​គណបក្ស​ភឿ​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ចុងក្រោយ​របស់ខ្លួន​

ព័ត៌មានអន្តរជាតិ
0
8


​រាជធានី​បាងកក​៖ គណបក្ស​ភឿ​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​សម្ពាធ​យ៉ាង​ធ្ងន់ មកពី​គណបក្ស​មាន​ទំនោរ​ទៅលើ​យោធា​រាជានិយម នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី ហើយ​គណបក្ស​មួយ​នេះ នឹង​សម្រេច​ជោគវាសនា​របស់​គណបក្ស​ឆ្ពោះទៅមុខ នៅ​ថ្ងៃ​អង្គារ​នេះ​។​

​សារព័ត៌មាន​របស់​ថៃ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកក្កដា ថា សម្ពន្ធភាព​ចម្រុះ​ចំនួន​៨​គណបក្ស នឹង​ជួបប្រជុំគ្នា នៅ​ថ្ងៃ​អង្គារ ដើម្បី​សម្រេច ថា​តើ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ដែល​បានឈ្នះ នៅក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃ ទី​១៤ ខែកក្កដា នឹង​នៅតែ​ចូលរួម​ជាមួយ​សម្ពន្ធភាព នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី ក្រោយពេល​គណបក្សនយោបាយ​ផ្សេងៗ​ទៀត មិន​គាំទ្រ​ដល់​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស​នេះ នៅក្នុង​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ ប្រសិនបើ​គណបក្ស​ឆ្ពោះទៅមុខ នៅតែ​បន្ដ​រួបរួម​ជាមួយ​គណបក្ស​ភឿ​ថៃ​។​

​គណបក្ស​ភឿ​ថៃ (Pheu Thai Party) ហៅ​កាត់ PT កំពុងតែ​ខិតខំ​ប្រឹងប្រែង រួមគ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បន្ទាប់ពី​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត មេដឹកនាំ​គណបក្ស MFP មិនបាន​ទទួល​នូវ​សំឡេងគាំទ្រ ភាគច្រើន​គ្រប់គ្រាន់ ទៅតាម​ច្បាប់​កំណត់ ពី​សភា​ទាំង​២​របស់​ប្រទេស​ថៃ សម្រាប់​ការឈាន​ទៅកាន់​កាប់​តំណែង​នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃទី​១៣ ខែកក្កដា ខណៈ​សភា​បាន​ច្រានចោល​នូវ​ការតែងតាំង​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែកក្កដា​។ ឥឡូវ គណបក្ស​ភឿ​ថៃ កំពុងតែ​ស្នើ​ឲ្យ​មាន​កិច្ច​គាំទ្រ មកពី​គណបក្ស​ផ្សេងៗ​ទៀត នៅក្នុង​អំឡុងពេល​បោះឆ្នោត ជា​លើក​ទី​២ គ្រោង​នឹងធ្វើ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដា​។​

​លោក ឆូ​ល​ណាន់ ស្រី​កែវ (Cholnan Srikaew) ប្រធាន​គណបក្ស​ភឿ​ថៃ បានបញ្ជាក់ ថា ការឆ្លើយតប​ជាទូទៅ គឺ​គណបក្សនយោបាយ​ជាច្រើន អាច​មិន​ព្រម​ធ្វើការ​ជាមួយនឹង​គណបក្ស​ភឿ​ថៃ ប្រសិនបើ​គណបក្ស​ឆ្ពោះទៅមុខ ក្លាយជា​ដៃគូ​សម្ពន្ធភាព​ដ៏​ធំ​របស់ខ្លួន​។ គណបក្ស​ឆ្ពោះទៅមុខ នៅតែ​ប្រកាន់​គោលជំហរ​របស់ខ្លួន ធ្វើ​វិសោធនកម្ម លើ​មាត្រា​ទី​១១២ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។​
ពាណិជ្ជកម្ម

​លោក ឆូ​ល​ណាន់ ស្រី​កែវ ប្រធាន​គណបក្ស​គណបក្ស​ភឿ​ថៃ បាន​បន្ដ ថា គាត់​កំពុងតែ​និយាយ​គ្នា អំពី​រឿងនេះ ក្រោយ​ចរចា​ជាមួយនឹង​គណបក្ស​ប៉ា​ឡាំង​ប្រា​ឆា​រ៉ា​ត (Palang Pracharath Party) ហៅ​កាត់ PPRP កាលពី​ថ្ងៃអាទិត្យ​។ ចំណុច​ដ៏​សំខាន់​ទាំងនេះ នឹង​ត្រូវបាន​រាយការណ៍ ត្រឡប់​ទៅកាន់​សម្ពន្ធភាព​របស់​គណបក្ស​ភឿ​ថៃ នៅ​មុនពេល​ការសម្រេចចិត្ត​បន្ថែមទៀត នឹងត្រូវ​ធ្វើឡើង ទាក់ទង​នឹង​សមាសភាព នៃ​សម្ពន្ធភាព​ចម្រុះ​។​

​គណបក្ស​ភឿ​ថៃ កំពុងតែ​ផ្ដោតលើ​គោលបំណង ស្វែងរក​ការចរចា​ជាមួយនឹង​គណបក្សនយោបាយ​ជាច្រើន​ផ្សេងទៀត លើកលែងតែ​គណបក្ស​ប្រជាធិបតេយ្យ ហាក់បីដូចជា នៅ​មិនទាន់​ពិចារណា​នៅឡើយ សម្រាប់​កិច្ចពិភាក្សា​។​

