​ប្រធានសភា​ថៃ ព្យួរ​ការបោះឆ្នោត​នាយករដ្ឋមន្ដ្រី ដោយ​គ្មាន​ការកំណត់​ពេលវេលា​

ព័ត៌មានអន្តរជាតិ
0
0


​រាជធានី​បាងកក​៖ ក្រោយពេល​មាន​បណ្ដឹងតវ៉ា ជុំវិញ​ការជំទាស់​នឹង​ការតែងតាំង​ជាថ្មី​របស់​មេដឹកនាំ​គណបក្សប្រឆាំង​ឈ្នះឆ្នោត ក្រោយ​ការខកខាន​មិន​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន ពី​សមាជិកសភា​ទាំង​២​រួចមក ឥឡូវនេះ សភា​ថៃ បានសម្រេច​ពន្យារពេល​បោះឆ្នោត ដោយ​គ្មាន​ការកំណត់ ហើយ​រង់ចាំ​រហូតដល់​មានការ​សម្រេច ពី​តុលាការ​ធម្មនុញ្ញ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ នៅ​ថ្ងៃ​ពុធ ទី​២៦ ខែកក្កដា ថា លោក​ប្រធានសភា វ៉ាន់ មូ​ហា​ម៉ាត់ ណ័​រ ម៉ា​ថា (Wan Muhamad Noor Matha) បានសម្រេច​ពន្យារ​ពេ ល ដោយ​គ្មាន​ការកំណត់ ចំពោះ​គម្រោង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដា ដោយ​រង់ចាំ រហូតដល់​តុលាការ​ធម្មនុញ្ញ សម្រេច លើ​ករណី​បដិសេធ​តែងតាំង​ជាថ្មី​របស់​សភា សម្រាប់​ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ឈរឈ្មោះ​ជា​នាយករដ្ឋមន្ដ្រី​ទី​៣០​របស់​ប្រទេស​ថៃ​។​

​លោក វ៉ាន់ មូ​ហា​ម៉ាត់ ណ័​រ ម៉ា​ថា បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា គាត់​បានសម្រេច​ចិត្ត​ពន្យារ​ការប្រជុំ​រួម​របស់​សភា​ទាំង​២ ដោយ​គ្មាន​ការកំណត់ រហូតដល់​មានការ​សម្រេចចិត្ត​រប​ស់​តុលាការ​។ សកម្មភាព​បែបនេះ បានកើត​ឡើង ក្រោយពេល​គាត់​មានការ​ពិគ្រោះ​យោបល់​ជាមួយនឹង​ក្រុមមន្ដ្រី​ច្បាប់​របស់​រដ្ឋសភា និង ក្រុមទី​ប្រឹក្សា​របស់គាត់​។​
ពាណិជ្ជកម្ម

​លោក វ៉ាន់ មូ​ហា​ម៉ាត់ ណ័​រ ម៉ា​ថា ប្រធានសភា និង អតីត​ប្រធានសភា បានបញ្ជាក់ ថា ពួកគេ​មាន​ទស្សនៈ​យល់ឃើញ ថា ប្រសិនបើ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី នឹង​នៅតែ​បន្តធ្វើ តាម​ការគ្រោងទុក នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​២៧ ខែកក្កដា​) ខាងមុខ​នោះ វា​អាច​នឹង​នាំឱ្យមាន​បញ្ហា ក្រោយពេល​តុលាការ​ធម្មនុញ្ញ ធ្វើ​សេចក្តីសម្រេច​របស់ខ្លួន នាពេល​ក្រោយ​។ ដូច្នេះ​ការពន្យារពេល​កិច្ចប្រជុំ នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹងធ្វើ​ឲ្យ​កិច្ចប្រជុំ​ជាច្រើន ដែលមាន​គ្រោង​នឹងធ្វើ នៅ​ថ្ងៃ​ពុធ ជាមួយនឹង​សម្ពន្ធភាព​ចម្រុះ គណបក្សនយោបាយ​ផ្សេងៗ​ទៀត និង សមាជិក​ព្រឹទ្ធសភា នាពេល​ឥឡូវនេះ វា​មិនមែនជា​ការចាំបាច់​នោះដែរ​។​

​លោក​ប្រធានសភា វ៉ាន់ មូ​ហា​ម៉ាត់ ណ័​រ ម៉ា​ថា បាន​សង្កត់ធ្ងន់ ថា ហេតុផល​មួយ​ផ្សេងៗ​ទៀត សម្រាប់​ការពន្យារពេល​កិច្ចប្រជុំ​រួមគ្នា​របស់​សភា​ទាំង​២​នេះ ក៏​ដោយសារតែ​សមាជិកសភា​ជាន់​ទាប​ជាប់ឆ្នោត និង សមាជិក​ព្រឹទ្ធសភា​ជាច្រើនរូប មានការ​ព្រួយបារម្ភ ថា ពួកគេ​នឹងមិន​អាច​ទៅ​ចូលរួម​អបអរ​សារ​ទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះមហាក្សត្រ នៅក្នុង​ខេត្ត​រៀងៗ​ខ្លួន​របស់​ពួកគេ នៅ​ថ្ងៃ​សុក្រ ខាងមុខនេះ ប្រសិនបើ​ការ​អង្គុយ​ប្រជុំ​យូរ នៅក្នុង​រដ្ឋសភា​។ ប៉ុន្ដែ​ក្រោយ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ សមាជិកសភា​ទាំង​២​របស់​ប្រទេស​ថៃ​នឹង​វិលត្រឡប់ មក​អង្គុយ​ប្រជុំ​រួមគ្នា ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ម្ដងទៀត​។​

