អ្នក​បណ្ដេញ​ថាក់ស៊ីន ចេញពី​អំណាច គាំទ្រ​ការវិលត្រឡប់​មកកាន់​ប្រទេស​ថៃ​

ព័ត៌មានអន្តរជាតិ
0
13



​រាជធានី​បាងកក​៖ នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ថៃ ត្រូវបាន​មេដឹកនាំ​យោធា ធ្វើ​រដ្ឋប្រហារ បណ្ដាញ​ចេញពី​អំណាច កាលពី​១៧​ឆ្នាំមុន ប៉ុន្ដែ​ឥឡូវ​មេដឹកនាំ​យោធា​ទាំងនោះ បានបង្ហាញ​សញ្ញា​គាំទ្រ ដល់​ដំណើរ​វិលត្រឡប់​របស់​លោក ថាក់ស៊ីន មកកាន់​ប្រទេស​កំណើត ហើយ​ពួកគេ​ចង់​មើលឃើញ ពី​ឱកាស​ផ្សះផ្សា​ជាតិ​ឡើងវិញ​ផងដែរ​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដា ថា លោក​ឧត្ដមសេនីយ៍ សុន​ធី ប៊ូ​ន​យ៉ា​រ៉ា​ត​គ្លី​ន (Sonthi Boonyaratglin) អតីត​អគ្គមេបញ្ជាការ​កងយោធពល​ភូមិន្ទ​ថៃ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា ផ្ដួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​នាយ​ក​រដ្ឋមន្ដ្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០០៦​។ ប៉ុន្ដែ​ក្រោយពេល​លោក ថាក់ស៊ីន រស់នៅ​និរទេស​ខ្លួន អស់​រយៈពេល​១៧​ឆ្នាំកន្លងមក ខណៈ​ប្រទេស​ថៃ ក៏​នៅតែមាន​ជម្លោះ​នយោបាយ​បន្ថែមទៀត​នោះ ទើប​មេដឹកនាំ​រដ្ឋប្រហារ​ថៃ ងាក​មក​គាំទ្រ ដល់​ដំណើរ​វិលត្រឡប់​របស់​លោក ថាក់ស៊ីន មកកាន់​ប្រទេស​ថៃ ហើយ​ចង់ឃើញ​ប្រទេស​អាស៊ាន​មួយ​នេះ មានឱកាស​ល្អ សម្រាប់​ការផ្សះផ្សា​ជាតិ​។​

​លោក​ឧត្ដមសេនីយ៍ អតីត​អគ្គមេបញ្ជាការ​កងយោធពល​ភូមិន្ទ​ថៃ រូបនេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់ ថា លោក ថាក់ស៊ីន មាន​សិទ្ធិ​វិល​មក​ប្រទេស​កំណើត​របស់គាត់​វិញ ហើយនឹង​ផ្ដល់ឱកាស​ដល់​គាត់ ចូលទៅក្នុង​ប្រព័ន្ធ​យុត្ដិធម៌ និង ដោះស្រាយ​សំណុំរឿង​តាមផ្លូវ​ច្បាប់ ប្រឆាំងនឹង​រូបគាត់​។​
ពាណិជ្ជកម្ម

​បើតាម​លោក​ឧត្ដមសេនីយ៍ សុន​ធី បាន​ឲ្យ​ដឹង​ទៀត ថា លោក ថាក់ស៊ីន បាន​ប្រាប់​គាត់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​យោធា នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០០៦ ថា គាត់​ជា​សុភាពបុរស និង មាន​អត្ត​ចរិតល្អ ហើយ​គាត់​ក៏​កំពុងតែ​ទន្ទឹងរង់ចាំ​នូវ​ការផ្សះផ្សា​ជាតិ​។​

​ដោយសារតែ​គណបក្ស​ភឿ​ថៃ កំពុងតែ​ព្យាយាម​ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ លោក​ឧត្ដមសេនីយ៍ សុន​ធី បានបញ្ជាក់ ថា គណបក្ស​ភឿ​ថៃ ទំនងជា​នឹង​ផ្តោត ទៅលើ​ការស្វែងរក​ដំណោះស្រាយ ជុំវិញ​បញ្ហា​ជម្លោះ នៅក្នុង​ប្រទេស​។ កូនស្រី​ពៅ​របស់លោក ថាក់ស៊ីន គឺ​លោកស្រី ផេ​ថុង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ក៏​ជា​បេ​ក្ខ​នារី​នាយករដ្ឋមន្ត្រី​មួយរូប​របស់​គណបក្ស​ភឿ​ថៃ ផងដែរ​។​

​លោក​ឧត្ដមសេនីយ៍ បាន​សង្កត់ធ្ងន់ ថា «​ប្រសិនបើ​កើតមាន​ជម្លោះ នៅក្នុង​ប្រទេស វា​មានការ​ពិបាក​ខ្លាំង នៅក្នុង​ការគ្រប់គ្រង​ប្រទេសជាតិ​។ បញ្ហា​នេះ ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​ប្រទេសជាតិ ត្រូវតែ​ដោះស្រាយ​បញ្ហា​ទាំងនេះ​»​។​