​លោក ឆូ​ល​ណាន់ ស្រី​កែវ បាន​បន្ដ ថា «​នៅ​មុនពេល​គណបក្ស​ភឿ​ថៃ តែងតាំង​បេក្ខជន​នាយករដ្ឋមន្ដ្រី គឺ​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស​នេះ នឹង​ត្រូវតែ​សន្និដ្ឋាន អំពី​វិធីសាស្ដ្រ​ផ្សេង សម្រាប់​គណបក្ស​ភឿ​ថៃ អាច​ធានា​ដល់​ការទទួលបាន​សំឡេងគាំទ្រ​យ៉ាងតិច ចំនួន​៣៧៥​សំឡេង សម្រាប់​ការគាំទ្រ​ដល់​បេក្ខភាព​នាយករដ្ឋមន្ដ្រី​។

​គណបក្ស​ភឿ​ថៃ ក៏បាន​សម្រេចចិត្ត​បញ្ជូន​លោក ស៊ូ​រី​យ៉ា ចាំង​គ្រុង​គ្រាង​គីត (Suriya Jungrungreangkit) អតីតរដ្ឋមន្ត្រី​ឧស្សាហកម្ម ដឹកនាំ​កិច្ចពិភាក្សា​នេះ ដោយ​ចាប់ផ្តើម កាលពី​ពីថ្ងៃ​ចន្ទ ជាមួយនឹង​សមាជិក​ព្រឹទ្ធសភា​មួយចំនួន​។​

​លោក សាន​ទី ប្រ៊ុ​ម​ផាត (Santi Promphat) អគ្គលេខាធិការ​គណបក្ស​ប៉ា​ឡាំង​ប្រា​ឆា​រ៉ា​ត (Palang Pracharath Party) ហៅ​កាត់ PPRP បានបញ្ជាក់ ថា គណបក្ស​របស់គាត់ យល់ឃើញ ថា ចេតនា​របស់​គណបក្ស​ឆ្ពោះទៅមុខ (MFP) ចង់​ធ្វើ​វិសោធនកម្ម លើ​មាត្រា​១១២ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​។ សកម្មភាព​បែបនេះ ជាការ​មិនអាច​ទទួល​យកបាន​នោះឡើយ ហើយ​គណបក្ស PPRP ក៏បាន​ប្រកាស​អំពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់ខ្លួន ប្រឆាំងនឹង​គោលដៅ​របស់​គណបក្ស​ឆ្ពោះទៅមុខ​។​

​លោក សាន​ទី ប្រ៊ុ​ម​ផាត អគ្គលេខាធិការ​គណបក្ស​ប៉ា​ឡាំង​ប្រា​ឆា​រ៉ា​ត បាន​បន្ដ ថា «​គណបក្ស PPRP ក៏បាន​ប្រាប់​រួចមកហើយ​ទៅដល់​គណបក្ស​ភឿ​ថៃ អំពី​ករណីនេះ​។ គោលបំណង​របស់​គណ​បក្ស​ឆ្ពោះទៅមុខ ត្រូវតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ ហើយ​បញ្ហា​នេះ ក្លាយជា​ដើមចម​ដ៏​សំខាន់ អាច​ជំរុញ​ឲ្យ​គណបក្ស PPRP មិន​គាំទ្រ ដល់​គណបក្ស​ភឿ​ថៃ ព្រោះតែ​គណបក្ស​នេះ បាន​ចូលរួម​ជាមួយ​សម្ពន្ធភាព​ចម្រុះ​ថ្មី​ទាំង​៨​គណបក្ស​នោះ​»​។​

​ទន្ទឹមគ្នានេះ លោក ថា​ម៉ា​ណាត ប្រ៊ុ​ម​ប៉ាវ (Thamanat Prompow) សមាជិកសភា មកពី​គណបក្ស​ប៉ា​ឡាំង​ប្រា​ឆា​រ៉ា​ត សម្រាប់​ខេត្ត​ផា​យ៉ាវ (Phayao) បានបញ្ជាក់ ថា គណបក្ស PPRP របស់គាត់ នឹងមិន​តែងតាំង​លោក​ឧត្ដមសេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwon) សម្រាប់​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី នោះទេ​។ បញ្ហា​នេះ​ក៏​ដោយសារតែ​គណបក្សរ​បស់​គាត់​ខក​ខាត​មិន​ឈានដល់​គោលដៅ​របស់ខ្លួន សម្រាប់​ការ​ឈ្នះឆ្នោត​សកល​របស់​ប្រទេស​ថៃ យ៉ាងតិច ចំនួន​២៥០​អាសនៈ នៅក្នុង​រដ្ឋសភា​។​

​ជាមួយនឹង​ការទន្ទឹងរង់ចាំ​គណបក្ស​ភឿ​ថៃ បង្កើត​រដ្ឋាភិបាលចម្រុះ​នោះ ព្រឹទ្ធសភា កាលពី​ថ្ងៃអាទិត្យ (​ទី​២៣ ខែកក្កដា​) បានលើកឡើង ថា គណបក្ស​ភឿ​ថៃ អាច​នឹង​ពិចារណា​ពន្យារពេល​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​ថ្មី រហូតដល់​ដើមខែ​សីហា ប្រសិនបើ​គណបក្ស​ភឿ​ថៃ នៅតែ​មិនទាន់​ប្រមូល​សំឡេងគាំទ្រ​ឲ្យ​មាន​ចំនួន​គ្រប់គ្រាន់ សម្រាប់​បេក្ខជន​របស់ខ្លួន និង​មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការបោះឆ្នោត​បន្ដទៀត​៕​