​ក្រុម​អ្នក​ប្រាជ្ញា​ផ្នែក​ច្បាប់​របស់​ថៃ បកស្រាយ​រឿង​សភា រារាំង​មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត​

ព័ត៌មានអន្តរជាតិ
0
16


​រាជធានី​បាងកក​៖ ក្រុម​អ្នកជំនាញ​តាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ បាន​រិះគន់​ដល់​ចំណាត់ការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្ដិ​របស់​ថៃ ក្រោយពេល​សមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន បាន​ច្រាល​ចោល​នូវ​ការតែងតាំង​ជាថ្មី​របស់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រីរ​បស់​ប្រទេស​ថៃ នៅក្នុង​ជុំ​ទី​២​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​២១ ខែកក្កដា ថា ស្របពេល​ប្រទេស​ថៃ កំពុង​តែមាន​ភាពមិន​ច្បាស់លាស់ ជុំវិញ​ជម្លោះ​តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី រួចមក ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់ បានលើកឡើង ជា​សំណួរ ថា​តើ​ដំណោះស្រាយ​របស់​សភា ដែល​បាន​បដិសេធ​នូវ​ការតែងតាំង​ជាថ្មី​របស់លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ជុំ​ទី​២​នេះ មាន​លក្ខណៈ​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់ ។ ក្រុម​អ្នកជំនាញ​ច្បាប់ បាន​អះអាង ថា បញ្ហា​នេះ គួរតែ​បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ ជា​អ្នកសម្រេច​។​

​លោក ប័​រ​វ៉ាន់​សាក់ អ៊ូ​វ៉ាន់​ណូ (Borwornsak Uwanno) អតីត​ប្រធាន​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​រិះគន់​ដល់​ចំណាត់ការ​របស់​សភា នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​លើកឡើង ថា តុលាការ​ធម្មនុញ្ញ គួរតែ​លើកយក​បញ្ហា​នេះ ទៅ​ដោះស្រាយ​។​

ពាណិជ្ជកម្ម


​អតីត​ប្រធាន​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថៃ រូបនេះ បាន​សរសេរ ថា «​ការអំពាវនាវ​ទាមទារ​ឱ្យមាន​បទ​ប្បញ្ញត្តិ នា​សម័យប្រជុំ​សភា បានធ្វើឱ្យ​ខូច​ដល់​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ បើទោះជា​ច្បាប់​ធម្មនុញ្ញ​នេះ គ្របដណ្តប់​យ៉ាង​ពិសេស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី យ៉ាងណាក្ដី ។ ករណីនេះ ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ សម្រាប់​ប្រទេស​ថៃ​»​។​

​អ្នកជំនាញ​ច្បាប់​ជាន់ខ្ពស់​រូបនេះ បានបញ្ជាក់ ថា គាត់​ពិតជា​មានការ​សោកស្ដាយ​បំផុត ព្រោះ​សមាជិកសភា និង ព្រឹទ្ធសភា បាន​បោះឆ្នោត ប្រឆាំងនឹង​ការតែងតាំង​ជាថ្មី​របស់លោក ភី​ថា ។ គាត់​បាន​កត់សម្គាល់ឃើញ ថា ការបកស្រាយ​របស់​ស​ភា នៅ​មិនទាន់​ចប់​នៅឡើយ​។ អ្នកណាម្នាក់ ដែល​បានគិត ថា សិទ្ធិ​របស់ខ្លួន ត្រូវបាន​រង​ផលប៉ះពាល់ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាច​នឹងដាក់​ញត្តិ ទៅកាន់​ការិយាល័យ​អ្នកត្រួតពិនិត្យ​ពាក្យបណ្ដឹង ដើម្បី​កំណត់ ថា​តើ​ដំណោះស្រាយ​របស់​សភា កំពុងតែ​រំលោភ​លើ​មាត្រា​ទី​២១៣ នៃ​រដ្ឋធម្មនុញ្ញ ដែរ​ឬ​យ៉ាងណា​។ អ្នកជំនាញ​ច្បាប់​រូបនេះ បានលើកឡើង ដោយ​បង្ហាញ​ទៅលើ​ករណី​របស់លោក ភី​ថា ។​

​លោក ប័​រ​វ៉ាន់​សាក់ អ៊ូ​វ៉ាន់​ណូ អ្នកជំនាញ​ច្បាប់​ជាន់ខ្ពស់ បាន​សង្កត់ធ្ងន់ ថា ញត្តិ​នឹង​អាចដាក់​ទៅ​ការិយាល័យ​អ្នក​ត្រួត​ពិ​និ​ត្ដ​ពាក្យបណ្ដឹង ដែល​នឹងដាក់​ញត្តិ​នោះ បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​។ អ្នករងគ្រោះ ក៏​អាចដាក់​ញត្តិ ដោយផ្ទាល់ ទៅកាន់​តុលាការ​ធម្មនុញ្ញ ផងដែរ ប្រសិនបើ​អ្នកត្រួតពិនិត្យ​ពាក្យបណ្ដឹង មិន​យល់ព្រម​។ ខ្ញុំ​នឹង​រង់​ចាំមើល ថា​តើ​ចំណាត់ការ​របស់​សភា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​អត់​។ ខ្ញុំ​ក៏​នឹង​ចាំមើល​បន្ដទៀត ថា​តើ​តុលាការ​ធម្មនុញ្ញ នឹង​សម្រេច​យ៉ាងណា ចំពោះ​រឿងនេះ​។​

