្សាយ កាលពី​ព្រឹក​ដដែល​នេះ​ថា ការប៉ះទង្គិច​គ្នា រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ កម្លាំងយោធា​មី​យ៉ាន់​ម៉ា យ៉ាងហោចណាស់ ចំនួន​៣១​នាក់ រួមទាំង​សមាជិក​កងជីវពល​គាំទ្រ​របប​យោធា ក៏ដូចជា យុទ្ធជន​តស៊ូ​ចំនួន​៣​នាក់ ត្រូវបាន​សម្លាប់ ខណៈ​កងកម្លាំង​ការពារ​ប្រជាជន (PDF) បាន​បន្ត​វាយប្រហារ ទៅលើ​គោលដៅ​របស់​កម្លាំង​ទាហាន​របស់​រដ្ឋាភិបាល​យោធា នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​៕​