មន្ដ្រី​របស់​ពូ​ទីន ចោទ​អ៊ុយ​ក្រែ​ន បន្ដ​វាយប្រហារ​លើ​ស្ថានីយ​ប៉ូលិស នៅលើ​ទឹកដី​រុស្ស៊ី​

ព័ត៌មានអន្តរជាតិ
0
3


​រដ្ឋធានី​មូ​ស្គូ​៖ ចាប់តាំងពី​សង្គ្រាម​រប​ស់មេ​ដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ទុះឡើង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ តែងតែ​វាយប្រហារ​យ៉ាង​សន្ធាប់ មកលើ​ប្រទេសជិតខាង​មួយ​នេះ ប៉ុន្ដែ​ឥឡូវនេះ ស្ថានការណ៍​កំពុងតែ​ប្រែប្រួល​យ៉ាងខ្លាំង ដោយសារតែ​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ កំពុងតែ​មានលទ្ធភាព វាយប្រហារ​ជា​បន្ដបន្ទាប់ ឆ្លង​ព្រំដែន​ចូល​ជ្រៅ ទៅដល់​ខាងក្នុង​ប្រទេស​រុស្ស៊ី​។​

​បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា លោក អា​ឡិ​កសាន​ដឺរ បូ​ហ្គោ​ម៉ាស (Alexander Bogomaz) ប្រធាន​តំបន់​ប្រ៊ៀ​ន​ស្ក៍ (Briansk) បាន​អះអាង នៅ​ថ្ងៃ​ចន្ទ នេះ ថា ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ ទៅលើ​ស្ថានីយ​របស់​ប៉ូលិស​មួយកន្លែង កាលពី​រំលងអធ្រាត្រ នៅ​តំបន់​ប្រ៊ៀ​ន​ស្ក៍ ប្រទេស​រុស្ស៊ី​។ ប៉ុន្ដែ​សកម្មភាព​នេះ មិនបាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​មនុស្ស​ណា​ម្នាក់​នោះឡើយ​។​

​លោក​ប្រធាន​តំបន់​ប្រ៊ៀ​ន​ស្ក៍ បាន​សរសេរ នៅលើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​កងទ័ព​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​ទៅលើ​ស្រុក​ទ្រូ​ប​ឆែវ​ស្គី (Trubchevsky) កាលពី​យប់ ហើយ​វា​បានធ្វើ​ឲ្យ​ខូចខាត​ដំបូល និង បង្អួច​របស់​អគារ​ស្ថានីយ​ប៉ូលិស ប៉ុន្ដែ​មិនមាន​អ្នករងគ្រោះ​នោះទេ​»​។​
ពាណិជ្ជកម្ម

​អាជ្ញាធរ​ក្រុង​មូ​ស្គូ កាលពី​ថ្ងៃអាទិត្យ បាន​អះអាង​ផងដែរ ថា កម្លាំង​ទាហាន​រុស្ស៊ី បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន ហោះ​សំដៅ​ទៅលើ​ទីក្រុង​មូ​ស្គូ និង​ឧបទ្វីប​គ្រី​មៀ ដែល​បាន​វាយប្រហារ​បំផ្លាញ​អគារ​ការិយាល័យ​ចំនួន​២ នៅក្នុង​រដ្ឋធានី​របស់​រុស្ស៊ី​។ សកម្មភាព​វាយប្រហារ​ទាំងនេះ បានធ្វើ​ឲ្យ​អាជ្ញាធរ សម្រេច​បិទ​អាកាសយានដ្ឋាន​អន្តរជាតិ មួយរយៈ​ពេល​ខ្លី​។​

​ក្រសួងការពារជាតិ​រុស្ស៊ី បានបញ្ជាក់ ថា យន្តហោះ​គ្មាន​មនុស្ស​បើក ចំនួន​១​គ្រឿង បាន​ហោះ​សំដៅ​ទៅលើ​ទីក្រុង​មូ​ស្គូ ហើយ​ត្រូវបាន​បាញ់​ទម្លាក់ នៅ​ជាយ​ទីក្រុង​នេះ​។ ចំណែក​ដ្រូ​ន​ចំនួន​២​គ្រឿង​ផ្សេងទៀត ត្រូវបាន​បង្ក្រាប ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក ខណៈ​ដ្រូ​ន​ផ្សេងទៀត បាន​វាយប្រហារ មកលើ​អគារ​ការិយាល័យ​មួយ ប៉ុន្ដែ​មិនមាន​អ្នករងរបួស​។​

​រដ្ឋធានី​មូ​ស្គូ និង តំបន់​ជុំវិញ​របស់​ទីក្រុង​នេះ មាន​ចម្ងាយ​ប្រហែល​៥០០​គីឡូម៉ែត្រ ចេញពី​ព្រំដែន​របស់​អ៊ុយ​ក្រែ​ន ហើយ​គេ​កម្រ​កំណត់ ថា វា​ជា​គោលដៅ សម្រាប់​ជម្លោះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្ដែ​រហូតដល់​មកដល់​ពេលនេះ គេ​តែងតែ​ឃើញ​មានការ​វាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ជាច្រើនលើក​ច្រើនសា នា​ឆ្នាំ​២០២៣​នេះ​៕​