រាជធានីបាងកក៖ ក្នុងជំនួប មុនកិច្ចប្រជុំកំពូលរបស់កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC ដែលជាវេទិកាអន្ដររដ្ឋាភិបាល នៅទីក្រុងបាងកក នាចុងសប្ដាហ៍នេះ នាយករដ្ឋមន្ដ្រីថៃ និង ជប៉ុន បានកោតសរសេរ អំពីការវិវឌ្ឍន៍ចំណងទំនាក់ទំនង ក្លាយជា«ដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ»។
សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ថា លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-ocha) នាយករដ្ឋមន្ដ្រីថៃ បានទទួលសមភាគីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅឯវិមានរដ្ឋាភិបាល ក្រោយពេលរដ្ឋមន្ដ្រីការបរទេស នៃប្រទេសទាំង២ បានចុះហត្ថលេខា លើគម្រោងសកម្មភាពរួមគ្នា «មានរយៈពេល៥ឆ្នាំ ស្ដីពីភាពជាដៃគូយុទ្ធសាស្ដ្រសេដ្ឋកិច្ចជប៉ុន-ថៃ» កាលពីព្រឹក ថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានេះ មេដឹកនាំទាំង២ប្រទេស ក៏បានស្វាគមន៍ ដល់ទំនាក់ទំនងខួបលើកទី១៣៥ឆ្នាំ រវាងជប៉ុន និង ថៃ នៅថ្ងៃដដែលនេះផងដែរ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ជប៉ុន នៅតែជាប្រទេសវិនិយោគទុនបរទេសដ៏ធំជាងគេបំផុត នៅក្នុងប្រទេសថៃ ជាមួយនឹងការជំរុញឲ្យក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ដដ៏ធំ នៅក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា។
ក្រសួងការបរទេសថៃ បានបញ្ជាក់ ថា គម្រោងសកម្មភាពរួមគ្នា រយៈពេល៥ឆ្នាំ នឹងបម្រើជាការណែនាំ នៅពាក់កណ្ដាលអាណត្ដិ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ចន្លោះពីឆ្នាំ២០២២ ដល់ ២០២៦ នៅក្នុងរង្វង់សហប្រតិបត្ដិការ ចំនួន ៣ រួមមាន ទី១-ការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់បទប្បញ្ញត្តិ ការច្នៃប្រឌិត, ទី២-សេដ្ឋកិច្ចបៃតងវិលជុំជីវសាស្ដ្រ (BCG) និង ទី៣-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
ក្រសួងការបរទេស បានបន្ថែម ថា ការវិវឌ្ឍន៍ទំនាក់ទំនង «បានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តដ៏មុតមាំរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ចំពេលបច្ចុប្បន្ន និង បញ្ហាប្រឈម កំពុងកើតមាន នៅក្នុងតំបន់ និង ពិភពលោក៕