កាលពីឆ្នាំ២០១៦ ក្រុមតារាវិទូបានរកឃើញភព Proxima b ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិត ហើយភពនេះធ្វើដំណើរវិលជុំវិញផ្កាយ Proxima Centauri ដែលមានចម្ងាយត្រឹមតែ៤.២ឆ្នាំពន្លឺពីផែនដី។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបានទទួលសញ្ញាទី២ ដែលគេជឿថាមានភពធំមួយដែលស្រដៀងនឹងភពផែនដី កំពុងវិលជុំវិញផ្កាយដដែលនេះផងដែរ។ ផ្កាយ Proxima Centauri គឺជាផ្កាយដែលនៅជិតព្រះអាទិត្យរបស់យើងជាងគេ ហើយផ្កាយនេះស្ថិតក្នុងប្រព័ន្ធតារាភ្លោះ Alpha Centauri។
កាលពីពេលថ្មីៗនេះ របកគំហើញថ្មីមួយបានបង្ហាញថា ភពទី២នេះដែលមានឈ្មោះថា Proxima c គឺអាចជាភពផែនដីធំ ពីព្រោះម៉ាស់របស់វាមានទំហំធំជាងភពផែនដីរបស់យើង ប៉ុន្តែវាមានទំហំតូចជាងភពអ៊ុយរ៉ានុសនិងភពណិបទូន។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ភពថ្មីមួយនេះអាចចំណាយពេល៥.២ឆ្នាំនៃផែនដី ទើបអាចវិលជុំវិញផ្កាយរបស់វាបានមួយជុំ។ គួររម្លឹកផងដែរថា ភព Proxima b ដែលជាភពរកឃើញដំបូងគេនៃផ្កាយ Proxima Centauri គឺមានទំហំតូចជាង៦ដងនិងនៅជិតផ្កាយរបស់វា៣០ដងជាងភពថ្មី Proxima c ហេតុដូច្នេះទើបនាំឲ្យវាមានសីតុណ្ហភាពក្ដៅជាងភពថ្មី នេះបើតាមសម្ដីរបស់ក្រុមអ្នកស្រាវជ្រាវ។
បើនិយាយពីភពទាំងពីរនៃផ្កាយ Proxima Centauri វិញ ភព Proxima b ស្ថិតក្នុងតំបន់ដែលអាចទទ្រង់ជីវិតដូចគ្នា ប៉ុន្តែភពនេះស្ថិតនៅក្រោមកត្តាមិនសូវអំណោយផល ដូចជាវាទទួលកាំរស្មី UV និងកាំរស្មី X ដែលមានអាំងតង់ស៊ីតេ១០០ដងនៃអ្វីដែលភពផែនដីរបស់យើងបានទទួលពីព្រះអាទិត្យ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភពថ្មីពិតជាគួរឲ្យចាប់អារម្មណ៍ ពីព្រោះការសិក្សាបន្ថែមអាចនឹងបង្ហាញពីរបៀបភពដែលមានម៉ាស់ទាបអាចកកើតឡើងនៅជុំវិញផ្កាយដែលមានម៉ាស់ទាបដូចនេះ៕