ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ៖ ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី វ៉េ​ណេ​ស៊ុយ​អេ​ឡា ទំនង​គ្រាន់​ជា​ល្បែង​ឈឺ​សាច់​តែប៉ុណ្ណោះ !

ព្រឹត្តិការណ៍ថ្មីៗ
0
310
​កាលពី​ថ្ងៃ​សៅរ៍​ទី​៤​សីហា នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​កើតឡើង​ក្នុងពេលដែល​លោក​ប្រធានាធិបតី នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ កំពុង​ថ្លែង​សន្ទរកថា លើ​វេទិកា​ជួបជុំ​ជាមួយនឹង​កងទ័ព​។ គ្រាប់បែក ដែល​គេ​បង្ហោះ​តាម​យាន​ដ្រូ​ន បាន​ផ្ទុះ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីលើ​ចំ​ខាងមុខ​វេទិកា​លោក​ប្រធានាធិបតី​វ៉េ​ណា​ស៊ុយ​អេ​ឡា ក៏ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី រងរបួស​ឡើយ​។ ភ្លាមៗ ក្រោយ​អំពើ​ភេរវកម្ម​នេះ លោក​ប្រធានាធិបតី​ម៉ា​ឌុយ​រ៉ូ បានប្រកាស​ចោទប្រកាន់​ដោយ​ចំពោះ ថា​ប្រធានាធិបតី​ប្រទេស​កូ​ឡុំ​ប៊ី គឺជា​អ្នកបញ្ជា ឲ្យ​ក្រុម​ទុ​ច្ច​រិ​កប​ង្ក​ភេរវកម្ម​នេះ ដើម្បី​សំដៅ​សម្លាប់​រូបលោក​។​ ​ជុំវិញ​បញ្ហា​នេះ​បើតាម​ការចេញផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បូល​តុ​ន (John Bolton) បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស់​ខ្លួនឯង​ទំនងជា​អ្នក រៀបចំ​ឈុត​ឆាត​នៃ​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន ប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ​។​ថ្លែងប្រាប់ Fox News កាលពី​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​អាមេរិក​) លោក​ទីប្រឹក្សា​សន្ដិសុខ​ជាតិ អាមេរិក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រដ្ឋាភិបាល​អាមេរិក​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ទាំងអស់ ជុំវិញ​ការវាយប្រហារ​ដោយ​យន្ដហោះ ដ្រូ​ន​លើ​លោក ម៉ា​ឌូ​រ៉ូ​... ប៉ុន្តែ​ផ្ទុយទៅវិញ​រដ្ឋាភិបាល​លោក ម៉ា​ឌូ​រ៉ូ ខ្លួនឯង​គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ក្នុង​ចេតនា​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ និង​សកម្មភាព​គាបសង្កត់​លើ​គណបក្សប្រឆាំង​»​។​ ​គួរ​បញ្ជាក់ដែរថា​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក Nestor Reverol បាន​រាយការណ៍​ថា មនុស្ស ៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ករណី​បំផ្ទុះ​គ្រាប់បែក ដែល​បំពាក់​នៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​ ​យោងតាម​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ផ្សេងទៀត ត្រូវបាន​ចោទ​ពីបទ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​មួយកន្លែង​កាលពី​ឆ្នាំ ២០១៧ រីឯ​ជនសង្ស័យ​ផ្សេងទៀត​ធ្លាប់​ត្រូវបាន​ឃុំខ្លួន​ម្តង​រួចមកហើយ ពី​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការតវ៉ា​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​។​ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃនោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក Jorge Rodriguez បាន​ប្រាប់​សារព័ត៌មាន Sputnik ថា​ក្រុម​អ្នក​វាយប្រហារ​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​ប្រឆាំងនឹង​ប្រធានាធិបតី​នី​កូ​ឡា​ម៉ា​ឌូ​រ៉ូ បានរៀបចំ​ប្រតិបត្តិការ​នេះ​យ៉ាងហោចណាស់​អស់​រយៈពេល ៦​ខែ​មកហើយ​។​លោក Rodriguez បាន​និយាយថា «​ប្រតិកម្ម​រហ័ស​របស់​សេវា​សន្តិសុខ​របស់លោក​ម៉ា​ឌូ​រ៉ូ មិន​ត្រឹមតែ​ជម្លៀស​ខ្លួន​ប្រធានាធិបតី​ចេញ​ទេ ប៉ុន្តែ​ថែមទាំង​បានដឹង​អំពី​ទីតាំង​របស់​ក្រុម​ឧក្រិដ្ឋជន​ថែមទៀត​ផង​។ ឥឡូវនេះ​ពួកគេ​បានផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​លម្អិត​នៃប្រតិបត្តិ​ការ​នេះហើយ ដែល​ពួកគេ​បានរៀបចំ​យ៉ាងហោចណាស់​កាលពី ៦​ខែ​មុន​»​។​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា លោក​ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់​ដោយ​គ្រឿងផ្ទុះ​ជាច្រើន ក្នុងកំឡុងពេល​នៃ​ថ្លែង​សន្ទរកថា​របស់លោក នៅឯ​ព្រឹត្តិការណ៍​មួយ នៅក្នុង​ទីក្រុង​កា​រ៉ា​កាស់​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី និង​ក្រុមមន្ត្រី​មិនបាន​រងគ្រោះថ្នាក់​ពី​ការវាយប្រហារ​នោះទេ ប៉ុន្តែ​កងកម្លាំង​ការពារ​ចំនួន ៧​នាក់​ជា​អ្នករងគ្រោះ​នៅក្នុង​ការវាយប្រហារ​នេះ​៕ ​ដោយ​៖ DNT-NEW