ក្រុង​មូ​ស្គូ អះអាង​ពី​ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន ស្លា​.​ប់គរ​ជើង​លើ​គ្នា​

ព័ត៌មានអន្តរជាតិ
0
7


​រដ្ឋធានី​កៀវ​៖ រដ្ឋាភិបាល​ក្រុង​កៀវ បានចាប់ផ្ដើម​យុទ្ធនាការ វាយបក​ទៅលើ​កម្លាំង​ទាហាន​រុស្ស៊ី ដើម្បី​រំដោះទឹកដី​របស់ខ្លួន​យកមក​គ្រប់គ្រង​វិញ ចាប់តាំងពី​ដើមខែ​មិថុនា រហូត​រំដោះ​បាន​ទឹកដី​ប្រហែល​ជាង​២០០​គីឡូម៉ែត្រ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​អះអាង អំពី​កងទ័ព​អ៊ុយ​ក្រែ​ន បានសម្លាប់​ជាង ២៦ ០០០​នាក់ នៅក្នុង​យុទ្ធនាការ​នេះ​។​

​សារព័ត៌មាន គ្រប់គ្រង ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ចុង​សប្ដាហ៍​មុននេះ ថា ស៊ើ​ហ្គេ សយ​ហ្គូ (Sergei Shoigu) រដ្ឋមន្ដ្រី ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាង ថា រដ្ឋាភិបាល​ក្រុង​កៀវ បាន​បាត់បង់​កងទ័ព ជាង ២៦ ០០០​នាក់ នៅក្នុង​យុទ្ធនាការ​វាយបក ប្រឆាំងនឹង​កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ​។ រីឯ​លទ្ធផល នៃ​ការប្រយុទ្ធ ត្រូវបាន​តាមដាន និង វិភាគ​យ៉ាង​ដិតដល់ ពី​បណ្ដា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប​រទេស​។​

​ក្រៅពី​ការសម្លាប់​កងទ័ព​អ៊ុយ​ក្រែ​ន នោះ លោក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​រុស្ស៊ី ក៏បាន​អួតអាង អំពី​ការបាញ់​ទម្លាក់​យន្ដហោះ​របស់​សត្រូវ ចំនួន​២១​គ្រឿង​, ឧទ្ធម្ភាគចក្រ ចំនួន​៥​គ្រឿង​, រថក្រោះ​-​រថ​ពា​ដែក ចំនួន ១ ២៤៤​គ្រឿង​, រថក្រោះ Leopard ផលិត​ដោយ​អាល្លឺម៉ង់ ចំនួន​១៧​គ្រឿង ហើយ​រថក្រោះ​ផលិត​ដោយ​បារាំង ប្រភេទ AMX ចំនួន​៥​គ្រឿង និង រថយន្ដ​ប្រយុទ្ធ Bradley ផលិត​ដោយ​អាមេរិក ចំនួន​១២​គ្រឿង​។​
ពាណិជ្ជកម្ម

​ដោយឡែក សារព័ត៌មាន Ukrinform បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ថា បើតាម​នាយអគ្គសេនាធិកា​រ​កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​ផ្សាយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ថា នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្ស៊ី ចំនួន​៦០០​នាក់​។ ប៉ុន្ដែ​បើ​គិត​ចាប់តាំងពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៣ អ៊ុយ​ក្រែ​ន បានសម្លាប់​ទាហាន​រុស្សី កើនឡើង​ដល់ ២៤៣ ២២០​នាក់​។ ក្រៅពីនេះ កងទ័ព​អ៊ុយ​ក្រែ​ន បាន​កម្ទេច​គ្រឿង​សឹក​របស់​សត្រូវ​យ៉ាងច្រើន មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​៕​