ទីភ្នាក់ងារ​ពិសេស​អាមេរិក បាញ់​ស​.​ម្លា​ប់​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​គំរាមកំហែង​ប្រធានាធិបតី​

ព័ត៌មានអន្តរជាតិ
0
20


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រុមមន្ដ្រី​ទីភ្នាក់ងារ​ពិសេស​របស់ FBI បាន​បាញ់សម្លាប់​បុរស​ម្នាក់ នៅក្នុង​រដ្ឋ Utah កាលពី​ថ្ងៃ​ពុធ ខណៈ​ពួកគេ កំពុងតែ​ព្យាយាម​ចាប់ខ្លួន​គាត់ ក្រោម​ការចោទប្រកាន់​ពីបទ​គំរាមកំហែង ប្រឆាំងនឹង​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅមុន​ពេលធ្វើ​ដំណើរ​ទ​ស្សន​កិច្ច​របស់គាត់ ទៅកាន់​រដ្ឋ​មួយ​នេះ​។​

​បណ្ដាញ​ទូរទស្សន៍​របស់​សហរ​ដ្ឋ​អាមេរិក CNN បាន​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែសីហា ថា បើតាម​ប្រភពពី​ក្រុម​អនុវត្ដ​ច្បាប់ បាន​អះអាង ថា ក្រុម​ភ្នាក់ងារ FBI កំពុងតែ​បញ្ជា​ដល់​បុរស​ម្នាក់ ឈ្មោះ ក្រេ​ក រ៉ូ​ប៊ឺ​ត​សុន (Craig Robertson) ខណៈ​គាត់​បាន​ភ្ជង់​កាំភ្លើង តម្រង់​មករក​សមត្ថកិច្ច​។ បុរស​ម្នាក់នេះ បាន​រង​ការចោទប្រកាន់ ពី​ការគំរាមកំហែង ប្រឆាំងនឹង​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) លោក​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស (Kamala Harris) និង រដ្ឋអាជ្ញា​ស្រុក​ម៉ាន់​ហាត​ថា​ន់ (Manhattan) លោក អាល់​វីន ប្រេ​ក (Alvin Bragg) នៅមុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដែល​បាន​គ្រោងទុក ធ្វើដំណើរ​ទៅកាន់​រដ្ឋ Utah ។​

​លោក ក្រេ​ក រ៉ូ​ប៊ឺ​ត​សុន (Craig Robertson) បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់ ពី​ទីភ្នាក់ងារ​សហព័ន្ធន៍ ចំនួន​៣​ករណី រួមទាំង​ការគំរាមកំហែង​ប្រឆាំងនឹង​ប្រធានាធិបតី ក៏ដូចជា ឥទ្ធិពល រារាំង និង ការ​សងសឹក​ប្រឆាំងនឹង​មន្ត្រី​អនុវត្ត​ច្បាប់​សហព័ន្ធន៍ តាមរយៈ​ការគំរាមកំហែង​។ ក្រុមមន្ដ្រី​ស៊ើបអង្កេត បានកត់សម្គាល់ ថា លោក Robertson ហាក់ដូចជា មាន​កាំភ្លើង​លប​បាញ់ និង មាន​អាវុធ​ជាច្រើន​ទៀត​។ ក្រុមមន្ដ្រី​អនុវត្ដ​ច្បាប់​របស់​សហរដ្ឋអាមេរិក ក៏បាន​បាញ់​បុរស​ម្នាក់​នោះ​។
ពាណិជ្ជកម្ម

​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធន៍ (The Federal Bureau of Investigation) ហៅ​កាត់ FBI និង ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្នុង​តំបន់​របស់​សហរដ្ឋអាមេរិក បានបញ្ជាក់ ថា «​ភ្នាក់ងារ​របស់ខ្លួន បាន​ព្យាយាម​បំពេញការងារ​ស្វែងរក និង អនុវត្ដ​ដីកា​ច្បាប់ នៅ​ព្រឹក ថ្ងៃ​ពុធ ដោយបាន​ចូលទៅ​កាន់​លំនៅឋាន​របស់លោក ក្រេ​ក រ៉ូ​ប៊ឺ​ត​សុន (Craig Robertson) ស្ថិតក្នុង​ទីក្រុង Provo (​ប្រូ​វ៉ូ​) រដ្ឋ Utah នា​ភាគខាងត្បូង ទីក្រុង Salt Lake ។​