​ការធ្វើ​អត្ថាធិប្បាយ​របស់​អ្នកជំនាញ​ច្បាប់​រូបនេះ បានកើត​ឡើង ស្របពេល​សមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន កាលពី​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ បាន​បោះឆ្នោត ច្រានចោល​នូវ​ការតែងតាំង​ជាថ្មី​របស់លោក ភី​ថា សម្រាប់​ការជ្រើសរើស​នាយករដ្ឋមន្ដ្រី ក្រោម​ហេតុផល ថា បទ​ប្បញ្ញត្តិ នៃ​កិច្ចប្រជុំសភា មាត្រា​៤១ បាន​ហាមឃាត់​នូវ​ការតែងតាំង​ឡើងវិញ​នូវ​សំណើ​ដែល​បាន​រង​បរាជ័យ នៅក្នុង​សម័យប្រជុំ​សភា​ដដែល លុះត្រា​តែមាន​កាលៈទេសៈ​ថ្មី ត្រូវដាក់​បញ្ចូល​។ ពួកគេ​បានលើកឡើង ថា សំណើ​តែងតាំង នៅមុននេះ ទាក់ទង​នឹង​ការតែងតាំង​លោក ភី​ថា ហើយ​ត្រូវបាន​សភា មិន​បោះឆ្នោត​គាំទ្រ​រួច​ម្ដងមកហើយ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ក្រោយពេល​គាត់ មិនបាន​ទទួល​សំឡេង ភាគច្រើន យ៉ាងតិច​ចំនួន​៣៧៥​សំឡេង មកពី​ក្នុងចំណោម​សមាជិកសភា​ទាំង​២ តាមច្បាប់​កំណត់ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​១​។​

​លោក ជេ​ដេ ដូ​ណា​វ៉ា​និក (Jade Donavanik) អ្នកប្រាជ្ញ​ច្បាប់ និង ជា​អតីត​ទីប្រឹក្សា នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មួយរូប បានលើកឡើង ថា គាត់​ជឿថា «​ការតែងតាំង​របស់លោក ភី​ថា កាលពី​ថ្ងៃទី ១៣ ខែកក្កដា មិនមែនជា​សំណើ​ផ្លូវការ​នោះដែរ ដូច្នេះ​បទ​ប្បញ្ញត្តិ​នេះ មិនគួរ​ត្រូវ​លើក​យកមកអនុវត្ត​នោះឡើយ​។ ការតែងតាំង​បេក្ខជន​នាយករដ្ឋមន្ដ្រី មិនមែនជា​សំណើ​ផ្លូវការ​នោះទេ​។ ប៉ុន្ដែ​ការជជែក​ដេញដោល​គ្នា នៅក្នុង​សភា ក្រៅពី​ចំណុច​នេះ​»​។​
​លោក ខុម​សាន ភូ​ខុង (Khomsan Phokhong) សាស្ដ្រាចារ្យ​ផ្នែក​ច្បាប់ នៃ​សាកលវិទ្យាល័យ​សុខោទ័យ​ធ​ម្មា​ធិ​រ៉ា​ត (Sukhothai Thammathirat Open University) បានចង្អុលបង្ហាញ ថា បទ​ប្ប​ញ្ញ​ត្ដិ​មាត្រា​៤១ អាច​ត្រូវ​លើកលែង​បាន លុះត្រា​តែមាន​ករណី​ថ្មី ត្រូវបាន​ណែនាំ​។ ជា​ឧទាហរណ៍ លោក ភី​ថា អាច​ត្រូវ​តែងតាំង សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី នៅ​ជុំ​បន្ទាប់ សម្រាប់​ការបោះឆ្នោត កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រសិនបើ​មាន​បេក្ខជន​ផ្សេងទៀត ត្រូវបានតែងតាំង​ជាមួយ​គាត់ ផងដែរ​។​

​លោក​សាស្ដ្រាចារ្យ​ផ្នែក​ច្បាប់ ខុម​សាន ភូ​ខុង បាន​បន្ថែម ថា «​ករណីនេះ មានន័យ ថា កាលៈទេសៈ​ផ្សេងគ្នា ហើយ​ប្រធានសភា អាច​សម្រេច អនុញ្ញាត​ដល់​ការតែងតាំង​ជាថ្មី​សម្រាប់​លោក ភី​ថា​»​។​
​ជាការ​ឆ្លើយតប​ទៅនឹង​លោក ប័​រ​វ៉ាន់​សាក់ អ៊ូ​វ៉ាន់​ណូ នោះ លោក សេន ស៊េរី​ស៊ូ​វ៉ាន់​ផែន​ណន (Sen Seree Suwanpanont) អតីត​អ្នកតាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ បានបញ្ជាក់ ថា សមាជិកសភា និង ព្រឹទ្ធសមាជិក រាប់រយ​នាក់ បាន​យល់ស្រប ថា ការតែងតាំង​លោក ភី​ថា មិនត្រូវ​បានអនុញ្ញាត ក្រោម​បទ​ប្បញ្ញត្តិ នៃ​កិច្ចប្រជុំសភា​។ ដូច្នេះ​សមាជិកសភា​ទាំងនោះ បាន​បោះឆ្នោត ប្រឆាំងនឹង​ការព្យាយាម​ជា​លើក​ទី​២​របស់លោក ភី​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅក្នុង​ជុំ​ទី​២​។​

