កងទ័ព​អ៊ុយ​ក្រែ​ន ប្រើប្រាស់​ដ្រូ​ន​ដល់​ក្រុង​មូ​ស្គូ ធ្វើ​ឲ្យ​ពូ​ទីន​កាន់តែ​ផ្ទុះ​កំហឹង

ព័ត៌មានអន្តរជាតិ
0
5


​រដ្ឋធានី​មូ​ស្គូ​៖ ក្រុម​របស់​មន្ដ្រី​អ៊ុយ​ក្រែ​ន បាន​រាយការណ៍ អំពី​ការវាយប្រហារ ដោយ​ដ្រូ​ន​ទៅលើ​រដ្ឋធានី​មូ​ស្គូ ក្រោយពេល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស អំពី​ការវាយប្រហារ​សងសឹក បន្ទាប់ពី​ការវាយប្រហារ​ទៅលើ​ស្ពាន​ឧបទ្វីប​គ្រី​មៀ ដែល​រុស្ស៊ី បាន​រឹបអូស​យក ដោយ​គ្មាន​ការបង្ហូរ​ឈាម កាលពី​អំឡុង​ឆ្នាំ​២០១៤​។​

​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN បាន​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកក្កដា ថា មន្ដ្រី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ប្រាប់​ដល់ CNN ថា កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​ដ្រូ​ន វាយប្រហារ​ទៅលើ​រដ្ឋធានី​មូ​ស្គូ កាលពី​ព្រឹក ថ្ងៃ​ចន្ទ​។ រីឯ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានទទួល​ខុសត្រូវ ចំពោះ​ប្រតិបត្តិការ តាម​អ្វីដែល​រុស្ស៊ី បាន​ពិពណ៌នា ថា វា​ជាការ​វាយប្រហារ​ភេរវកម្ម​របស់​របប​ក្រុង​កៀវ​។​

​បើទោះជា​យ៉ាងណា មន្ដ្រី​រូបនេះ បាន​សុំ​លក្ខខណ្ឌ មិន​បញ្ចេញ​អត្ដ​សញ្ញាណ ព្រោះតែ​ពួកគេ​មិនមាន​សិទ្ធិ និយាយ​ជា​សាធារណៈ ជុំវិញ​ការវាយប្រហារ​នេះ​។​

​លោក ស៊ើ​ហ្គេ សូ​ប៊ីយ៉ា​នី​ន (Sergei Sobyanin) អភិបាលក្រុង​មូ​ស្គូ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​ចន្ទ ថា ឧបទ្ទវ​ហេតុនេះ បាន​បង្កឡើង ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន​របស់​រដ្ឋាភិបាល​ក្រុង​កៀវ ព្រោះ​អ៊ុយ​ក្រែ​ន កំពុងតែ​ព្យាយាម បង្កើត​សង្គ្រាម ចូលមក​កាន់តែ​ជិត ដល់ផ្ទះ​របស់​ប្រជាជន​រុស្ស៊ី​។ ប៉ុន្ដែ​ឧបទ្ទវហេតុ​នោះ មិនបាន​បណ្តាលឱ្យមាន​ការខូចខាត ឬ ធ្វើ​ឲ្យ​មាន​មនុស្ស រងរបួស​ធ្ងន់ធ្ងរ​នោះឡើយ​។
ពាណិជ្ជកម្ម

​ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាង ថា ដ្រូ​ន​ចំនួន​២​គ្រឿង ត្រូវបាន​បាញ់​ទម្លាក់​។ រីឯ​រដ្ឋាភិបាល​ក្រុង​កៀវ កាលពី​ព្រឹក ថ្ងៃ​ចន្ទ បាន​ប៉ុនប៉ង ប្រើប្រាស់​ដ្រូ​ន វាយប្រហារ ព​ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ទីក្រុង​មូ​ស្គូ​។​

​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមាន​ក្រឹម​ឡាំង បាន​ប្រាប់​ដល់​ក្រុមអ្នកកាសែត កាលពី​ល្ងាច ថ្ងៃ​ចន្ទ ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី បាន​ដំណើរការ ប្រកបដោយ​ជោគជ័យ​។ ដ្រូ​ន​ទាំងនោះ ត្រូវបាន​បាញ់​ទម្លាក់ នៅថ្ងៃនេះ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ចោទប្រកាន់​ដល់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ អំពី​ការវាយប្រហារ ដោយ​ដ្រូ​ន ចំនួន​១៧​គ្រឿង ប្រឆាំងនឹង​តំបន់​គ្រី​មៀ (Crimea) គ្រប់គ្រង​ដោយ​រុស្ស៊ី​។ ប៉ុន្ដែ​ដ្រូ​ន​ទាំងអស់នោះ ត្រូវបាន​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី បាញ់​ទម្លាក់ ប្រកបដោយ​ជោគជ័យ​៕​