សហរដ្ឋអាមេរិក ប្ដេជ្ញា​ជាថ្មី​អំពី​ចំណង​យោធា​ដ៏​រឹងមាំ ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​

ព័ត៌មានអន្តរជាតិ
0
12



​រាជធានី​រី​យ៉ា​ដ (Riyadh)៖ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវាចម្បាំង​ដ៏​ទំនើប ចំនួន​២​គ្រឿង និង កម្លាំង​ទាហាន​ម៉ា​រី​ន ជាង​៣​ពាន់​នាក់ ទៅ​ដាក់ពង្រាយ នៅ​សមុទ្រ​ក្រហម ចំពេល​មានការ​គំរាមកំហែង​កាន់តែខ្លាំង​ឡើង ពី​អ៊ីរ៉ង់ និង រុស្ស៊ី នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​ឥឡូវនេះ មន្ទីរ​បញ្ច​កោណ បាន​អះអាង​ជាថ្មី អំពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ចំណង​ទំនាក់ទំនង​យោធា​ដ៏​រឹងមាំ ជាមួយនឹង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែសីហា ថា មន្ទីរ​បញ្ច​កោណ នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ (​ទី​៩ ខែសីហា​) ថា សហរដ្ឋអាមេរិក បាន​ធានា​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ដល់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចំពោះ​ចំណង​ទំនាក់ទំនង​យោធា​ដ៏​រឹងមាំ ជាមួយនឹង​ព្រះរាជាណាចក្រ​នៅ​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​។

​ប្រធាន​គោលនយោបាយ​កំពូល​របស់​មន្ទីរ​បញ្ច​កោណ បានធ្វើ​អត្ថាធិប្បាយ​បែបនេះ នៅក្នុង​អំឡុងពេល​និយាយ​តាម​ទូរស័ព្ទ ជាមួយ​ព្រះអង្គម្ចាស់ អាប់​ឌូ​ល​រ៉ា​ម៉ាន់ ប៊ី​ន អាយ​យ៉ា​ហ្វ អាល់​-​មូ​គ្រី​ន​( Abdulrahman bin Ayyaf al-Muqrin) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិរ​បស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​លោក​វរសេនីយ៍ ម៉ា​ទីន មេ​ន័​រស៍ (Martin Meiners) អ្នកនាំពាក្យ មន្ទីរ​បញ្ច​កោណ បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​លោកស្រី សា​សា អិន​. បេ​ឃ័​រ (Sasha N. Baker) អនុរដ្ឋមន្ត្រី មន្ទីរ​បញ្ច​កោណ ទទួលបន្ទុក​គោលនយោបាយ បាន​សាទរ​ដល់​សម​ភាគី​រប​ស់លោក​ស្រី ចំពោះ​ការតែងតាំង កាលពីពេល​ថ្មីៗ​នេះ​។ លោកស្រី​អនុរដ្ឋមន្ដ្រី ក៏បាន​អះអាង​ឡើងវិញ អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ចំពោះ​ភាពជា​ដៃគូ​ការពារជាតិ​ដ៏​រឹងមាំ ជាមួយនឹង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​»​។​

​អ្នកនាំពាក្យ ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក រូបនេះ បាន​បន្ថែម ថា មន្ត្រី​ទាំងពីរ​ប្រទេស​នេះ ក៏បាន​គូសបញ្ជាក់ អំពី​ការ​ស៊ូទ្រាំ និង សារៈសំខាន់ សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​សហរដ្ឋអាមេរិក និង អា​រ៉ា​ប៊ី​សា​អូឌីត អស់​រយៈពេល​ជាង​៨០​កន្លងមកនេះ​។​

​កាលពីដើមឆ្នាំ​២០២៣ សហរដ្ឋអាមេរិក និង អា​រ៉ា​ប៊ី​សា​អូឌីត បានបញ្ចប់​នូវ​សមយុទ្ធ ប្រឆាំងនឹង​ដ្រូ​ន​រួមគ្នា ជា​លើកដំបូង​របស់​ប្រទេស​ទាំង​២ នៅឯ​មជ្ឈមណ្ឌល​សាកល្បង​យោធា​ថ្មី ស្ថិតក្នុង​រាជធានី​រី​យ៉ា​ដ​។ កងទ័ព នៃ​ប្រទេស​ទាំង​២​នេះ កាលពី​ចុងខែ​ឧសភា កន្លងទៅ ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ សមយុទ្ធ Eagle Resolve 23 ត្រូវបាន​រៀ​បំ​ឡើង សម្រាប់​ពង្រឹង​សមូហភាព រវាង​សហរដ្ឋអាមេរិក​-​អា​រ៉ា​ប៊ី​សា​អូឌីត និង ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) របស់​ប្រទេស​ជា​ដៃគូ ក៏ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​អន្តរ​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង ដើម្បី​រួមចំណែក​ជួយ​ដល់​ស្ថិរភាព នៅក្នុង​តំបន់​។​

​មន្ទីរ​បញ្ច​កោណ បានបញ្ជាក់ ថា នេះ​ជា​លើកដំបូង ដែល​សមយុទ្ធ​ពហុ​ដែន បាន​ផ្តោត​ជា​ចម្បង​លើ​កិច្ចការពារ​ដែនអាកាស មី​ស៊ី​ល និង ការរារាំង​នៅ​ដែនសមុទ្រ​។​

​កង​នាវា​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏បាន​រួម​ដំណើរ​ជាមួយ​នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក ដែល​ទើបនឹង​ដាក់ពង្រាយ នៅ​សមុទ្រ​ក្រហម​។ ទាហាន​ម៉ា​រី​ន​របស់​សហរដ្ឋអាមេរិក ជាង ៣០០០​នាក់ និង នាវា​ពិឃាដ បំពាក់​ដោយ​មី​ស៊ី​ល​ដឹកនាំ បាន​ទៅដល់​តំបន់​មជ្ឈិមបូព៌ា កាលពី​ថ្ងៃអាទិត្យ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ និង រុស្ស៊ី នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​អ្វី​ដែលជា​ផ្នែក​មួយ នៃ​ការដាក់​ពង្រាយ នៅមុន​ការប្រកាស​៕​