​ប្រទេស​អាហ្វ្រិក​ចំនួន​២ នឹង​ប្រកាសសង្គ្រាម បើ​បរទេស​ចូលធ្វើ​អន្ដរាគមន៍ នៅ​ណៃ​ជឺ​រ​

ព័ត៌មានអន្តរជាតិ
0
5


​រដ្ឋធានី​នី​យ៉ា​មេ (NIAMEY)៖ ស្របពេល​ប្រទេស​ជាច្រើន នៅ​តំបន់​អាហ្វ្រិក​ខាងលិច និង បណ្ដា​ប្រទេស​លោកខាងលិច កំពុងតែ​បង្កក​ទ្រព្យសម្បត្ដិ និង គំរាមកំហែង អំពី​ការប្រើប្រាស់​កម្លាំងយោធា ហើយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​ណៃ​ជឺ​រ (Niger) រួចមក ស្រាប់​តែមាន​ប្រទេស​ចំនួន​២ នៅក្នុង​ទ្វីប​មួយ​នេះ បែរ​ចេញមុខ មក​ជំទាស់​នឹង​អន្ដរាគមន៍​ណាមួយ​របស់​បរទេស នៅក្នុង​ប្រទេសមួយ​នេះ​។​

​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែសីហា ឆ្នាំ​២០២៣ ថា ប្រទេស​ប៊ឺ​គី​ណា​ហ្វា​សូ (Burkina Faso) និង ម៉ាលី បាន​ព្រមាន ថា អន្ដរាគមន៍​ណាមួយ​របស់​បរទេស នៅក្នុង​ប្រទេសជិតខាង​ណៃ​ជឺ​រ អាច​នឹងត្រូវ​ពិចារណា ជាការ​ប្រកាសសង្គ្រាម ប្រឆាំងនឹង​ប្រទេស​របស់​ពួកគេ​ទាំង​២​នេះ​។ ការគំរាមកំហែង​រប​ស់មេ​ដឹកនាំ​ទាំង​២​ប្រទេស​នេះ ក្លាយជា​សញ្ញា​មួយ បង្ហាញ​អំពី​ការគាំទ្រ ជួយ​ដល់​មេដឹកនាំ​យោធា ដែល​បានធ្វើ​រដ្ឋប្រហារ កាលពី​ប៉ុន្មាន​ថ្ងៃ​មុ​នេះ នៅក្នុង​ប្រទេស​ណៃ​ជឺ​រ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ បង្ហាញ ថា រដ្ឋាភិបាល​ម៉ាលី និង ប៊ឺ​គី​ណា​ហ្វា​សូ ក៏បាន​បដិសេធ​អនុវត្ត​នូវ​អ្វីដែល​មេដឹកនាំ​ប្រទេស​ទាំង​២​នេះ ហៅថា ជា​«​ទណ្ឌកម្ម​មិន​ត្រឹមត្រូវ ខុសច្បាប់ និង អមនុស្សធម៌​» ប្រឆាំង​ប្រជាជន និង អាជ្ញាធរ​របស់​ប្រទេស​ណៃ​ជឺ​រ​។​
ពាណិជ្ជកម្ម

​សហរដ្ឋអាមេរិក និង បារាំង មាន​មូលដ្ឋាន​កងទ័ព នៅក្នុង​ប្រទេស​ណៃ​ជឺ​រ បាន​អំពាវនាវ​ឲ្យ​រក្សា​នូវ​ភាពស្ងប់ស្ងាត់​។ ប៉ុន្ដែ​ប្រទេស​មហាអំណាច​លោកខាងលិច​ទាំង​២​នេះ រួម​ជាមួយនឹង​សហគមន៍​អន្ដរជាតិ​ជាច្រើន​ផ្សេងទៀត ក៏បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​អំពី​រដ្ឋប្រហារ​យោធា​នេះ​។​

