រាជធានីតូក្យូ៖ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែបង្កើនសម្ពាធ កាន់តែខ្លាំងឡើង មកលើរដ្ឋាភិបាលក្រុងតៃប៉ិ ទាំងការទូត នយោបាយ សេដ្ឋកិច្ច និង យោធា ដើម្បីចាប់បង្ខំឲ្យតៃវ៉ាន់ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែឥឡូវនេះ អតីតនាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ចេញនូវសង្គ្រាមវោហារស័ព្ទកាន់តែខ្លាំងឡើង ថា សហរដ្ឋអាមេរិក និង ជប៉ុន ត្រូវតែការពារដែនកោះតៃវ៉ាន់ ប្រសិនបើមានការលុកលុយ ដោយយោធាណាមួយកើតឡើង។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ថា លោក តារ៉ូ អាសូ (Taro Aso) ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ដ្រីជប៉ុន ចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ បានបញ្ជាក់ កាលពីថ្ងៃអង្គារ (ទី៨ ខែសីហា) ថា បរិយាកាសសន្ដិសុខកាន់តែតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ នឹងមានន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាសម្ពន្ធមិត្ដផ្សេងៗទៀត ត្រូវតែបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នៅក្នុងការចូលមកការពារតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះ ត្រូវរងការវាយប្រហារ។
លោក តារ៉ូ អាសូ អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបញ្ជាក់ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងតៃប៉ិ នាអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់គាត់ ទៅកាន់ដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យមួយនេះ ថា «អ្វីដែលសំខាន់បំផុត នាពេលនេះ គឺត្រូវតែធ្វើឱ្យប្រាកដ ថា សង្គ្រាមមិនអាចផ្ទុះឡើង នៅច្រកសមុទ្រតៃវ៉ាន់»។
លោកអតីតនាយករដ្ឋមន្ដ្រីជប៉ុន រូបនេះ បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថា ត្រូវបានចាក់ផ្សាយ តាមប្រព័ន្ធអ៊ិនធើរណេត ថា «ខ្ញុំជឿ ថា ឥឡូវនេះ ជាពេលដែលប្រទេសជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗទៀត ដែលមានគំនិតដូចគ្នា ត្រូវតែរៀបចំខ្លួន សម្រាប់ចាត់វិធានការ ទប់ស្កាត់យ៉ាងខ្លាំងបំផុត ហើយវាជាការតាំងចិត្ត សម្រាប់ការប្រយុទ្ធផងដែរ»។
លោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបន្ថែមថា ការបង្ហាញយ៉ាងច្បាស់នូវសុច្ឆន្ទៈ នៅក្នុងការការពារតៃវ៉ាន់ នឹងក្លាយជាទម្រង់រារាំង។ ថ្វីបើគាត់មិនបានបញ្ជាក់ អំពីប្រទេសចិន ជាអ្នកឈ្លានពានយ៉ាងណាក្ដី ប៉ុន្តែគាត់បាននិយាយ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជប៉ុន នៅក្នុងនាមជាអ្នកជិតខាងរបស់តៃវ៉ាន់ និង ប្រទេសដទៃទៀត ត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ហើយវាជាការផ្ញើសារមួយ ទៅកាន់ប្រទេសចិន និង សហគមន៍អន្តរជាតិផ្សេងៗទៀតផងដែរ។
លោក តារ៉ូ អាសូ ក្លាយជាមន្ត្រីនយោបាយជាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន បានទៅធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៧២មក។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ចិន ហើយក៏មិនធ្លាប់បដិសេធ អំពីការប្រើកម្លាំងយោធា ដើម្បីរឹបអូសដែនកោះមួយនេះ យកមកដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន នោះដែរ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងតៃប៉ិ ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន។
ថ្លែងនៅចំពោះមុខ លោក តារ៉ូ អាសូ នៅក្នុងវេទិកាដដែលនោះ លោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ ថា «រដ្ឋាភិបាលរបស់លោកស្រី បានប្តេជ្ញាចិត្ត ធ្វើឱ្យប្រសើរឡើងនូវការការពារខ្លួន ហើយក៏មិនសុខចិត្តទទួលយកនូវការគាំពារ មកពីដៃគូសន្តិសុខរបស់ខ្លួននោះដែរ។ ជាមួយគ្នានេះ យើងមិនស្វែងរកការប្រឈមមុខដាក់គ្នាខាងផ្នែកយោធានោះទេ ហើយមានក្តីសង្ឃឹម សម្រាប់ការរួមរស់ដោយសន្តិភាព ស្ថិរភាព និង ស្វែងរកផលប្រយោជន៍ ជាមួយប្រទេសជិតខាងរបស់យើង។ ជាការពិតណាស់ តៃវ៉ាន់ តែងតែត្រៀមខ្លួនការពារលទ្ធិប្រជាធិបតេយ្យ និង របៀបរស់នៅរបស់យើង»។
ស្ថានភាពតានតឹង នៅជុំវិញកោះតៃវ៉ាន់ បានរួមចំណែកដល់ការសម្រេចចិត្តរបស់ជប៉ុន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក កំពុងតែបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។
លោក តារ៉ូ អាសូ កាលពីនៅកាន់តំណែងជាឧបនាយករដ្ឋមន្ដ្រីជប៉ុន កាលពីអំឡុងឆ្នាំ២០២១ បានហៅការឈ្លានពានណាមួយ ពីប្រទេសចិន គឺជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន ហើយថា ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក នឹងការពារតៃវ៉ាន់រួមគ្នា ប្រសិនបើមានឧបទ្ទវហេតុឈ្លានពានកើតឡើង៕