លោក កុយ ស៊ី​ឌឿ​ន បង្ហាញ​ជំហរ​លើកស្ទួយ​សិ​ល្ប:​ចាស់​ថ្មី​អោយ​លេច​មុខមាត់​ខ្លាំង​

សិល្បៈកម្សាន្ត
0
336
បើទោះជា​បានក្លាយ​ជា​អ្នកជំនួញ និង​មាន​តំណែង​ជាទី​ប្រឹក្សា ប្រចាំ​ក្រសួង​មួយ ប៉ុន្តែ​តារាចម្រៀង​ចាស់វស្សា ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ពិធីករ​វិទ្យុជាតិ​ផង បាន​អះអាងថា​លោក​មិន​បោះបង់​ការងារ​សិល្បៈ​នោះទេ ដោយ​លោក​ទើប​នឹងធ្វើ​អ្នកសិល្បៈ​ភាគច្រើន​ចាប់អារម្មណ៍​នឹង​ការ​ផលិតកម្ម​កម្សាន្ត​បន្ត​ផ្ទាល់​មួយ ដែលជា​កម្មវិធី​ទទួលបាន​ការគាំទ្រ​ខ្ពស់​មួយ នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​នោះ​ផង​។ ក្រៅពី​ធ្វើអោយ​កម្មវិធី​កម្សាន្ត​មួយ​នេះ លេច​រូបរាង​កាន់តែខ្លាំង លោក​ក៏បាន​ប្រកាសថា​នឹង​បញ្ចេញស្នាដៃ​អោយ​សកម្ម​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ​ផងដែរ​។​ លោក កុយ ស៊ី​ឌឿ​ន ម្ចាស់​ផលិតកម្ម​ឌី​ភី និយាយថា ការផលិត​កម្មវិធី​កម្សាន្ត ដែល​លោក​បាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ក្លិប​សិល្បៈ​ឌី​ភី ដែល​មហាជន​បានឃើញ​នៅ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់នោះ មិនមែនជា​ការចំណាយ​តិចតួច​នោះទេ ដោយសារតែ​លោក​បានរៀបចំ​ទម្រង់​កម្មវិធី​ទាំងមូល អោយមាន​លក្ខណៈ​មិន​ខុសពី​កម្មវិធី​របស់​ទូរទស្សន៍​មួយ ក្នុង​បំណង​អោយ​តារា​សិល្បៈ​ចាស់​ក្មេង​ប៉ះគ្នា​។ លោ​កថា​កម្មវិធី​កម្សាន្ត​មួយ​នេះ លោក​តែង​អញ្ជើញ​តារា​សិល្បៈ​ល្បីៗ​ទាំង​ផ្នែក​យុវវ័យ និង​តារា​ជើងចាស់​មួយរូប អោយ​ផ្ដល់​កិច្ចសម្ភាសន៍​ជុំគ្នា ដោយ​មិន​ប្រកាន់​ថា​ជា​តារា​សម្ដែង តារាចម្រៀង ឬ​តារា​កំប្លែង នោះឡើយ ដោយ​ក្រៅពី​បង្ហាញ​សមត្ថភាព​សិល្បៈ ក៏​ផ្ដល់​បទពិសោធន៍​អោយ​គ្នា​ទៅវិញទៅមក​។ បំណង​ទាំងមូល​របស់​កម្មវិធី លោ​កថា​ចង់​គាស់កកាយ​តារា​មួយចំនួន ដែល​មហាជន​ចង់​ភ្លេចមុខ​អោយមាន​ឱកាស​បង្ហាញ​ស្នាដៃ​ជាថ្មី ជាពិសេស​គឺ​បាន​បញ្ចេញ​សំលេង និង​រូប​ពិត​អោយ​មហាជន​បានឃើញ​។ ក្នុងនោះ​លោក​ថា​កម្មវិធី មិន​ផ្ដោត​តែ​លើ​ការ​ច្រៀង​រាំ និង​ការបង្ហាញ​សមត្ថភាព​របស់​សិល្បក​រ​នោះទេ ប៉ុន្តែ​ក៏​ផ្ដោតជាសំខាន់​លើ​សំនួរ​ឈ្នះ​រង្វាន់ ដែល​សំនួរ​ទាំងនោះ​សុទ្ធតែ​ពាក់ព័ន្ធ​ពី​វប្បធម៌ និង​ច្បាប់​ចរាចរណ៍ និង​ពី​ចំណេះដឹង​ប្រចាំថ្ងៃ ដែល​មនុស្ស​មើលរំលង​។ លោក កុយ ស៊ី​ឌឿ​ន បញ្ជាក់ថា​អ្វីដែល​លោក​បានធ្វើ គឺ​ដោយសារតែ​ចង់​រួមចំណែក​ជួយ​អោយ​សកម្មភាព​សិល្បករ​មានការ​ផុស​ផុស ជាពិសេស​គឺ​បានរួម​ចំណែក​ជួយ​អោយ​កេរ្តិ៍ឈ្មោះ​របស់​តារា​សិល្បៈ​មួយចំនួន​អណ្ដែត​ឡើង​អោយ​កាន់តែ​ប្រសើរ អ៊ីចឹង​ហើយ​ទើប​លោក​ប្រកាស​ចំណាយ​ផលិត​កម្មវិធី​ទាំំ​ង​មូល ដោយ​មិន​ខ្វល់​ពី​ការខាតបង់​។ លោក​គម្រោង​នឹងធ្វើ​កម្មវិធី​មួយចំនួន​ផ្សេងទៀត ដែល​អាច​ជំរុញអោយមាន​ការឈាន​ឡើង​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប ដើម្បី​បង្ហាញថា​បើទោះជា​លោក​បាន​ក្លាយជា​អ្វី ក៏​លោក​នៅតែ​ជា​អ្នកសិល្បៈ​។ យ៉ាងណាមិញ លោ​កថា​កម្មវិធី​បន្ត​ផ្ទាល់​ដែល​លោក​បាន​ផលិត​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍​នោះ នឹង​កាត់​នៅ​ថ្ងៃ​អង្គារ​ចោល ចាប់ពី​រដូវប្រាំង​តទៅ ដោយសារតែ​ក្នុងពេលនោះ លោក​ក៏​រវល់ ហើយ​តារា​សិល្បៈ​ល្បីៗ​ភាគច្រើន ក៏​មិន​ងាយ​អញ្ជើញ​៕DNT-NEWS