រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ថ្វីបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែលជាង១៨,៥ពាន់លានដុល្លារ ជួយដល់រដ្ឋាភិបាលក្រុងកៀវ យ៉ាងក៏ដោយ ប៉ុន្ដែអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នៅតែអះអាង ថា ក្រុងវ៉ាស៊ីនតោន និង អង្គការណាតតូ កំពុងតែទទួលបរាជ័យ មិនអាចរារាំងដល់ការបំផ្លិចបំផ្លាញរបស់រុស្ស៊ី ប្រឆាំងនឹងបណ្ដាញទឹក ភ្លើង និង កម្ដៅ នៅក្នុងប្រទេសអ៊ុយក្រែន បាន ខណៈរដូវរងាចូលមកដល់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ថា លោក រ៉ូប៊ឺត ហាន់ធ័រ (Robert Hunter) អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានសម្តែងការព្រួយបារម្ភ ចំពោះទំហំជំនួយយោធាពីបណ្ដាប្រទេស ជាសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក ហូរចូលទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Hunter បានប្រាប់ដល់ Al Jazeeera ពីរដ្ឋធានីវ៉ាស៊ីនតោន ថា «វាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈសម្ពន្ធមិត្ត ដឹកនាំដោយសហរដ្ឋអាមេរិក នៅតែមិនទាន់ធ្វើអ្វី ឲ្យបានច្រើនលើសពីនេះទៀត នៅឡើយ ទាក់ទងនឹងប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និង ប្រព័ន្ធប្រឆាំងនឹងមីស៊ីល។ ទាហានរុស្ស៊ី នៅតែបន្ដវាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល និង សំណង់អគារស៊ីវិល»។
អតីតប្រេសិត ប្រចាំអង្គការណាតូ រូបនេះ បានបញ្ជាក់ ថា វាច្បាស់ណាស់ ពេញមួយរដូវស្លឹកឈើជ្រុះ ខណៈរដូវរងាបានចូលមកដល់ បើទោះជាអ៊ុយក្រែន បន្ដខិតខំប្រយុទ្ធជាមួយនឹងភាពដ៏អង់អាចក្លាហានយ៉ាងក៏ដោយ ក៏រុស្ស៊ី នឹងនៅតែព្យាយាមទាញយកផលប្រយោជន៍បាន ដោយកំណត់គោលដៅ វាយប្រហារកម្ទេចប្រភពថាមពល និង កម្ដៅ នៅក្នុងប្រទេសអ៊ុយក្រែន បានដែរ។
ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន នៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស អង្គការណាតូ នៅក្នុងរដ្ឋធានីប៊ូចារ៉ែស្ដ (Bucharest) ប្រទេសរ៉ូម៉ានី នោះ លោក Hunter បានបន្ថែម ថា «ស្ថានភាពសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នាពេលនេះ ចាំបាច់ ត្រូវតែបញ្ជូនប្រព័ន្ធប្រឆាំងនឹងដ្រូន និង មីស៊ីល ឲ្យបានលឿន លឿនបំផុត។ នេះមានន័យថា ត្រូវតែបញ្ជូនគ្រឿងសព្វាវុធទាំងនោះភ្លាមៗ មិនមែនជាអ្វីដែលត្រូវនិយាយបន្ដទៀតដែរ ហើយប្រហែលជាធ្វើ នៅក្នុងរយៈពេលត្រឹមតែពីរទៅបីខែទៅទៀតតែប៉ុណ្ណោះ»។
លោក Hunter បានសង្កត់ធ្ងន់ ថា វិធានការបែបនេះ អាចត្រូវធ្វើ ដើម្បីប្រឆាំងនឹងការបំផ្លិចបំផ្លាញ បង្កឡើងដោយទាហានរុស្ស៊ី ដែលកំពុងតែអនុវត្ដ នៅក្នុងប្រទេសអ៊ុយក្រែន ជាជាងការជួសជុលការខូចខាត។
ជាការឆ្លើយតបនឹងការវាយប្រហារ ដោយមីស៊ីល បំផ្លិចបំផ្លាញហេដ្ឋរចនាសម្ព័ន្ធថាមពល ពីកម្លាំងទាហានរុស្ស៊ី នោះ អាល្លឺម៉ង់ បានបញ្ជាក់ ថា ក្រុងប៊ែរឡាំង នឹងបន្ដផ្ដល់ម៉ាស៊ីនភ្លើង ជាង៣៥០គ្រឿងបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន។ ក្រៅពីនេះ ក៏មានបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជាច្រើន បានបន្ដជួយផ្គត់ផ្គង់ តាមតម្រូវការចាំបាច់របស់អ៊ុយក្រែន ផងដែរ។
លោក ស្ដែហ្វហ្វែន ហេបេស្ដ្រេត(Steffen Hebestreit) អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានថ្លែងទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង នឹងបញ្ជូនម៉ាស៊ីនភ្លើង ក៏ដូចជា ការផ្តល់ជំនួយហិរញ្ញវត្ថុ សម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល មានតម្លៃ៥៦លានអឺរ៉ូ (លុយប្លុកអឺរ៉ុប) ឬស្មើនឹងប្រហែល៥៧លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ក្រុងកៀវ៕