​ប្រភពពី​កម្លាំង​អនុវត្ត​ច្បាប់ ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា លោក Robertson បាន​ប្រដាប់ ដោយ​អាវុធ ខណៈ​ឧប្បត្តិហេតុ​នោះ កំពុងតែ​កើតឡើង​។ ប៉ុន្ដែ FBI បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​អះអាង ថា ការបាញ់ប្រហារ​នេះ កំពុងតែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​។​

​ទីភ្នាក់ងារ​នេះ បាន​បន្ថែម ថា «FBI នឹង​លើ​យក​ឧប្បត្តិហេតុ​បាញ់ប្រហារ​ទាំងនេះ ពាក់ព័ន្ធ​នឹង​ភ្នាក់ងារ​របស់​យើង ឬ សមាជិក​ក្រុមការងារ ជា​បញ្ហា​ធ្ងន់ធ្ងរ​»​។​

​ការបាញ់ប្រហារ​នេះ បានកើត​ឡើង ចំពេល​មានការ​ភ័យខ្លាច កាន់តែខ្លាំង​ឡើង អំពី​អំពើហិង្សា​ខាង​នយោបាយ នៅ​សហរដ្ឋអាមេរិក ជាពិសេស ក្រោយ​ការវាយប្រហារ ទៅលើ​វិមាន​កា​ពី​តូ​ល​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ រហូតមក​។​


​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ ប្រឆាំងនឹង​រូបគាត់ បាន​គូសបញ្ជាក់ អំពី​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ លោក Robertson បានបង្ហាញ អំពី​បំណងប្រាថ្នា​ដ៏​ឃោរឃៅ ចំពោះ​គូប្រជែង​តាម​ការយល់ឃើញ​របស់​អតីត​ប្រធានាធិបតី​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។​

​ឯកសារ​ចោទប្រកាន់ អះអាង ថា លោក Robertson បានលើកឡើង នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ចន្ទ ដោយនិយាយ ថា គាត់​បានដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន មកកាន់​រដ្ឋ Utah ហើយនឹង​ត្រូវតែ​សម្អាត​ធូលី ចេញពី​កាំភ្លើង M24​។ លោក បៃ​ដិ​ន បាន​ឈប់សម្រាក់ នៅ​រដ្ឋ Utah កាលពី​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ នៃ​ដំណើរ​ឆ្លងកាត់​រដ្ឋ នា​ភាគ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក​។​

​នៅក្នុង​ការ​បង្ហោះ​សារ កាលពីមុន នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២២ លោក Robertson បាន​អះអាង ថា «​ពេលវេលា​គឺ​ត្រឹមត្រូវ សម្រាប់​ការធ្វើឃាត​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ហើយ​បន្ទាប់មក គឺ​អនុ​ប្រធានាធិបតី លោកស្រី កា​ម៉ា​ឡា ហារី​ស​!!! ។​

​លោក ប្រេ​ក ជា​រដ្ឋអាជ្ញា ដែល​បាន​ចោទប្រកាន់ ពីបទ​ព្រហ្មទណ្ឌ​ជា​លើកដំបូង ប្រឆាំងនឹង​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ទីក្រុង​ញូវយ៉ក ក៏​ជា​គោលដៅ​ផងដែរ​។ នេះ​បើ​យោងតាម​ឯកសារ​របស់​តុលាការ​។ FBI បាន​អះអាង ថា ទង្វើ​នេះ ត្រូវបាន​ព្រមាន អំពី​សកម្មភាព​របស់​លោក Robertson នៅក្នុង​ខែមីនា ក្រោយពេល​គាត់​បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម Truth Social អំពី​ការចង់​ដាក់​ដ៏​រន្ធត់ នៅលើ​ថ្ងាស​របស់លោក Bragg ៕​