ពលរដ្ឋ​កម្ពុជា អាច​ចូលរួម​សំដែង​មរណទុក្ខ និង​សេចក្តី​រំលឹក​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ភ្នំពេញ (​ជិត​វត្តភ្នំ​)​និង​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ក្នុង​ខេត្តសៀមរាប !

ព្រឹត្តិការណ៍ថ្មីៗ
0
396
​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួលមរណភាព​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ​ក្នុង​ទីក្រុង Zurich​នៃ​ប្រទេស​ស្វី​ស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធ​បុ​ប្ជា ។​ ​ជាមួយនេះដែរ​មូលនិធិ​គន្ធបុប្ផា តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន បានផ្តល់​ឱកាស​ដល់​សាធារណជន​ទូទៅ​អាច​ចូលរួម​សំដែង​មរណទុក្ខ និង​សេចក្តី​រំលឹក​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ភ្នំពេញ (​ជិត​វត្តភ្នំ​) និង​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី​១០ ខែកញ្ញា ចាប់ពី​ម៉ោង​១០​ព្រឹក​ទៅ​។​ ​ដោយឡែក​សម្រាប់ ក្រសួងសុខាភិបាល តាមរយ​:​លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​សាធារណជន​ថា ក្រសួងសុខាភិបាល កំពុង​គិតគូរ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ដើម្បី​សម្តែង​នូវ​ការគោរព​ដល់​គាត់ ដែល​ពិ​ធិ​គោរព​វិញ្ញាណក្ខន្ធ​សព​របស់គាត់​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល ។​ ​នាពេល​កន្លងមក​ម្ចាស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​រូបនេះ​ធ្លាប់បាន​ប្រកាស​លាលែង​ពី​តំណែង តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​។ មូល​ហេតុដែល​ប្រកាស​លាឈប់​នេះ ដោយសារ​លោក​វេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​លោក​Beat Richner នឹង​ប្រគល់​តំណែង​តួនាទី​ទៅ​ឲ្យ​លោក​វេជ្ជបណ្ឌិត Peter Studer ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​នាពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​បុគ្គលិក​កំពុង​បំរើ​ការងារ​ចំនួន​ពីរពាន់​ប្រាំ​រយ​នាក់​។ ទោះជា​ស្ថាបនិក​រូបនេះ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​យ៉ាងណាក៏ដោយ​លោក​Beat Richner នៅតែ​អះអាងថា មន្ទីរពេទ្យ​គន្ធបុប្ផា​គ្រប់​សាខា​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប​នៅតែ​ដំណើរ​ការធម្មតា​។​ ​គួរបញ្ជាក់​ផងដែរ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយសង្គ្រោះ​ព្យាបាល​កុមារ​ខ្មែរ​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​ឥតគិតថ្លៃ គិត​រហូតមក​ដល់ពេលនេះ មាន​អាយុកាល ២៦​ឆ្នាំ​ហើយ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៩២​។ មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ក្នុង​មួយថ្ងៃ​ចំណាយ​ជាង ១២​ម៉ឺន​ដុល្លារ ដែល​ថវិការ​នេះ​បានមកពី​លោក​វេជ្ជបណ្ឌិត Beat Richner បាន​សម្ដែង​សិល្បៈ​តាមរយៈ​ការលេង​សូរ​ឡូ ឬ​កូដវីយូឡុង ដើម្បី​ប្រមែប្រមូល​ថវិកា​ពី​សប្បុរសធម៌​ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​នេះ​។ បើ​គិត​ត្រឹម​ឆ្នាំ ២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​អស់​ជាង ៥០០​លាន​ដុល្លារ​ក្នុងការ​ព្យាបាល​កុមារ​។ ហើយ ២៤​ឆ្នាំ​មកនេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្យាបាល​កុមារ​ចំនួន 16​លាន​នាក់​។ ក្នុងនោះ 1.6​លាន​នាក់​ស្ថិតនៅក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។​ក្នុង​មួយខែៗ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ និង​នៅ​សៀមរាប បាន​ជួយ​ពិនិត្យ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កុមារ​ជាង ៨​ម៉ឺន​នាក់​៕