សហរដ្ឋអាមេរិក ចេញ​បទបញ្ជា​ថ្មី​លើ​បច្ចេកវិទ្យា​ដ៏​រសើប​របស់ខ្លួន រាំងខ្ទប់​ចិន​យកទៅ​ប្រើ​លើ​វិស័យ​យោធា

ព័ត៌មានអន្តរជាតិ
0
14


​រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​ការទូត រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង កាន់តែ​តានតឹង​ខ្លាំង​ឡើង ហើយ​ឥឡូវនេះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) កំពុងតែ​ចាប់ផ្ដើម​រឹតបន្ដឹង ដល់​ការវិនិយោគទុន​របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​ចិន ជាពិសេស វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដ៏រ​សើ​បំផុត​។​

​សារព័ត៌មាន Channel News Asia មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​សិង្ហ​បុរី បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ (​ទី​៩ ខែសីហា​) បានចេញ​បទបញ្ជា​ប្រតិ​ប​ត្ដិ​ការ​មួយ មាន​គោលបំណង ដាក់​កម្រិត លើ​ការវិនិយោគទុន​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ជុំវិញ​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​ដ៏​រសើប នៅក្នុង​ប្រទេស​ចិន​។ បទបញ្ជា​នេះ នឹង​ក្លាយជា​វិធានការ​មួយ រឹតត្បិត​ដល់​ទំនាក់ទំនង រវាង​ប្រទេស​មហា​សេដ្ឋកិច្ច​កំពូល​ទាំងពីរ​របស់​ពិភពលោក​។​


​ច្បាប់​ដែល​បាន​ទន្ទឹងរង់ចាំ អស់​រយៈពេល​ជា​យូរ​មកហើយ​នេះ នឹង​ត្រូវគេ​រំពឹង ថា នឹង​ចាប់ផ្ដើម​អនុវត្ត នៅក្នុង​ឆ្នាំ​២០២៣ ហើយនឹង​កំណត់​លើ​វិស័យ​ជាច្រើន ដូចជា Semiconductor និង បញ្ញា​សិប្ប​និ​មិ្ម​ត ស្របពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ព្យាយាម កំណត់​នូវ​ការចូល​មកប្រើប្រាស់​បច្ចេក​វិទ្យា​សំខាន់ៗ​ជាច្រើន​របស់​សហរដ្ឋ​អាមេរិក​។​

​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានបញ្ជាក់ នៅក្នុង​លិខិត​មួយ ផ្ញើជូន​មេដឹកនាំ​សភា អំពី​ការប្រកាស​បទបញ្ជា​ប្រតិបត្តិ​នេះ ថា «​ការប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​ការវិនិយោគ ក្លាយជា​មូលដ្ឋានគ្រឹះ សម្រាប់​គោលនយោបាយ​សេដ្ឋកិច្ច​របស់​យើង ហើយ​វា​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន សម្រាប់​សហរដ្ឋអាមេរិក ផងដែរ​»​។​

​បើទោះជា​យ៉ាងណាក៏ដោយ ការវិនិយោគ​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក អាច​បង្កើនល្បឿន និង បង្កើន​នូវ​ជោគជ័យ សម្រាប់​ការអភិវឌ្ឍ​បច្ចេកវិទ្យា និង ផលិតផល​ដ៏​រសើប នៅក្នុង​ប្រទេស​ជាច្រើន ដែល​អភិវឌ្ឍ​បច្ចេកវិទ្យា​ទាំងនោះ សម្រាប់​ប្រឆាំងនឹង​សហរដ្ឋអាមេរិក ហើយ​សមត្ថភាព​របស់​សម្ពន្ធមិត្ត​។​

​បើតាម​ក្រសួង​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង ថា «​កម្មវិធី​នេះ ត្រូវបាន​កំណត់ ដើម្បី​ហាមឃាត់​ដល់​សមភាព​ឯកជន ការបណ្តាក់ទុន និង ការវិនិយោគ​រួមគ្នា នៅក្នុង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​កម្រិត​ខ្ពស់ និង បច្ចេកវិទ្យា​ព័ត៌មាន​មួយចំនួនទៀត នៅក្នុង​ប្រទេស​ចិន​។ អ្វីដែល​យើង​កំពុងតែ​និយាយ ជា​វិធីសាស្ត្រ​តូចចង្អៀត និង គិតគូរ ខណៈ​យើង​ព្យាយាម​រារាំង​ដល់​ប្រទេស​ចិន អំពី​ការទទួលបាន និង ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត សម្រាប់​លើកកម្ពស់ ដល់​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន និង ធ្វើឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។​

​ដោយឡែក ប្រទេស​ចិន បានបញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការបញ្ជាទិញ ហើយ​ថា ចិន​នៅតែ​រក្សា​សិទ្ធិ នៅក្នុង​ការចាត់វិធានកា​រតបត​វិញ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​ចិន បាន​អះអាង ថា បទបញ្ជា​នេះ នឹង​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការធម្មតា និង ការសម្រេចចិត្ត​របស់​សហគ្រាស ហើយ​វា​ធ្វើឱ្យ​ខូច​ដល់​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​អន្តរជាតិ​។ ប៉ុន្ដែ​ចិន នៅតែ​សង្ឃឹម ថា សហរដ្ឋអាមេរិក នឹង​គោរព​ច្បាប់​សេដ្ឋកិច្ច​ទីផ្សារ និង គោលការណ៍​ប្រកួតប្រជែង ដោយ​យុត្តិធម៌​។​

​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក កំពុងតែ​ពិចារណា លើ​តម្រូវការ​ការជូនដំណឹង សម្រាប់​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក នៅក្នុង​អង្គភាព​របស់​ចិន ពាក់ព័ន្ធ​នឹង​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​កម្រិត​ខ្ពស់ និង សកម្មភាព​ទាក់ទង​នឹង​ប្រភេទ​មួយចំនួន នៃ​បញ្ញា​សិប្បនិម្មិត​។ ចិន អាច​ទាញយក​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក សម្រាប់​បង្កើន​សមត្ថភាព​របស់ខ្លួន នៅក្នុង​ការផលិត​បច្ចេក​វិទ្យា​ដ៏​រសើប ហើយ​វា​មាន​សារៈសំខាន់ សម្រាប់​ការធ្វើ​យោ​ធូប​នីយកម្ម​ឲ្យ​កាន់តែ​ទំនើប​បន្ថែមទៀត​។ ប៉ុន្ដែ​គេ​រំពឹង ថា សហរដ្ឋអាមេរិក នឹង​បង្កើត​ករណី​លើកលែង សម្រាប់​ការវិនិយោគទុន​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ទៅក្នុង​មូល​ប​ត្រ ដែល​បាន​ជួញដូរ​ជា​សាធារណៈ និង ការផ្ទេរ​ប្រាក់​ពី​ឪពុកម្តាយ​របស់​អាមេរិកាំង ទៅកាន់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​៕​