​លោក​ឧត្ដមសេនីយ៍ សុន​ធី បាន​បន្ដ ថា គាត់​ជា​សិស្ស​ជំនា​ន់ទី​៦ នៃ​សាលា​ត្រៀម​របស់​កងយោធពល​ខេមរភូមិន្ទ​ថៃ ហើយ​លោក ថាក់ស៊ីន ជា​សិស្ស​ប្អូន នៅ​សាលា​ដូចគ្នានេះ​។ សិស្ស​ទាំងអស់ ត្រូវបាន​អប់រំ​ឲ្យ​ចេះ​ស្រឡាញ់​ជាតិ សាសនា និង ព្រះមហាក្សត្រ​។​

​លោក​ឧត្ដមសេនីយ៍ សុន​ធី បាន​បន្ថែម ថា «​យើង​ដឹង ថា ស្ថាប័ន​រាជវង្ស បានរួម​ចំណែក​អ្វីខ្លះ សម្រាប់​កសាង​ប្រទេសជាតិ​។ ខ្ញុំ​ជឿជាក់ ថា ព្រះអង្គ នៅតែមាន​ភក្តីភាព​បែបនេះ​ជានិច្ច​»​។​

​លោកស្រី ផេ​ថុង​ថា​ន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជា​កូនស្រី​ពៅ​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីត​នាយករដ្ឋមន្ដ្រី​ថៃ បានប្រកាស នៅលើ​បណ្ដាញ​សង្គម Instagram កាលពី​ថ្ងៃ​ពុធ ថា លោក ថាក់ស៊ីន នឹង​មកដល់​អាកាសយានដ្ឋាន ដន មឿង (Don Mueang) នា​ថ្ងៃទី​១០ ខែសីហា​។​

​លោកស្រី ផេ​ថុង​ថា​ន ជា​បេ​ក្ខ​នារី​មួយរូប នៅក្នុង​ចំណោម​បេក្ខជន​នាយករដ្ឋមន្ដ្រី ទាំង​៣​រូប​របស់​គណបក្ស​ភឿ​ថៃ បាន​សរសេរ នៅ​ចំ​ថ្ងៃ​ខួបកំណើត គម្រប់​៧៤​ឆ្នាំ​របស់លោក ថាក់ស៊ីន ជា​ឪពុក​របស់​លោកស្រី ថា «​ខ្ញុំ​ស្ទើរតែ​មិនគួរ​ឲ្យ​ចង់​ជឿ ថា អ្វីៗ​ដែល​ខ្ញុំ​កំពុងតែ​សរសេរ នៅពេលនេះ គឺ​ឪពុក​របស់ខ្ញុំ នឹងធ្វើ​មាតុភូមិ​និ​វត្ដ​ន៍ មកដល់​អាកាសយានដ្ឋាន​ដន​មឿង នៅ​ថ្ងៃទី​១០ ខែសីហា ខាងមុខនេះ​»​។​

​លោកស្រី បាន​សរសេរ​បន្ដ ថា « ដំណឹង​នេះ ធ្វើ​ឲ្យ​គ្រួសារ​របស់​យើង មាន​ទាំង​សេចក្ដីត្រេកអរ​ផង និង ការព្រួយបារម្ភ​ផង​។ ប៉ុន្ដែ​យើងទាំងអស់គ្នា ត្រូវតែ​គោរព​នូវ​ការសម្រេចចិត្ត​របស់​ឪពុក​យើង​»​។​

​ជាមួយគ្នានេះដែរ លោកស្រី ផេ​ថុង​ថា​ន បាន​ជូនពរ​ដល់​ឪពុក​របស់​លោកស្រី ជាមួយនឹង​ក្ដីសង្ឃឹម ថា ឪពុក​របស់​លោកស្រី នឹងមាន​សុខភាព​ល្អ ហើយ​មាន​សុវត្ថិភាព​។ គាត់​អាចបំពេញ​តាម​គោលបំណង​របស់គាត់​បា​ន ដោយ​នាំ​ចៅៗ​របស់គាត់ ទៅ​សាលារៀន ជាប្រចាំ​ថ្ងៃ​។ ឪពុក​របស់​លោកស្រី ជា​នាយករដ្ឋមន្ត្រី ហើយ​ត្រូវបាន​ប្រជាជន​ថៃ​ទូទៅ ទទួលស្គាល់ ថា គាត់​បាន​ចូលរួមចំណែក ជួយ​កសាង​ដល់​ប្រទេសជាតិ ច្រើនជាងគេ​។ ប៉ុន្តែ​គាត់​ក៏បាន​ប្រឈម​នឹង​ការលំបាក​ខ្លាំង និង ការ​បៀតបៀន​ជាច្រើន​ផងដែរ​៕​