ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​ឲ្យ​ផ្តល់ដំណឹង​បន្ទាន់​ប្រសិនជា ទទួលរង​ផលប៉ះពាល់​ដោយសារ​រញ្ជួយ​ដី

ព្រឹត្តិការណ៍ថ្មីៗ
0
272
​កាលពីពេល​កន្លងទៅនេះ គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៧​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​លើ​កោះ​ហុក​កៃ​ដូ (Hokkaido និង តំបន់​មួយចំនួនទៀត​នៅក្នុង​ប្រទេស ជប៉ុន ដោយ​បណ្ដាលឱ្យមាន​គ្រោះ​រអិល​បាក់​ដី ដែល​បាន​បាក់​សង្កត់​លើផ្ទះ​ជាច្រើន​ខ្នង និង​បង្ក​ឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​។​ ​ជុំវិញ​បញ្ហា​នេះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និស្សិត ឬ​សិក្ខាកាម​ខ្មែរ ដែល​រស់នៅក្នុង​តំបន់​នៃ​ខេត្ត ហុក​កៃ​ដូ ប្រទេស​ជប៉ុន ក្រោយ​ការរញ្ជួយ​ដី​កម្រិត ៦,៧​រ៉ិ​ច​ទ័​រ វាយប្រហារ​ក្នុង​តំបន់​នេះ​កាលពី​ម៉ោង​ប្រហែល ៣​ព្រឹក​ថ្ងៃ​ដដែល (​នៅ​ជប៉ុន​)​។ ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បញ្ជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត ឬ​សិក្ខាកាម​ខ្មែរ ទទួលរង​ផលប៉ះពាល់​ដោយសារ​រញ្ជួយ​ដី​នេះ ត្រូវ​ជូនដំណឹង​មក​ស្ថានទូត​ជាបន្ទាន់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត ឬ​ទូរ​សព្ទ​លេខ ០៨០ ៤០៧ ៥៥៧ ០៧ និង ០៨០ ៣៤៥ ៩៧៨ ៨៩ ។​ ​គួរ​បញ្ជាក់ដែរថា បើតាម​អាជ្ញាធរ​ជប៉ុន​គ្រោះ​រញ្ជួយ​ដី​ខាងលើ​បាន​បណ្តាល​ឲ្យុ​មនុស្ស​១០​នាក់ បាន​រងរបួស ហើយ​ក្នុងនោះ​មាន​ម្នាក់​រងរបួស​ធ្ងន់​។ ប៉ុន្តែ​មិន មាន​សេចក្ដីរាយការណ៍​ពី​អ្នកស្លាប់​ឡើយ ខណៈ​ផ្ទះ​ជាច្រើន​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ គ្រោះ​រញ្ជួយ​ដី​នេះ បានកើត ឡើង​នៅ​ម៉ោង ៣៖០៨​នាទី​ព្រឹក (​ម៉ោង​នៅក្នុង​តំបន់​) ព្រមទាំង​មាន​ជម្រៅ​រញ្ជួយ​ទៅក្នុង​ដី​៦៨​គីឡូម៉ែត្រ តែ​មិនមាន​ការប្រកាសអាសន្ន​ពី​រលក​យក្ស​ស៊ូណាមិ​ន​នោះទេ​។​