Mokèlé-mbèmbé គឺជាឈ្មោះដែលគេផ្តល់ជូនសម្រាប់សត្វចម្លែក ដែលគេជឿជាក់ថា កំពុងរស់នៅក្នុងអាងទន្លេលើនៃទន្លេកុងហ្គោ ដែលហូរកាត់ប្រទេសកុងហ្គោ និងការូម ក៏ដូចជានៅក្នុងបឹង Lake Tele ប្រទេសកុងហ្គោ ហើយនិងតំបន់ក្បែរៗនោះ អស់រយៈពេលរាប់សិបលានឆ្នាំមកហើយ។លោក Paul Ohlin គឺជាសាសនាទូត ដែលបានចំណាយពេលជាច្រើនទសវត្សរ៍នៅប្រទេសកុងហ្គោ និងអាហ្វ្រិកកណ្តាលនោះ បាននិយាយថាឈ្មោះសត្វចម្លែកមួយនេះដកស្រង់ចេញពីភាសា Lingala ឬគេហៅម្យ៉ាងទៀតថា ជាសត្វឥន្ធនូ។ជាច្រើនឆ្នាំកន្លងមកនេះ ការរៀបរាប់ជាច្រើនពីភិនភាគរូបរាងរបស់សត្វចម្លែក Mokèlé-mbèmbé ត្រូវបានផ្តល់ជូន។
ឯកសារមួយចំនួន បានអះអាងថា សត្វចម្លែកមួយនេះ មានមាឌធំខ្លាំងណាស់ ហើយមានក.វែងតែក្បាលតូច ក៏ដូចជាកន្ទុយវែង។ ឯកសារខ្លះទៀត បាននិយាយថា សត្វចម្លែក Mokèlé-mbèmbé គឺជាសត្វស៊ីរុក្ខជាតិជាចំណី ដែលរស់នៅតាមរូងក្បែរដងទន្លេ ជាកន្លែងដែលពួកវាអាចស្វែងរកចំណីបានយ៉ាងងាយស្រួល ។ថ្វីត្បិតតែវាជាសត្វមិនស៊ីសាច់ជាចំណីយ៉ាងណាក្តី តែគេគិតថា សត្វចម្លែក Mokèlé-mbèmbé គឺជាសត្វកាចសាហាវបំផុតបើសិនជាមនុស្សហ៊ានចូលទៅជិតវា។ នៅក្នុងឯកសារមួយ បានអះអាងថា សត្វអម្បូរនេះ មានស្នែងតែ១ប៉ុណ្ណោះ ដូចគ្នានឹងសត្វរមាសអញ្ចឹងដែរ គឺជាស្នែងមួយដែលអាចសម្លាប់សត្វដំរីបាន។ទោះបីជាយ៉ាងណាក៏ដោយមាននូវអំណះអំណាងមួយចំនួនទៀត ថា សត្វ Mokèlé-mbèmbé គឺជាសត្វដែលគ្រាន់តែមាននៅក្នុងរឿងព្រេងប៉ុណ្ណោះ ពោលគឺវាគ្មានរូបរាងពិតប្រាកដនោះទេ។ប៉ុន្តែ របាយការណ៍ដំបូងពីវត្តមានរបស់សត្វ Mokèlé-mbèmbé ដែលគេបានប្រទះឃើញដានដោយលោកខាងលិចនោះ មានតាំងពីឆ្នាំ១៧៧៦មកម្ល៉េះ ហើយវាត្រូវបានចែកចាយដល់សាសនាទូតបារាំងប្រចាំនៅតំបន់ទន្លេកុងហ្គោ ដោយសាសនាទូត Liévin-Bonaventure Proyart ។លោក Proyart បានអះអាងថា លោកបានឃើញដានជើងដ៏ធំមួយដែលមានប្រវែងអង្កត់ផ្ចិត១ម៉ែត្រ ជាមួយនឹងដានក្រញ៉ាំទៀតផង របស់សត្វនៅក្នុងតំបន់នោះ។ សត្វមួយក្បាលនេះបានបន្សល់ទុកដានជើងទាំងនេះ តែគេមិនបានឃើញវាដោយផ្ទាល់ភ្នែកនោះទេ។
ក្រុមអ្នកស្រាវជ្រាវ បានអះអាងថា បើសិនជាសត្វចម្លែក Mokèlé-mbèmbé បានរស់រានដោយគ្មានការផ្លាស់ប្តូនៅអាងទន្លេលើនៃទន្លេកុងហ្គោ អស់រយៈពេល៦៥លានឆ្នាំកន្លងមកនេះពិតមែន នោះប្រហែលជាពួកវាមានមាឌធំៗមិនចាញ់សត្វដាយណូស័រ ប៉ុន្មាននោះទេ៕