គ្រោះទឹកជំនន់ នៅ​នី​ហ្សេ​រី​យ៉ា ស្លា-ប់​៦០០​នាក់ និង​ជម្លៀស​ជាង​១,៣​លាន​នាក់​

ព្រឹត្តិការណ៍ថ្មីៗ
0
124


​រដ្ឋធានី​អា​ប៊ូ​ចា (Abuja)៖ រហូតមកដល់​ពេលនេះ នី​ហ្សេ​រី​យ៉ា ជា​ប្រទេសមួយ ហ៊ុមព័ទ្ធ​ទៅ ដោយ​អំពើហិង្សា នៅតាម​រដ្ឋ​មួយចំនួន ហើយ​ឥឡូវ​ក៏ត្រូវ​បន្ថែម​នូវ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ក្រោយ​គ្រោះទឹកជំនន់​ដ៏​កំណាច បាន​ឆក់យក​ជិវិត​មនុស្ស ជាង​៦០០​នាក់ និង ជម្លៀស​ប្រជាជន ជាង ១,៣​លាន​នាក់ ចេញពី​លំនៅឋាន​។

​សារព័ត៌មាន CBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែតុលា ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ភ្លៀង​បាន​បង្អុរ​ចុះមក​យ៉ាងខ្លាំង រហូត​បង្កើត​ទៅជា​ទឹកជំនន់​ជន់​លិច នៅតាម​រដ្ឋ​ជាច្រើន នៅ​ទូទាំងប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​អាជ្ញាធរ នៅក្នុង​តំបន់ បានបញ្ជាក់ ថា នៅក្នុង​ឆ្នាំនេះ គ្រោះទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស យ៉ាងតិច​៦០៣​នាក់ ហើយ​ប្រជាពលរដ្ឋ ជាង ១,៣​លាន​នាក់​ផ្សេងទៀត បាន​បម្លាស់​ទី​ទៅកាន់​ទី​មាន​សុវត្ថិភាព​។​

​ក្រសួង​កិច្ចការ​មនុស្សធម៌​នី​ហ្សេ​រី​យ៉ា បានបញ្ជាក់ កាលពី​ល្ងាច ថ្ងៃអាទិត្យ ថា ប្រជាជន ជាង​១,៣​លាន​នាក់ បាន​ផ្លាស់​លំនៅឋាន ដោយសារ​គ្រោះមហន្ដរាយ បង្កឡើង​ដោយ​ទឹកជំនន់​នេះ​។ គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​រដ្ឋ​ចំនួន​៣៣ នៅក្នុង​ចំណោម​រដ្ឋ​ទាំង​៣៦​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នៅ​ឆ្នាំនេះ ចំនួន​អ្នកស្លាប់ ដោយ​ទឹកជំនន់ បាន​កើន​ដល់ ៦០៣​នាក់ ខណៈ​អាជ្ញាធរ នៅក្នុង​តំបន់ កំពុងតែ​ខំប្រឹងប្រែង ផ្ដល់ជំនួយ​សង្គ្រោះ ដល់​មនុស្ស​រាប់សែន​នាក់ ដែល​ត្រូវ​ជម្លៀស ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​។​

​បើតាម​សេចក្ដីថ្លែងការណ៍​មួយ បានចេញ​ផ្សាយ ដោយ​ការិយាល័យ​របស់​ប្រធានាធិបតី បាន​ឲ្យ​ដឹងថា លោក មូ​ហា​មមា​ឌូ ប៊ូ​ហារី (Muhammadu Buhari) ប្រមុខរដ្ឋ​នី​ហ្សេ​រី​យ៉ា បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការងារ​របស់​ពួកគេ សម្រាប់​ស្តារ​ស្ថានការណ៍​នេះ ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ​»​។​

​លោក សា​ឌី​យ៉ា អ៊ូ​ម៉ារ ហ្វា​រូ​គ (Sadiya Umar Farouq) រដ្ឋមន្ដ្រីក្រសួង​មនុស្សធម៌​នី​ហ្សេ​រី​យ៉ា បាន​ព្រមាន ថា រដ្ឋ​ចំនួន នៅតែ​ស្ថិតក្នុង​ហានិភ័យ ពី​គ្រោះទឹកជំនន់​នេះ រហូតដល់​ដំណាច់ខែ​វិច្ឆិកា​។​

​មជ្ឈមណ្ឌល​តាមដាន​ការផ្លាស់​លំនៅ​ក្នុងប្រទេស បាន​ឲ្យ​ដឹង ថា គ្រោះទឹកជំនន់​នេះ បានធ្វើ​ឱ្យមាន​វិបត្តិ​មនុស្សធម៌ កាន់តែ​អាក្រក់​ទៅៗ នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ជា​កន្លែង​ដែល​កើតមាន​អំពើហិង្សា ជាពិសេស នៅក្នុង​តំបន់​ភាគ​ខាងជើង ដែល​ប្រឈម​នឹង​បញ្ហា បានធ្វើឱ្យ​មនុស្ស ជាង​៣​លាន​នាក់ ផ្លាស់​ទីលំនៅ​៕