​ពួក​អភិរក្សនិយម បន្ដ​រារាំង​គណបក្ស​ឈ្នះឆ្នោត​នៅ​ថៃ ចូលរួម​នៅក្នុង​រដ្ឋាភិបាលចម្រុះ​ថ្មី​

ព័ត៌មានអន្តរជាតិ
0
4


​រាជធានី​បាងកក​៖ សមាជិកសភា និង ព្រឹទ្ធសភា​អភិរក្សនិយម​របស់​ប្រទេស​ថៃ ភាគច្រើន មិនបាន​បោះឆ្នោត​គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ឲ្យ​ក្លាយជា​នាយករដ្ឋមន្ដ្រី ដោយសារតែ​ពួកគេ​ព្រួយបារម្ភ អំពី​គោលនយោបាយ​របស់​គណ​បក្ស​ឈ្នះឆ្នោត​មួយ​នេះ ចង់​ធ្វើ​វិសោធនកម្ម លើ​មាត្រា​១១២ ប៉ុន្ដែ​ឥឡូវ គណបក្ស​ភឿ​ថៃ បាន​អះអាង​ជាថ្មី អំពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ថ្មី​។​

​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ ថា លោក ភូម​ថា​ម វេចា​យ៉ា​ឆៃ (Phumtham Wechayachai) អនុប្រធាន​គណបក្ស​ភឿ​ថៃ បាន​អះអាង​ជាថ្មី កាលពី​ថ្ងៃ​ចន្ទ ថា សមាជិកសភា​ជាប់ឆ្នោត​ទាំង​៥០០​នាក់ និង សមាជិក​ព្រឹទ្ធសភា ដែល​ត្រូវបានតែងតាំង ចំនួន​២៤៩​នាក់ អាច​នឹង​គាំទ្រ​ដល់​ការបង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី ក្រោម​លក្ខខណ្ឌ ថា រដ្ឋាភិបាល​ថ្មី​នេះ នឹងមិន​មាន​វត្ដ​មាន​របស់​គណបក្ស​ឆ្ពោះទៅមុខ (MFP) ចូលរួម ។ ករណីនេះ នឹង​ត្រូវតែ​សម្រេច នៅក្នុង​កិច្ចពិភាក្សា នា​សប្តាហ៍​នេះ នៅមុន​សភា​ទាំង​២​ប្រជុំ​រួម ដែល​ត្រូវ​រំពឹងទុក នឹងធ្វើ​ឡើង នៅ​ថ្ងៃ​សុក្រ​។​


​លោក ភូម​ថា​ម វេចា​យ៉ា​ឆៃ បានបញ្ជាក់ ថា «​គណបក្ស​ភឿ​ថៃ បានបញ្ជាក់ នៅក្នុង​កិច្ចពិភាក្សា មួយ ជាមួយ​សមាជិកសភា​ជាប់ឆ្នោត មកពី​គណបក្ស​ផ្សេងៗ​ទៀត ហើយ​សមាជិក​ព្រឹទ្ធសភា ដោយ​ពួកគេ​បាន​អះអាង ថា ពួកគេ​នឹង​បោះឆ្នោត ជ្រើសរើស​បេក្ខជន មកពី​គណបក្ស​ភឿ​ថៃ ឲ្យ​ក្លាយជា​នាយករដ្ឋមន្ដ្រី ប្រសិនបើ​គណបក្ស​ឆ្ពោះទៅមុខ ត្រូវ​ដកចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ថ្មី​។ បញ្ហា​នេះ កំពុងតែ​ធ្វើ​ឲ្យ​យើង ប្រឈមមុខ​ខ្លាំង​បំផុត​។ ដូច្នេះ​សម្ពន្ធភាព​ចម្រុះ​ទាំង​៨​គណបក្ស ក៏​នឹង​ជួបពិភាក្សា​គ្នា អំពី​បញ្ហា​នេះ​ផងដែរ​»​។​

​លោក​អនុប្រធាន​គណបក្ស​ភឿ​ថៃ រូបនេះ បាន​បន្ដ ថា គណបក្ស​ភឿ​ថៃ នឹង​កោះប្រជុំ​រួមមួយ ជាមួយ​បណ្ដា​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ និង គណបក្ស​ជា​សម្ពន្ធមិត្ត​ចំនួន​៦​ផ្សេងទៀត នៅ​ថ្ងៃ​ពុធ ខណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សមាជិកសភា មកពី​គណបក្ស​ភឿ​ថៃ ក៏​នឹង​ជួបប្រជុំ​ផងដែរ​។ ដោយឡែក​ការប្រជុំ​រួម​របស់​សមាជិកសភា និង ព្រឹទ្ធសភា អាច​នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃ​សុក្រ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជាថ្មី​។​
ពាណិជ្ជកម្ម

​នៅក្នុង​ការបោះឆ្នោត​សកល​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ គណបក្ស​ឆ្ពោះទៅមុខ (MFP) បានទទួល​សំឡេង​ច្រើនជាងគេ ដោយបាន​ឈ្នះ​អាសនៈ​សភា​ចំនួន​១៥១​នាក់ នៅក្នុង​រដ្ឋសភា​។ ប៉ុន្ដែ​ក្រោយ​បរាជ័យ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ពី​សមាជិកសភា និង ព្រឹទ្ធសភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ខណៈ​នៅ​ថ្ងៃទី​១៩ ខែកក្កដា សភា​បាន​ច្រានចោល​នូវ​ការតែងតាំង​ជាថ្មី​របស់គាត់​រួចមក លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ បានអនុញ្ញាត​ឲ្យ​គណបក្ស​ភឿ​ថៃ ដែលជា​សម្ពន្ធមិត្ត​ធំ​ទី​២ ដោយមាន​អាសនៈ​ចំនួន​១៤១​នាក់ នៅក្នុង​រដ្ឋសភា ដឹកនាំ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​

