រាជធានីឡុងដ៍៖ ការសម្រេចចិត្តធ្វើសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាន និង កំពុងធ្វើឲ្យរុស្ស៊ី ខ្លួនឯង រងសម្ពាធគ្រប់បែបយ៉ាង ពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្ត រហូតឈានដល់ការបណ្ដេញមន្ដ្រីរបស់ក្រុងមូស្គូ រាប់រយនាក់ ចេញពីតំបន់អឺរ៉ុប ដោយសារតែការជាប់សង្ស័យ ធ្វើចារកម្ម។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថា លោក ខេន ម៉ាកកាល់លូម (Ken McCallum) អគ្គនាយក ទីភ្នាក់ងារសន្ដិសុខរបស់ចក្រភពអង់គ្លេស ដែលគេស្គាល់ MI5 បានបញ្ជាក់ ថា ការបណ្ដេញចារកម្មរុស្ស៊ី ជាង៤០០នាក់ ចេញពីតំបន់អឺរ៉ុប នៅឆ្នាំនេះ ក៏ជាការប្រហារមួយយ៉ាងដំណំ លើយុទ្ធសាស្ដ្រដ៏សំខាន់បំផុត ប្រឆាំងនឹងក្រុងមូស្គូ នៅប្រវត្ដិសាស្ដ្រ មិនធ្លាប់មាន ហើយសកម្មភាពបែបនេះ បានធ្វើឲ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។
លោកប្រមុខទីភ្នាក់ងារសន្ដិសុខ MI5 រូបនេះ បានថ្លែង នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ ស្តីពីការគំរាមកំហែង ដល់ចក្រភពអង់គ្លេស ថា មន្ត្រីរុស្ស៉ី ប្រហែលជាង៦០០នាក់ ត្រូវបានបណ្តេញចេញ ពីបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក ហើយក្នុងនោះមានជាង៤០០នាក់ នៅទូទាំងតំបន់អឺរ៉ុប ដោយសារការវិនិច្ឆ័យ ថា ពួកគេជាអ្នកស៊ើបការណ៍សម្ងាត់។ នេះជាសកម្មភាពប្រឆាំងនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រុងមូស្គូ។
លោកអគ្គនាយក ទីភ្នាក់ងារសន្ដិសុខ បានបន្ដ ថា ចក្រភពអង់គ្លេស បានបដិសេធពាក្យស្នើសុំទិដ្ឋាការការទូតរបស់រុស្ស៊ី ជាង១០០នាក់ ដោយផ្អែកលើមូលដ្ឋានសន្តិសុខជាតិ ចាប់តាំងពីឆ្នាំ២០១៨ ចំពេលអតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី លោក ស៊ើរហ្គេ ស្គ្រីប៉ាល់ (Sergei Skripal) និង កូនស្រីរបស់គាត់ បានប្រព្រឹត្តល្មើសច្បាប់រដ្ឋបាល ប្រឆាំងនឹងចក្រភពអង់គ្លេស។
ចាប់តាំងពីក្រុងមូស្គូ បានសម្រេចចិត្តធ្វើសង្គ្រាម ប្រឆាំងនឹងប្រទេសជិតខាង កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ចក្រភពអង់គ្លេស បានដើរយ៉ាងសំខាន់មួយ បន្ទាប់ពីសហរដ្ឋអាមេរិក ជួយផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ មានតម្លៃរាប់ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន៕