រដ្ឋធានីប៊ែរឡាំង៖ រុស្ស៊ី រកបានប្រាក់ចំណូល ពីវិស័យប្រេង និង ឧស្ម័ន ក្នុង១ថ្ងៃៗ ប្រហែល១ពាន់លានដុល្លារសហរដ្ឋអាមេរិក និង មានចំណូលពីការនាំចេញមាស ប្រហែលជាង១០ពាន់លាន ក្នុង១ឆ្នាំៗ ហើយបច្ចុប្បន្ន ប្រាក់ចំណូលពីវិស័យទាំងនេះ កំពុងតែត្រូវប្រឈមមុខយ៉ាងខ្លាំង ដោយសារទណ្ឌកម្ម ពីបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជុំវិសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន។
សារព័ត៌មាន Politico បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ថា ប្រទេសមហាអំណាចសេដ្ឋកិច្ច G7 នឹងហាមឃាត់នូវការនាំចូលមាសរបស់រុស្ស៊ី នៅក្នុងការរឹតបន្តឹងបន្ថែមទៀតរបស់បណ្ដាប្រទេសលោកខាងលិច ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមដ៏ឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា មេដឹកនាំ នៃប្រទេសអ្នកមានបំផុត នៅលើពិភពលោក នឹងប្រកាស អំពីបម្រាម លើការនាំចូលមាស មកពីប្រទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុងមូនិច (Munich) រដ្ឋប្រាវ៉ារៀ (Bavaria) ប្រទេសអាល្លឺម៉ង់។
សហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេស G7 នឹងហាមឃាត់ដល់ការនាំចូលមាសរបស់រុស្ស៊ី ជាមួយនឹងគោលបំណងរឹតបន្តឹងដល់ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងម៉ូស្គូ ដែលបានបន្ដវាយប្រហារ ដោយមីស៊ីល ទៅលើរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានវាយដណ្ដើមបានទឹកដី នៅក្នុងតំបន់លូហាន់ស្ក៍ (Luhansk) នាភាគខាងកើត ប្រទេសនេះ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ខណៈមេដឹកនាំប្រទេសអ្នកមានបំផុត នៅលើពិភលោក កំពុងជួបប្រជុំកំពូល នៅក្នុងប្រទេសអាល្លឺម៉ង់ ថា «ប្រទេស G7 រួបរួមគ្នា នឹងប្រកាសថា យើងនឹងហាមឃាត់នូវការនាំចូលមាស មកពីរុស្ស៊ី។ បម្រាមនេះ នឹងធ្វើឲ្យរុស្ស៊ី បាត់បង់ប្រាក់ចំណូល ជាង១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញមាស»។
ទណ្ឌកម្មលើការនាំចូលមាសនេះ បានផ្ដួចផ្ដើមគំនិតឡើង ដោយចក្រភពអង់គ្លេស ហើយប្រទេសជាសមាជិកផ្សេងទៀត ក៏បានគាំទ្រ រួមមាន កាណាដា ជប៉ុន និង សហរដ្ឋអាមេរិក។ ការនាំចេញមាស ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រទេសរុស្ស៊ី ទាក់ទងនឹងសមត្ថភាពរបស់ក្រុងមូស្គូ នៅក្នុងប្រតិបត្តិការជាមួយប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ កាលពីឆ្នាំមុន មាសមានតម្លៃ ១៥,៤៥ពាន់លានដុល្លារ ត្រូវបាននាំចេញពីប្រទេសរុស្ស៊ី ហើយមហាសេដ្ឋីរុស្ស៊ី បានទិញយ៉ាងច្រើន ដើម្បីបញ្ចៀស ពីផលប៉ះពាល់ នៃទណ្ឌកម្មរបស់លោកខាងលិច។
លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ ថា «បម្រាមលើមាសនេះ នឹងប៉ះពាល់ដោយផ្ទាល់ទៅលើមហាសេដ្ឋីរុស្ស៊ី និង វាយប្រហារ ចំបេះដូង នៃមេគំនិតសង្គ្រាមរបស់លោក ពូទីន។ ចក្រភពអង់គ្លេស និងសម្ពន្ធមិត្តរបស់យើង កំពុងតែធ្វើដូច្នេះ គឺយើងត្រូវការកាត់ផ្ដាច់មូលនិធិ ចេញពីរបបរបស់លោក ពូទីន»។
បណ្តាប្រទេសលោកខាងលិច បានពង្រីកនូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំង ប្រឆាំងនឹងក្រុងមូស្គូ ដោយផ្តោតលើហិរញ្ញវត្ថុ រួមទាំងការបង្កកទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ី ដើម្បីរារាំងដល់ការចូលទៅកាន់កាប់ទុនបម្រុងរូបិយប័ណ្ណបរទេស។ ជាមួយគ្នានេះដែរ មេដឹកនាំសហភាពអឺរ៉ុប កាលពីដើម ខែមិថុនា បានព្រមព្រៀងគ្នា កាត់បន្ថយនូវការនាំចូលប្រេង ពីរុស្ស៊ី រហូតដល់ ៩០ភាគរយ នៅចុងឆ្នាំនេះ។ នេះជាការកាត់បន្ថយមូលនិធិដ៏សំខាន់ សម្រាប់ក្រុងមូស្គូ នៅក្នុងការធ្វើសង្គ្រាម នៅអ៊ុយក្រែន៕