​សមាជិកសភា​ជាប់ឆ្នោត មកពី​គណបក្សនយោបាយ​ជាច្រើន ដោយមាន​មេដឹកនាំ​របស់ខ្លួន ជា​មន្ដ្រីជាន់ខ្ពស់ នៅក្នុង​រដ្ឋាភិបាលចាំផ្ទះ​របស់លោក​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា (Prayut Chan-o-cha) មេដឹកនាំ​រដ្ឋប្រហារ​យោធា និង សមាជិក​ព្រឹទ្ធសភា ត្រូវបានតែងតាំង មានការ​ព្រួយបារម្ភ អំពី​ចេតនា​របស់​គណបក្ស MFP នៅក្នុង​ការធ្វើ​វិសោធនកម្ម លើ​មាត្រា​ទី​១១២ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវបាន​គេ​ស្គាល់ ថា វា​ជា​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។​

​លោក ភូម​ថា​ម វេចា​យ៉ា​ឆៃ អនុប្រធាន​គណបក្ស​ភឿ​ថៃ បាន​បង្ហោះ អំពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​គណបក្ស​ភឿ​ថៃ នៅលើ​បណ្ដាញ​សង្គម Twitter កាលពី​ថ្ងៃ​ចន្ទ ថា គាត់​បាន​និយាយ​សំដៅទៅ​គណបក្ស​ភឿ​ថៃ ដោយ​រំពឹងទុក ថា នឹង​ក្លាយជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ថ្មី​។ គោលនយោបាយ​នេះ រួមមាន ប្រាក់​ចំនួន​១០ ០០០​បាត (​លុយ​ថៃ​) ឬ​ស្មើនឹង​ប្រហែល ២៩១​ដុល្លារ​អាមេរិក សម្រាប់​កាបូប​ឌីជីថល​របស់​អ្នកបោះឆ្នោត​ទាំងអស់​, ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​អប្បបរមា ចំនួន​៦០០​បាត ឬ​ស្មើនឹង​ប្រហែល ១៧​ដុល្លារ នៅក្នុង​រយៈពេល​៤​ឆ្នាំ​, ប្រាក់បៀវត្សរ៍​ប្រចាំខែ​អប្បបរមា ចំនួន ២០ ០០០​បាត ឬ​ស្មើនឹង​ប្រហែល ៥៨៣​ដុល្លារ​អាមេរិក សម្រាប់​បុគ្គលិក ដែលមាន​សញ្ញា​បរិញ្ញាបត្រ និង ប្រាក់ចំណូល​គ្រួសារ​អប្បបរមា ចំនួន ២០ ០០០​បាត​។​

​ជាមួយគ្នានេះ លោក ណុប​ផា​ដុន ផាត​តា​ម៉ា (Noppadon Pattama) តំណាងរាស្ដ្រ មកពី​គណបក្ស​ភឿ​ថៃ បានបញ្ជាក់ ថា គណបក្ស​ភឿ​ថៃ ទំនងជា​នឹង​តែងតាំង​លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​របស់​សភា​ទាំង​២ នៅ​ថ្ងៃ​សុក្រ​។​គាត់​រំពឹង ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន នឹង​ទទួលបាន​សំឡេងគាំទ្រ ភាគច្រើន ពី​សភា​ទាំង​២ ភ្លាមៗ​តែម្ដង​។​

​លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​អ្នកជំនាញ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​។ អតីត​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ថៃ Sansiri Pcl វ័យ​៦០​ឆ្នាំ​រូបនេះ ក៏​ជាម​នុស្ស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវបាន​ពួកយោធា ធ្វើ​រដ្ឋប្រហារ​បណ្ដេញ ចេញពី​អំណាច នៅក្នុង​អំឡុង​ឆ្នាំ​២០០៦​។​

​បើទោះជា​យ៉ាងណាក៏ដោយ តំណាងរាស្ដ្រ មកពី​គណបក្ស​ភឿ​ថៃ រូបនេះ បាន​ច្រានចោល​សំណើ​របស់​គណបក្ស MFP សម្រាប់​សម្ពន្ធមិត្ត​ទាំងអស់ ត្រូវ​រង់ចាំ រយៈពេល​១០​ខែ សម្រាប់​អាណត្តិ​រយៈពេល​៥​ឆ្នាំ​របស់​សមាជិក​ព្រឹទ្ធសភា ចំនួន​២៤៩​នាក់ នាពេល​បច្ចុប្បន្ន ដែល​ត្រូវបានតែងតាំង នឹងត្រូវ​បញ្ចប់​។ នេះ​មានន័យ ថា ព្រឹទ្ធសភា នឹងមិន​អាច​ចូលរួម​ជាមួយ​សមាជិក​សភា​ជាប់ឆ្នោត ទាំង​៥០០​នាក់ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី បាន​នោះឡើយ​។ ប៉ុន្ដែ​សកម្មភាព​បែបនេះ នឹងធ្វើ​ឲ្យ​ប្រជាជន ធុញទ្រាន់​នឹង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​៕​