ក្រុម​បាត​ករ​ថៃ ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​លាលែង​ពី​តំណែង និង ទាមទារ​សម្ពន្ធភាព​ចម្រុះ​រួបរួមគ្នា​

ព័ត៌មានអន្តរជាតិ
0
2


​រាជធានី​បាងកក​៖ ស្របពេល​សភា​បានសម្រេច​ផ្អាក​នូវ​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី ដោយ​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ មុននឹង​ដំណើរការ​នីតិវិធី​របស់ខ្លួន​បន្ដ​ទៀត​នោះ ក្រុមអ្នកតវ៉ា គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំគ្នា អំពាវនាវ​ដល់​គណបក្ស​ភឿ​ថៃ ត្រូវតែ​រក្សា​នូវ​ភាពស្មោះត្រង់ សម្រាប់​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស​របស់ខ្លួន ហើយ​ជំរុញ​ឲ្យ​សមាជិកសភា លាលែង​ចេញពី​តំណែង​របស់​ពួកគេ​។​

​សារព័ត៌មាន​របស់​ថៃ The Nation បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​សុក្រ ទី​២៨ ខែកក្កដា ថា ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ប្រមូល​ផ្តុំគ្នា នៅតាម​ផ្លូវ Ratchaprasong (​រ៉ា​ត​ចា​ប្រា​សុង​) ស្ថិតក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយបាន​ទាមទារ​ឱ្យ​សមាជិក​ព្រឹទ្ធសភា លាលែង​ចេញពី​តំណែង​របស់​ពួកគេ​។ បន្ថែម​ពីលើ​នេះ ក្រុមអ្នកតវ៉ា ក៏បាន​ជំរុញ​ឲ្យ​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស ត្រូវតែ​រក្សា​នូវ​គោលជំហរ​របស់ខ្លួន នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ចម្រុះ​ថ្មី បន្ដ​ដឹកនាំ​ប្រទេស​ថៃ ឆ្ពោះទៅរក​ការរីកចម្រើន​ជាថ្មី​ឡើងវិញ​។​

​ហ្វូង​បាតុករ ជាច្រើន​ក្រុម រួមមាន រណសិរ្ស​រួបរួម​ធម្មសភា និង បាតុកម្ម​ម៉ូ​ខេ​លួង​រី​មណា​ម (Mokeluang Rimnam), ថា​លូ​វ៉ាង (ThaluWang) និង ចលនា​ប្រជាជន​ដើម្បី​សង្គម (P-Move) បានចាប់ផ្តើម​ធ្វើបាតុកម្ម នៅវេលា​ម៉ោង​៥​ល្ងាច​។​
ពាណិជ្ជកម្ម

​ក្រុមអ្នកតវ៉ា បាន​លើក​បដា នៅលើ​ស្ពាន​ដើរ ហើយ​បាន​យក​ស្ព្រៃ​បាញ់​ជា​សារ នៅលើ​ដងផ្លូវ​នោះ​។ បន្ថែ​ពីលើ​នេះ ពួកគេ​ក៏បាន​រៀបចំ​សារ​ចំអក ព្យួរ​នៅលើ​ផ្លូវ​ដើរ​នោះ ដើម្បី​រំឭក​ដល់​ក្រុមបាតុករ ដែល​បាន​ស្លាប់ នៅក្នុង​អំឡុង​ធ្វើបាតុកម្ម ប្រឆាំងនឹង​រដ្ឋាភិបាល​ថៃ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី អា​ភី​ស៊ីត វេចា​ជីវ៉ា (Abhisit Vejjajiva) នា​អំឡុង​ឆ្នាំ​២០១០​។​

​ក្រុមបាតុករ បាន​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា ទាំង​២៤៩​នាក់ ត្រូវតែ​ស្ដាប់​នូវ​សំឡេង​របស់​ប្រជាជន ហើយ​គណបក្ស​ភឿ​ថៃ ត្រូវតែ​រក្សា​នូវ​គោលជំហរ​របស់ខ្លួន នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល តាមបែប​លទ្ធិប្រជាធិបតេយ្យ ជាមួយនឹង​គណបក្ស​ឆ្ពោះទៅមុខ​។​

