គ្រូបង្វឹក​បាល់ទាត់ របស់​ក្មេងៗ​ដែល​ជាប់​នៅក្នុង​រូងភ្នំ​ថាំ​ហ្លួង​ភាគ​ខាងជើង​ប្រទេស​ថៃ ពេលនេះ​បាន​ជួប​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល !

ព្រឹត្តិការណ៍ថ្មីៗ
0
332
​តាម​កាសែត The Guardian​គ្រូបង្វឹក​បាល់ទាត់​និង​ក្មេង​ជាប់កុន​ក្នុង​រូងភ្នំ​បីនាក់ បានទទួល​សញ្ជាតិ​ថៃ យ៉ាង​ពេញលេញ​។​ចៅហ្វាយស្រុក បានប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​ទៅឱ្យ​គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ និង​កុមារា​ទាំងបី ដោយ​អះអាងថា ការផ្តល់​សញ្ជាតិ​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ជាប់កុន​ក្នុង​រូងភ្នំ​របស់​ពួកគេ​ទេ ! អ្វីៗ​ត្រូវបាន​រៀបចំ​ទៅតាម​ដំណើរ​បែបបទ​សុំ​តាមផ្លូវ​ច្បាប់ តាំង​ពីមុន​កើតហេតុ​ម្ល៉េះ​។​ ​កុមារា អា​ឌុល ម៉ុង​កុល និង​ពន​ឆៃ និង​គ្រូបង្វឹក​បាល់ទាត់ ឯកា​ប៉ូល ចាន់​តាវ​ង់ កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ជន​គ្មាន​ប្រទេស និង​គ្មាន​សញ្ជាតិ ដូច​បណ្តាជន​ជាង​៤​សែន​នាក់​ផ្សេងទៀត ដែល​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន រាប់​ឃើញ​នៅ​ប្រទេស​ថៃ​។ គ្រូបង្វឹក​បាល់​វ័យក្មេង​នេះ ជា​ជនជាតិភាគតិច តៃ​លុយ របស់​ភូមា ដែល​គេ​ឃើញ​មាន​រស់នៅ​ច្រើន​តាម​បណ្តោយ​ព្រំដែន​ថៃ ដើម្បី​រត់គេច​ពី​ការវាយប្រហារ​របស់​យោធា​ភូមា​។ ពួកគេ​ភាគច្រើន​រស់ក្នុង​ជំរំ ចន្លោះ​ព្រំដែន​ភូមា​-​ថៃ តាំងពី​ជាច្រើន​ឆ្នាំ​។ ​ជាទូទៅ ជន​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ទាំងនេះ បានទទួល​ការសិក្សា និង​អាច​រួមរស់​ក្នុងសង្គម ទៅ​បួស​រៀន​ក្នុង​វត្ត​ដូច​បណ្តា​ពលរដ្ឋ​ក្រីក្រ​ថៃ​ទូទៅ​។ ប៉ុន្តែ​ពួកគេ​គ្មាន​សិទ្ធិ​រៀបការ​ដោយ​ស្របច្បាប់ គ្មាន​សិទ្ធិ​ទៅធ្វើ​ការ គ្មាន​គណនី​នៅ​ធនាគារ គ្មាន​សិទ្ធិ​ទិញ​ផ្ទះ គ្មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេង ឬ​ក្លាយជា​កីឡាករ​អាជីព​បាន​។​ ​គួររំឭកថា គ្រូបង្វឹក​បាល់ទាត់ ឯកា​ប៉ូល ចាន់​តាវ​ង់ និង​សិស្ស​របស់គេ​ទាំង​១២​នាក់​បានធ្វើ​ឲ្យ​ផ្អើល​ពិភពលោក​បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ចូលក្នុង​រូងភ្នំ​ថាំ​ហ្លួង ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ហើយក៏​បាន​ជាប់​ចេញ​មិន​រួច​ដោយសារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ ។​ពួកគេ​ត្រូវ​រង់ចាំ​រហូតដល់​៩​ថ្ងៃ ទើប​ក្រុម​អ្នកជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស​បាន​រកឃើញ​ទីកន្លែង​របស់​ពួកគេ​ដែលមាន​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល ។​ ​តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ថៃ​ដោយមាន​ជំនួយ​ពី​អន្តរជាតិ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​រំដោះ​ពួកគេ​ចេញ ។ ទីបំផុត ប្រតិបត្តិ​ការរំដោះ​ពួកគេ​បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ទី​៨ ខែកក្កដា និង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​ទី​១០ ខែកក្កដា ដោយ​រំដោះ​បាន​កុមា​រទាំង​១២​នាក់ រួមទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ដោយ​សុវត្ថិភាព ។​ ​ក្នុងឱកាស​សន្និសីទកាសែត​រួមគ្នា​នោះដែរ កុមារ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់ ក៏បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អ្នកជំនាញ​មុជទឹក​ជនជាតិ​ថៃ​ម្នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ពួកគេ ព្រមទាំង​លុតជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះមុខ​រូបថត​ព្រះមហាក្សត្រ​ថៃ ៕ ​