​អតីត​អ្នកតាក់តែង​ច្បាប់រដ្ឋធម្មនុញ្ញ រូបនេះ បាន​សង្កត់ធ្ងន់ ថា «​គណបក្ស​ឆ្ពោះទៅមុខ អាច​តែងតាំង​ជាថ្មី​សម្រាប់​លោក ភី​ថា នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​២ ប្រសិនបើ​គណបក្ស​នេះ​ចង់​ធ្វើ ប៉ុន្តែ​យើង​នឹង​ឈរលើ​គោលការណ៍​ដូចគ្នា​។ គណបក្ស​នេះ មាន​សិទ្ធិ​ដាក់​ញត្តិ ទៅកាន់​ការិយាល័យ​អ្នកត្រួតពិនិត្យ ឬ តុលាការ​ធម្មនុញ្ញ​។​

​ស្របគ្នា​នេះ លោក ឆៃ​ថា​វ៉ាត ទូ​ឡា​ថុ​ន (Chaithawat Tulathon) អគ្គលេខាធិការ​គណបក្ស​ឆ្ពោះទៅមុខ បាន​អះអាង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថា គាត់​បាន​ជួបពិភាក្សា ជាមួយនឹង​ឥស្សរជន​សំខាន់ៗ​របស់​គណបក្ស​ភឿ​ថៃ ដើម្បី​ចរចា​គ្នា អំពី​វិធីសាស្ដ្រ ត្រូវ​ដំណើរការ​ជាមួយនឹង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​

​លោក ឆៃ​ថា​វ៉ាត ទូ​ឡា​ថុ​ន បានបញ្ជាក់ ថា «​យើង​កំពុងតែ​ព្យាយាម ធ្វើ​ឲ្យ​ប្រាកដ ថា រដ្ឋាភិបាល​មួយ មាន​ដៃគូ​សម្ពន្ធភាព​ចំនួន​៨​គណបក្ស ត្រូវ​បង្កើតឡើង ប្រកបដោយ​ជោគជ័យ​»​។​

​ក្រោយពេល​មានការ​សួរថា តើ គណបក្ស​ឆ្ពោះទៅមុខ នឹងធ្វើ​អ្វី​ប្រសិនបើ​គណបក្ស​ភឿ​ថៃ តែងតាំង​បេក្ខភាព​នាយករដ្ឋមន្ដ្រី​របស់​ខ្លួន គឺ​លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី នៅ​ជុំ​ទី​២​នោះ​? ប៉ុន្ដែ​លោក​អគ្គលេខាធិការ​គណ​បក្ស MFP បានលើកឡើង ថា បញ្ហា​នេះ នឹងត្រូវ​ពិភាក្សាគ្នា នៅក្នុង​កិច្ចប្រជុំ​សមាជិកសភា​របស់​បក្ស និង ក្រុម​នាយក​ប្រតិបត្តិ នៃ​គណបក្ស​ឆ្ពោះទៅមុខ​។​
​ពាក់ព័ន្ធ​នឹង​ការសាកសួរ អំពី​ការលើកឡើង​របស់លោក Srettha ដោយ​អះអាង ថា គណបក្ស​ភឿ​ថៃ នឹង​ប្រឆាំង ចំពោះ​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ នោះ លោក ឆៃ​ថា​វ៉ាត​បានត្រឹមតែ​និយាយ ថា ករណីនេះ នៅ​មិនទាន់​ពិភាក្សា ជាមួយនឹង​ភឿ​ថៃ នៅឡើយ​។​

​លោក​បាន​បន្តថា​៖ «​សម្ពន្ធមិត្ត​ចម្រុះ​ទាំង​៨​គណបក្ស នឹង​ជួប​ពិភាក្សាគ្នា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​អ្វីៗ​នឹង​បង្ហាញ​យ៉ាងច្បាស់ នៅពេលនោះ​»​។​
​លោក ខុម​សាន ភូ​ខុង សាស្ដ្រាចារ្យ​ច្បាប់ បាន​បន្ដ ថា នេះ​មានន័យ ថា ស្ថានការណ៍ នឹង​ខុសគ្នា ហើយ​ប្រធានសភា អាច​សម្រេច អនុញ្ញាត​ឲ្យ​តែងតាំង​លោក ភី​តា ជាថ្មី​៕​