រដ្ឋធានីហ្សាការតា៖ បើទោះជា ចិន នៅតែបន្ដបង្កើនសម្ពាធយោធា ប្រឆាំងនឹងតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានមកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា រហូតមកដល់ពេលនេះយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ចក្រភពអង់គ្លេស នៅតែបន្ដគាំទ្រ ដល់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះដដែល។
សារព័ត៌មាន Taipei News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈធ្វើដំណើរទៅចូលរួមប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ថា «ខ្ញុំបានបដិសេធការបញ្ជូនគ្រឿងសព្វាវុធ ទៅកាន់កោះតៃវ៉ាន់ ដោយសារតែរដ្ឋាភិបាលរបស់ខ្ញុំ ត្រូវត្រួតពិនិត្យឡើងវិញ លើគោលនយោបាយការបរទេស ការពារជាតិ និង សន្ដិសុខរបស់ចក្រភពអង់គ្លេស។ ប៉ុន្ដែយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់គាំទ្រតៃវ៉ាន់ តាមអ្វីដែលយើងធ្វើបាន នៅក្នុងការក្រោកឈរឡើង ប្រឆាំងនឹងការឈ្លានពានរបស់ចិន»។
លោក ចន ប៊ូ (John Bew) ទីប្រឹក្សាពិសេស ផ្នែកគោលនយោបាយការបរទេសរបស់លោក ស៊ូណាក់ កំពុងតែធ្វើបច្ចុប្បន្នភាព លើសន្ដិសុខ ការពារជាតិ និង កិច្ចការបរទេស កាលពីឆ្នាំកន្លងទៅ ហើយរំពឹងថា នឹងចេញសេចក្ដីរាយការណ៍ នៅចុងឆ្នាំនេះ។
លោក Sunak បានបន្ថែម ថា «សម្រាប់ទស្សនៈរបស់ខ្ញុំ គឺថា ប្រទេសចិន បង្កបញ្ហាជាប្រព័ន្ធចំពោះតម្លៃ និង ផលប្រយោជន៍របស់យើង ហើយក្រុងប៉េកាំង បង្ហាញការគំរាមកំហែង ផ្អែកលើរដ្ឋដ៏ធំបំផុត សម្រាប់សន្តិសុខសេដ្ឋកិច្ចរបស់យើង»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ដ្រី បង្ហាញពីក្ដីសង្ឃឹម ថា នឹងមានឱកាសពិភាក្សា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។ ប៉ុន្ដែនៅក្នុងខែនេះដែរ លោក ហ្គ្រេគ ហែនស៍ (Greg Hands) រដ្ឋមន្ដ្រីគោលនយោបាយពាណិជ្ជកម្ម បានធ្វើដំណើរទៅកាន់តៃវ៉ាន់ សម្រាប់ការចរចា ទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការផ្ទុះជំងឺកូវីដមក។ លោករដ្ឋមន្ដ្រី បានបញ្ជាក់ ថា ដោយសារតែសេដ្ឋកិច្ចជឿនលឿន និង បច្ចេកវិទ្យាជាន់ខ្ពស់ ទើបតៃវ៉ាន់ ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ចក្រភពអង់គ្លេស៕