​ដោយឡែក ប្រជាជន​ណៃ​ជឺ​រ រាប់ពាន់នាក់ កាលពី​ថ្ងៃអាទិត្យ បាន​ចេញមក​តាម​ដង​ផ្លូវ បង្ហាញ​នូវ​ការគាំទ្រ ដល់​អំពើ​រដ្ឋប្រហារ​នេះ ខណៈ​មាន​មនុស្ស​ជាច្រើន កាន់​ទង់ជាតិ​រុស្ស៊ី និង ស្រែក​សារ​គាំទ្រ​ដល់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី ថែម​ទៀតផង​។​

​ស្របគ្នា​នេះដែរ ពួក​មេដឹកនាំ​យោធា ដែល​បាន​ហៅ​ខ្លួនឯង ថា ជា​ក្រុម​ប្រឹក្សាជាតិ សម្រាប់​ការការពារ​មាតុភូមិ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន បានប្រកាស ថា ពួកគេ​បាន​ចាប់​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ លោក ម៉ូ​ហា​មេ​ដ បា​ហ្ស៊ូ​ម (Mohamed Bazoum) ហើយ​បាន​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​គាត់ ចេញពី​អំណាច ដោយ​លើកឡើង អំពី​បញ្ហា​សន្តិសុខ​ជាតិ និង អំពើពុករលួយ​។ បើទោះជា​យ៉ាងណា មេដឹកនាំ​ប្រទេស​ប៊ឺ​គី​ណា​ហ្វា​សូ និង ម៉ាលី សុទ្ធតែ​ឡើងកាន់​អំណាច ដោយ​អំពើ​រដ្ឋប្រហារ​យោធា​ផងដែរ​។​

​ផ្ទុយ​ពីនេះ បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច កាលពី​ថ្ងៃអាទិត្យ (​ទី​៣០ ខែកក្កដា​) បានដាក់​ទណ្ឌកម្ម និង គំរាម​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​រប​ស់​ប្រទេស​ណៃ​ជឺ​រ នៅ​សប្ដាហ៍​នេះ ខក​ខាត​ប្រគល់​តំណែង​វិញ ជូនទៅ​លោក​ប្រធានាធិបតី ម៉ូ​ហាម​មេ​ដ បា​ហ្ស៊ូ​ម (Mohammed Bazoum) ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​។ ស្របគ្នា​នេះ ក្រុម​អ្នកគាំទ្រ​ពួកយោធា បាន​វាយប្រហារ ទៅលើ​ស្ថានទូត​បារាំង ប្រចាំ​នៅក្នុង​រដ្ឋធានី​នី​យ៉ា​មេ​។​

​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច ហៅ​កាត់ ECOWAS (​អេកូ​វ៉ាស​) ដែលមាន​ចំនួន​១៥​ប្រទេស បាន​ឆ្លើយតប ចំពោះ​ការធ្វើ​រដ្ឋប្រហារ​លើក​ទី​៧ នៅក្នុង​តំបន់​សា​ហែល (Sahel) នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ខណៈ​ហ្វូងមនុស្ស នៅក្នុង​រដ្ឋធានី​នី​យ៉ា​មេ ប្រទេស​ណៃ​ជឺ​រ បាន​ដុត​ទង់ជាតិ​បារាំង និង គប់​ដុំថ្ម​ទៅលើ​បេសកកម្ម​របស់​អតីត​អាណានិគម ដោយបាន​ទាញយក​បំពង់​ឧស្ម័ន​បង្ហូរទឹកភ្នែក ពី​ប៉ូលិស មក​បាញ់​។ រូបភាព​ជាច្រើន បានបង្ហាញ​ពី​ភ្លើង​ឆេះ នៅតាម​ជញ្ជាំង​ស្ថានទូត និង មាន​មនុស្ស​របួស​ជើង ប្រឡាក់​ដោយ​ឈាម ត្រូវគេ​លើកដាក់ នៅក្នុង​រថយន្ដ​សង្គ្រោះបន្ទាន់​។​

