រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែសង្គ្រាម រវាងកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី បានអូសបន្លាយ អស់រយៈពេល៣៣៨ថ្ងៃ គិតត្រឹម ថ្ងៃទី២៧ ខែមករា ខណៈការវាយប្រយុទ្ធកំពុងតែបន្ដ មានភាពសាហាវកាន់តែឃោរឃៅឡើង ហើយការបាញ់ផ្លោងដាក់គ្នា នៅក្នុងមួយថ្ងៃៗ មានចំនួនរាប់សិបពាន់គ្រាប់ ទើបធ្វើរដ្ឋាភិបាលក្រុងកៀវ មានតម្រូវការគ្រាប់កាំភ្លើងផ្លោង កាន់តែច្រើនឡើង រហូតជំរុញឲ្យកងទ័ពសហរដ្ឋអាមេរិក បង្កើននូវការផលិតបន្ថែម សម្រាប់ការជួយផ្គត់ផ្គង់បន្ថែមទៀត។
សារព័ត៌មាន Defense News បានចេញផ្សាយ ថា បើតាមប្រធានផ្នែកទិញគ្រឿងសព្វាវុធរបស់កងទ័ពសហរដ្ឋអាមេរិក បានឲ្យដឹង ថា ដោយសារតែកងទ័ពអ៊ុយក្រែន ប្រើប្រាស់គ្រាប់កាំភ្លើងផ្លោង រាប់ពាន់គ្រាប់ជាប្រចាំថ្ងៃ វាយលុកទៅលើទាហានរុស្ស៊ី នោះ កងទ័ពសហរដ្ឋអាមេរិក ក៏កំពុងតែបង្កើននូវសកម្មភាពយ៉ាងលឿន ដើម្បីពង្រីកសមត្ថភាពផលិតកម្មក្នុងស្រុក ប្រភេទ គ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ។
ក្រុមមន្ដ្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា កាលពីឆ្នាំមុន កងទ័ពអ៊ុយក្រែន បានប្រើប្រាស់គ្រាប់កាំភ្លើងផ្លោង ក្នុងមួយថ្ងៃៗ ប្រហែល ៣ ០០០គ្រាប់ ខណៈឯកសារការពិតរបស់មន្ទីរបញ្ចកោណ បានចេញផ្សាយ នៅក្នុងសប្តាហ៍នេះ អះអាង ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជូនគ្រាប់កាំភ្លើងធំ ទំហំ១៥៥មិល្លីម៉ែត្រ ជាង១លានគ្រាប់ ទៅកាន់ប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមមួយនេះរួចរាល់ហើយ។
បើតាមសារព័ត៌មានដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក New York Times បានរាយការណ៍ នៅសប្ដាហ៍នេះ ថា មុនពេលមានសង្គ្រាមបានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក អាចផលិតគ្រាប់កាំភ្លើងធំ ទំហំ១៥៥មិល្លីម៉ែត្រ ប្រមាណ ១៤ ៤០០គ្រាប់ នៅក្នុងរយៈពេលមួយខែ។ ប៉ុន្តែស្របពេលកងទ័ពអ៊ុយក្រែន កំពុងតែធ្វើសង្គ្រាម វាយលុកទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី ជាមួយនឹងកាំភ្លើងផ្លោងរបស់ពួកគេ ទើបទាមទារឲ្យមានការផ្គត់ផ្គង់គ្រាប់កាន់តែច្រើនឡើងបន្ថែមទៀត។ កងទ័ពសហរដ្ឋអាមេរិក កំពុងតែរំពឹង ថា នឹងបង្កើននូវការផលិត រហូតដល់ប្រហែល ៩០ ០០០គ្រាប់ នៅក្នុងរយៈពេលមួយខែ។
លោក ឌូគ ប៊ូស (Doug Bush) ប្រធានផ្នែកទិញគ្រឿងសព្វាវុធរបស់កងទ័ពសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ដោយមិនបានបញ្ជាក់ អំពីគោលដៅនៃការផលិតគ្រាប់របស់កងទ័ពនោះឡើយ។ ប៉ុន្ដែគាត់បានអះអាង ថា កងទ័ពចង់បង្កើននូវការផលិតគ្រាប់ប្រភេទនេះ ដោយរួមទាំងគ្រាប់កាំភ្លើងផ្សេងៗទៀត។
លោក ឌូគ ប៊ូស (Doug Bush) បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើការជាមួយនឹងដៃគូបរទេស កាលពីឆ្នាំមុន ដើម្បីបង្កើននូវសមត្ថភាពផលិតកម្ម សម្រាប់ផលិតគ្រាប់កាំភ្លើងផ្លោង ទំហំ១៥៥មិល្លីម៉ែត្រ។ ឥឡូវ យើងកំពុងតែស្វែងរក និង សម្លឹងមើល នៅទូទាំងពិភពលោក អំពីប្រភពផ្សេងៗ រួមទាំង ផលិតកម្មបរទេស ដើម្បីឲ្យប្រាកដថា អ៊ុយក្រែន មានអ្វីៗដែលពួកគេត្រូវការ។ ចំណែកកងទ័ពសហរដ្ឋអាមេរិក ក៏កំពុងតែដោះស្រាយ លើបញ្ហាទាំងអស់នេះ។
សហរដ្ឋអាមរិក បានផ្គត់ផ្គង់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែលជាង២៧ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ ចំណែកការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) អំពីការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ M1 Abrams (អឹមមួយអេប្រាមស៍) ចំនួន៣១គ្រឿង កាលពីថ្ងៃពុធ ក៏ជាការបោះជំហានថ្មីមួយបន្ថែមទៀត គាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ ដែលកំពុងតែធ្វើសង្គ្រាម រំដោះទឹកដី និង ការពារសេរីភាពរបស់ពួកគេ៕