សហរដ្ឋអាមេរិក នឹង​បើក​ការចរចា​ធានា​ដល់​សន្ដិសុខ​ដល់​អ៊ុយ​ក្រែ​ន នៅមុន​ពេល​ក្លាយ​ចូល​ណា​តូ​

ព័ត៌មានអន្តរជាតិ
0
16


​រដ្ឋធានី​កៀវ​៖ រដ្ឋាភិបាល​ក្រុង​កៀវ កំពុងតែ​ភ័យខ្លាច​យ៉ាងខ្លាំង ដល់​សន្ដិសុខ​របស់​ប្រទេសជាតិ ហើយ​កំពុងតែ​ចាប់ផ្ដើម ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក ដើម្បី​សុំ​ការធានា ដល់​សន្ដិសុខ​របស់​ប្រទេស​រងគ្រោះ​មួយ​នេះ សម្រាប់​ត្រៀមខ្លួន​ទប់ទល់ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី នាពេល​អនាគត​។​

​សារព័ត៌មាន​របស់​សិ​ង្ហ​បុរី CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា លោក អេ​ន​ឌ្រី​យ យើរ​ម៉ាក (Andriy Yermak) ប្រធាន​ខុ​ទ្ទ​ការ​ល័យ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ (​ថ្ងៃទី​៣០ ខែកក្កដា​) ថា អ៊ុយ​ក្រែ​ន នឹង​ចាប់ផ្តើម ពិគ្រោះ​យោបល់ ជាមួយ​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ ស្ដីអំពី​ការធានា​ដល់​សន្តិសុខ សម្រាប់​រដ្ឋាភិបាល​ក្រុង​កៀវ ខណៈ​កំពុងតែ​រង់ចាំ ចូលរួម​ជាមួយនឹង​អង្គការ​ណា​តូ​។​

​លោក អេ​ន​ឌ្រី​យ យើរ​ម៉ាក បាន​សរសេរ នៅតាម​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម ថា «​យើង​កំពុងតែ​ចាប់ផ្ដើម​ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក នៅ​សប្ដាហ៍​នេះ​»​។​

​ប្រធាន​ខុ​ទ្ទ​ការ​ល័យ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន រូបនេះ បាន​សង្កត់ធ្ងន់ ថា « ការធានា​សន្តិសុខ សម្រាប់​អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​ការពិត សម្រាប់​កាតព្វកិច្ច រយៈពេល​វែង ដោយ​ធានា​អំពី​សមត្ថភាព​របស់​អ៊ុយ​ក្រែ​ន នៅក្នុង​ទប់ស្កាត់ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី ជាថ្មី នាពេល​អនាគត​។ គោលបំណង​ទាំងនេះ នឹងត្រូវ​ព្រាង​ធ្វើឡើង​យ៉ាងច្បាស់ អំពី​ទម្រង់ និង យន្តការ សម្រាប់​កិច្ច​គាំទ្រ​។ ការធានា​ទាំងនេះ នឹងមាន​ប្រសិទ្ធភាព រហូត​ដល់ពេល​អ៊ុយ​ក្រែ​ន ក្លាយជា​សមាជិក​ផ្លូវការ​របស់​អង្គការ​ណា​តូ​»​។​
ពាណិជ្ជកម្ម

​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​ណា​តូ នៅក្នុង​រដ្ឋធានី​វី​ល​នី​ស (Vilnius) ប្រទេស​លី​ទុយ​អា​នី បាន​គាំទ្រ​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ទប់ទល់ ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី អស់​រយៈពេល​១៧​ខែ កន្លងមកនេះ​។ ប្រទេស​នីមួយៗ បាន​ប្ដេជ្ញា​ផ្ដល់​អាវុធ​ជាថ្មី ជួយ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ ខណៈ​កាលបរិច្ឆេទ​គ្មាន​ការកំណត់ សម្រាប់​សមាជិកភាពរ​ប​ស់អ៊ុយ​ក្រែ​ន ដោយសារតែ​សង្គ្រាម​កំពុងតែបន្ត​។​

​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង សហរដ្ឋអាមេរិក បាន​យល់ព្រម សម្រាប់​អនុញ្ញាត​ដល់​ប្រទេស​នីមួយៗ ចរចា លើ​កិច្ចព្រមព្រៀង ផ្តល់នូវ​ការធានា​ដល់​សន្តិសុខ និង ជួយ​អ៊ុយ​ក្រែ​ន ពង្រឹងកម្លាំង​យោធា​រប​ស់​ពួកគេ​។​

​បើតាម​ការធ្វើ​អត្ថាធិប្បាយ​របស់លោក យើរ​ម៉ាក បានលើកឡើង ថា ប្រទេស​ជាង​១០​ផ្សេងទៀត បាន​ចូលរួម​សេចក្តីប្រកាស​របស់​បណ្ដា​ប្រទេស G7 ។ បច្ចុប្បន្ននេះ អ៊ុយ​ក្រែ​ន កំពុងតែ​ចរចា អំពី​លក្ខខណ្ឌ សម្រាប់​ការធានា នាពេល​អនាគត ជាមួយ​ប្រទេស​នីមួយៗ​៕​