រាជធានីបាងកក៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ ដែលកំពុងតែនិរទេសខ្លួន ដោយខ្លួនឯង រស់នៅក្រៅប្រទេស ក្រោយពេលពួកយោធា បានបណ្ដេញចេញពីអំណាច នឹងបន្ដសម្រេចរង់ចាំ រហូតដល់គណបក្សភឿថៃ បង្កើតរដ្ឋាភិបាលរួចរាល់ ទើបគាត់សម្រេចចិត្តជាថ្មី វិលត្រឡប់ មកកាន់ប្រទេសកំណើតវិញ ក្រោយការព្យាយាមជាច្រើនលើកច្រើន មិនបានសម្រេច។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី បានអះអាង នៅថ្ងៃសៅរ៍ ថា គាត់បានសម្រេចចិត្ត ពន្យារពេលវិលត្រឡប់ មកកាន់ប្រទេសថៃ ខណៈប្រទេសកំណើតរបស់គាត់ កំពុងតែតស៊ូជម្នះនូវការជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា។ គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានឈ្នះលើគណបក្សជាគូប្រជែង គាំទ្រដោយពួកយោធា ដែលកំពុងតែគ្រប់គ្រងប្រទេសអាស៊ានមួយនេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតមហាសេដ្ឋីទូរគមនាគមន៍ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីទប់ទល់នឹងការជ្រៀតជ្រែករបស់យោធា នៅក្នុងរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជានិយមរបស់គាត់។ ប៉ុន្ដែនៅទីបំផុត រដ្ឋាភិបាលរបស់គាត់ ក៏ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារបណ្តេញចេញពីអំណាច កាលពីឆ្នាំ២០០៦ ។
ពាណិជ្ជកម្ម
អតីតនាយករដ្ឋមន្ដ្រីថៃ រូបនេះ បានបង្ហោះសារ នៅលើបណ្ដាញសង្គម Twitter ថា គាត់ត្រូវការត្រួតពិនិត្យសុខភាព ហើយគាត់នឹងពន្យារពេលវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់គាត់ ហើយកាលពីដំបូងឡើយ គាត់គ្រោងនឹងមកដល់អាកាសយានដ្ឋានដនមឿង ប្រទេសថៃ នៅថ្ងៃទី១០ ខែសីហា។ បើទោះជាយ៉ាងណា លោក ថាក់ស៊ីន បានអះអាង ថា «ខ្ញុំនឹងផ្ដល់ដំណឹងជាថ្មី ប្រសិនបើខ្ញុំវិលត្រឡប់ មកកាន់ប្រទេសកំណើតរបស់ខ្ញុំវិញ»។
បើតាមប្រភពព័ត៌មានពីគណបក្សភឿថៃ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន (ទី៣ ខែសីហា) ថា ការធ្វើមាតុភូមិនិវត្ដន៍របស់លោក ថាក់ស៊ីន នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សភឿថៃ ត្រូវបង្កើតឡើងរួចរាល់៕