​ប្រធានសភា​ថៃ បានកំណត់​យក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដា សម្រាប់​តំណាងរាស្ដ្រ​ជាប់ឆ្នោត និង សមាជិក​ព្រឹទ្ធសភា វិល​ត្រឡប់មក​ប្រជុំ​រួមគ្នា បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជាថ្មី ក្រោយ​ការខកខាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី កាលពី​ថ្ងៃទី​១៩ ខែកក្កដា រួចមក​។ បើតាម​គម្រោងការ​នោះ គឺ​បេក្ខជន អាច​នឹង​មកពី​គណបក្ស​ភឿ​ថៃ ដែលជា​គណបក្ស​ធំ​លំដាប់​ទី​២ នៅក្នុង​ចំណោម​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ (MFP) របស់លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត​។​

​លោក ភី​ថា និង គណបក្ស​ឆ្ពោះទៅមុខ​របស់គាត់ បាន​បើកផ្លូវ​ដល់​គណបក្ស​ភឿ​ថៃ ដើម្បី​តែងតាំង​បេក្ខជន​របស់ខ្លួន សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី និង ការបង្កើត​រដ្ឋាភិបាល ក្រោយពេល​គាត់​មិនអាច​ស្វែងរក​សំឡេង​គ្រប់គ្រាន់ ចំនួន​៣៧៥​សំឡេង ដើម្បី​ក្លាយជា​នាយករដ្ឋមន្ដ្រី​ថៃ​។ គណបក្ស​ភឿ​ថៃ ក៏​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដោយសារតែ​បណ្ដា​គណបក្សនយោបាយរ​បស់​ពួក​យោធានិយម នៅ​ខាងក្រៅ​ប្លុក​ចម្រុះ​ទាំង​៨​គណបក្ស​នេះ បាន​ប្រឆាំងនឹង​គោលនយោបាយ​របស់​គណ​បក្ស​ឆ្ពោះទៅមុខ (MFP) ដែល​គ្រោង​នឹងធ្វើ​វិសោធនកម្ម លើ​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ដល់​ព្រះមហាក្សត្រ​។​

​ស្របគ្នា​នេះដែរ គណបក្ស​ចំនួន​៨ នៅក្នុង​សម្ពន្ធភាព​ចម្រុះ ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ គ្រោង​នឹង​ជួបប្រជុំគ្នា នៅ​រសៀល ថ្ងៃ​អង្គារ ដើម្បី​ស្តាប់​របាយការណ៍​វឌ្ឍនភាព មកពី​គណបក្ស​ភឿ​ថៃ​។ ប៉ុន្តែ​កិច្ចប្រជុំ​នោះ បាន​លុបចោល​ទៅវិញ នៅ​នាទីចុងក្រោយ ក្រោយពេល​គណបក្ស​ភឿ​ថៃ បានទទួល​ស្គាល់ ថា វា​មាន​ដំណើរការ​តិចតួច នៅក្នុង​សេចក្ដីរាយការណ៍​នោះ រហូតមកដល់​ពេលនេះ ។​

​គណបក្ស​ឆ្ពោះទៅមុខ បាន​ទ​ទួ​ច ថា គណបក្ស MFP នឹង​នៅតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន សម្រាប់​ជំរុញ​ដល់​លោក ភី​ថា ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី ថ្វីបើ​គាត់​មិនបាន​ឈ្នះ​សំឡេង​ភាគច្រើន ពី​សមាជិកសភា​ទាំងពីរ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី កាលពី​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​យ៉ាងណាក្ដី​។​

​លោក ភី​ថា ត្រូវបានតែងតាំង​ជាថ្មី សម្រាប់​តំណែង​កំពូល​មួយ​នេះ ដើម្បី​ឲ្យ​សមាជិកសភា​ទាំង​២ បោះឆ្នោត នៅ​ថ្ងៃទី​១៩ ខែកក្កដា ម្ដងទៀត ប៉ុន្តែ​សភា​បាន​បដិសេធ​នូវ​ការតែងតាំង​នោះ ដោយ​ផ្អែកលើ​មូលដ្ឋាន​នីតិវិធី​។ ក្រុម​អ្នកប្រឆាំង​បាន​អះអាង ថា ការ​តែង​តែង​ជាថ្មី​បែបនេះ​សម្រាប់​លោក ភី​ថា បំពារបំពាន​នឹង​បទ​ប្បញ្ញត្តិ​របស់​សភា លើ​មាត្រា​៤១ ដោយបាន​ហាម​មិន​ឲ្យ​មានការ​ដាក់សំណើ​ដែល​បានទទួល​បរាជ័យ នៅក្នុង​សម័យប្រជុំ​សភា​ដដែល​។​

​ដោយឡែក ក្រុម​អ្នកគាំទ្រ​របស់លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត និង ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន បាន​ប្រឆាំងនឹង​ដំណោះស្រាយ​របស់​សភា​។ ជាមួយគ្នានេះដែរ ពួកគេ​បានស្នើ​សុំ​ទៅកាន់​តុលាការ​ធម្មនុញ្ញ ដើម្បី​សម្រេច​អំពី​ភាពស្របច្បាប់ នៅក្នុង​ការតែងតាំង​ជាថ្មី​ជូន​លោក ភី​ថា សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​៕​