​ជាមួយគ្នានេះ ក្រុមបាតុករ ក៏បាន​ជំរុញ​ដល់​បណ្ដា​គណបក្សនយោបាយ​ទាំងអស់ និង ក្រុម​សមាជិក​ព្រឹទ្ធសភា ត្រូវតែ​ឈប់​គិត ថា ការធ្វើ​វិសោធនកម្ម​ច្បាប់ ត្រង់​មាត្រា ១១២ ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ មិន​មែនមាន​គោលបំណង ផ្តួលរំលំ​របបរាជានិយម​នោះឡើយ​។ ការកែប្រែ​ច្បាប់​នេះ មាន​គោលបំណង​ដ៏​សំខាន់បំផុត ស្វែងរក​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ និង យុត្តិធម៌ សម្រាប់​ប្រទេសជាតិ​។​

​លោក ថា​ត​ចា​ពុង កៃ​ដាម (Thatchapong Kaedam) ជា​សកម្មជន​ខាង​នយោបាយ បាន​អះអាង ថា ប្រសិនបើ​គណបក្ស​ភឿ​ថៃ ក្បត់​នឹង​សម្ពន្ធមិត្ត​នោះ មានន័យ​យ៉ាង​ប្រាកដ ថា គណបក្ស​ភឿ​ថៃ ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស ពី​ប្រជាជន​ផងដែរ​។ គណបក្ស​ភឿ​ថៃ គួរតែ​ប្រកាន់ខ្ជាប់ ដោយ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​គោលជំហរ​របស់​ខ្លួន ដើម្បី​គេចចេញ​ពី​គម្រោង​របស់​ក្រុម​គណបក្ស​អភិរក្សនិយម​។​

​លោក ថា​ត​ចា​ពុង កៃ​ដាម បាន​បន្ថែម ថា អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង សកម្មជន​ជាច្រើន​ទៀត បាន​រត់​ភៀសខ្លួន គេច​ចេញពី​ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ពី​ការចោទប្រកាន់​ខាង​នយោបាយ​។ ដូច្នេះ​ពួកគេ ត្រូវតែមាន​សិទ្ធិ វិលត្រឡប់​មកកាន់​មាតុប្រទេស​របស់​ពួកគេ​វិញ​។ ទន្ទឹមគ្នានេះ គ្រប់ភាគី​ទាំងអស់ គួរតែ​គោរព​តាម​សំឡេងឆ្នោត​របស់​ប្រជាពលរដ្ឋ មាន​គោលបំណង​ទប់ស្កាត់​នូវ​ការប៉ះទង្គិច​គ្នា​ជាថ្មី​ម្តងទៀត រវាង​ក្រុមបាតុករ និង ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម ដូចជា​ហេតុការណ៍ បាន​ផ្ទុះឡើង នៅ​ចំណុចប្រសព្វ Din Daeng (​ឌិន ដែង​) កាលពី​ឆ្នាំមុន​។​

​លោក សុម​យ៉ូ​ត ព្រុក​សា​កាម​ស៊ុ​ក (Somyot Pruksakamsuk) មេដឹកនាំ​ក្រុម​អ្នកប្រជាធិបតេយ្យ បាន​ថ្លែង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ថា សមាជិក​ព្រឹទ្ធសភា និង តុលាការ​ធម្មនុញ្ញ គួរតែ​ត្រូវ​ទទួល​នូវ​ការស្តីបន្ទោស ចំពោះ​ការពន្យារពេល នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​។ ការពន្យារពេល​បែបនេះ អាច​បណ្តាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច ជាង​១០០​ពាន់​លាន​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល​ជាង ២,៩៣​ពាន់​លាន​ដុល្លារ ($2 934 192 316)​។ ចំណែក​បំណុល​គ្រួសារ អាច​នឹង​កើនឡើង រហូតដល់​៩០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ថៃ​។ នេះ​មានន័យ ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ថៃ មាន​លុយ​ចំនួន​១០០​បាត ពួកគាត់​នឹងត្រូវ​ចំណាយ រហូតដល់​ទៅ​៩០​បាត ទៅលើ​ការបង់​សង​ប្រាក់​បំណុល​៕​