​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ នៅក្នុង​ប្រទេស​ណៃ​ជឺ​រ ត្រូវ​ពិភាក្សា ផ្ដោតទៅលើ​រដ្ឋប្រហារ​យោធា កាលពី​សប្ដាហ៍​មុន​។ បណ្ដា​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​អំពាវនាវ​ឲ្យ​មានការ​ស្ដារ​ច្បាប់រដ្ឋធម្មនុញ្ញ​ឡើងវិញ ហើយ​ថែមទាំង​ព្រមាន អំពី​ការសង​សឹក ប្រសិនបើ​មិនអាច​ស្ដារ​ស្ថានការណ៍​នេះ​ឡើងវិញ​ទេនោះ​។​

​បណ្ដា​មេដឹកនាំ ECOWAS ទាំង​១៥​ប្រទេស បាន​សង្កត់ធ្ងន់ ថា «​វិធានការ​នានា អាច​នឹងត្រូវ​អនុវត្ដ ដោយ​រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​កម្លាំង​ទ័ព​ផងដែរ​។ ទន្ទឹមគ្នានេះ ក្រុមមន្ដ្រី​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​ទាំងនេះ នឹង​ជួបប្រជុំគ្នា ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​នេះ មាន​ប្រសិទ្ធភាព​»​។​

​លោក ម៉ា​ហា​ម៉ាត់ អា​ឌ្រី​ស ដេ​ប៊ី (Mahamat Idriss Deby) ប្រធានាធិបតី​ឆាត (Chad) ដែល​បាន​ឡើងកាន់​អំណាច នៅក្នុង​អំឡុង​ឆ្នាំ​២០២១ ក្រោយ​អំពើ​រដ្ឋប្រហារ​ដែរនោះ បាន​ជួប​ជាមួយនឹង​សម​ភាគី​នី​ហ្សេ​រី​យ៉ា (Nigeria) លោក ប៉ូ​ឡា ទី​នូ​ប៊ូ (Bola Tinubu) នៅ​ខាងក្រៅ​កិច្ចប្រជុំ​នេះ ដោយបាន​ស្ម័គ្រចិត្ត និយាយ​ទៅកាន់​មេដឹកនាំ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​ណៃ​ជឺ​រ (Niger)​។ នេះ​បើតាម​ជំនួយការ​របស់​ប្រធានាធិបតី​ឆាត និង នី​ហ្សេ​រី​យ៉ា បាន​ប្រាប់​ទៅដល់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​សុំ​លក្ខខណ្ឌ មិន​បញ្ចេញ​អត្ដ​សញ្ញាណ​។​


​បណ្ដា​មេដឹកនាំ ECOWAS និង សហភាព​សេដ្ឋកិច្ច​-​រូបិយវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក ចំនួន​៨​ប្រទេស បាន​អះអាង ថា ការ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព​ភ្លាមៗ គឺ​នៅតាម​ព្រំដែន ជាប់​ជាមួយនឹង​ប្រទេស​ណៃ​ជឺ​រ នឹងត្រូវ​តែ​បិទ​, ជើងហោះហើរ​ពាណិជ្ជកម្ម ត្រូវតែ​ហាមឃាត់​, ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ត្រូវតែ​បញ្ឈប់​ដំណើរការ​, ទ្រព្យសម្បត្តិ​ជាតិ​របស់​ប្រទេស​ណៃ​ជឺ​ឬ​ត្រូវតែ​បង្កក និង ជំនួយ​តែ​បញ្ចប់​។ ទន្ទឹមគ្នានេះ ក្រុម​មេដឹកនាំ​យោធា ពាក់ព័ន្ធ​នឹង​អំពើ​រដ្ឋប្រហារ​នេះ ក៏​នឹង​ត្រូវតែ​ហាមឃាត់​នូវ​ការធ្វើដំណើរ​ចេញពី​ប្រទេស​ណៃ​ជឺ​រ ហើយ​ទ្រព្យសម្បត្ដិ​របស់​ពួកគេ ក៏​ត្រូវតែ​បង្កក​៕​