រដ្ឋធានីកៀវ៖ ដោយសារតែអាជ្ញាធរ លើកបន្ដុប ដោយក្រុងមូស្គូ បានរំពឹងទុក ពីសកម្មភាពរបស់កងទ័ពអ៊ុយក្រែន វាយលុកមកយ៉ាងលឿន ដើម្បីរំដោះទឹកដីរបស់ពួកគេ នៅតំបន់ឃើរសុននោះ ទើបពួកគេ បានប្រាប់ដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រត់ភៀសខ្លួនចេញជាបន្ទាន់។
សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ថា អាជ្ញាធរ លើកបន្ដុប ដោយក្រុងមូស្គូ នៅក្នុងតំបន់ឃើរសុន ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន បានជំរុញឲ្យប្រជាជន ចាកចេញជាបន្ទាន់ ដោយសារតែពួកគេគិត ថា អ៊ុយក្រែន អាចនឹងវាយលុកមកយ៉ាងលឿន ដើម្បីរំដោះដែនដី នៅក្នុងតំបន់នេះ។
ការណែនាំរបស់អាជ្ញាធរ គាំទ្រដោយរុស្ស៊ី បានកើតឡើង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី បានថ្លែង ថា កម្លាំងទាហានរុស្ស៉ី បានបាញ់ផ្លោងគ្រាប់រ៉ុក្កែត ចំនួន៣៦គ្រាប់ កំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងអ៊ុយក្រែន។ សកម្មភាពយោធារបស់ក្រុងមូស្គូ បនបណ្ដាលឱ្យកាត់ផ្ដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុននេះ។
អាជ្ញាធរ លើកបន្ដុបដោយក្រុងមូស្គូ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ី ថា « បច្ចុបប្បន្ន ស្ថានការណ៍ នៅលើសមរភូមិ កំពុងតែប្រឈមមុខនឹងភាពតានតឹងខ្លាំងឡើង ដោយសារតែការបាញ់ផ្លោង ស្រោចមកលើទីក្រុង មានសភាពខ្លាំងក្លា ហើយការគំរាមកំហែង ពីការវាយប្រហារភេរវកម្ម លើជនស៊ីវិល កាន់តែធ្ងន់ធ្ងរឡើយ។ ដោយសារតែស្ថានភាពសុវត្ថិភាព កាន់តែអាក្រក់ឡើងបែបនេះ ទើបអាជ្ញាធរ ជំរុញឲ្យប្រជាជន ត្រូវតែចាកចេញពីទីក្រុងនេះ ជាបន្ទាន់ ដោយឆ្លងទៅកាន់ច្រាំងខាងឆ្វេង នៃទន្លេឌីនីប្រូ»។
អាជ្ញាធររុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន បានជម្លៀស ប្រជាជនចេញពីតំបន់ឃើរសុន ជាបន្តបន្ទាប់ ប្រមាណ ២៥ ០០០នាក់ បានឆ្លងទន្លេឌីនីប្រូ។ សកម្មភាពនេះ បានកើតឡើង ក្រោយពេលលោក ស៊ើរហ្គេ ស៊ូរ៉ូវីគីន (Sergey Surovikin)មេទ័ពកំពូលទទួលបន្ទុកសង្គ្រាម បានទទួលស្គាល់ពីការលំបាក ទាំងយោធា និង ជនស៊ីវិល នៅក្នុងតំបន់ឃើរសុន៕