ច្បាប់​ថ្មី​របស់​អាមេរិក​រារាំង​ពី​ការចំណាយ​ប្រា​ក់លើ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដោយ​គ្មាន​ការអនុម័ត​ពីស​ភា​

ព្រឹត្តិការណ៍ថ្មីៗ
0
339
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៨​រូប​បាន​ណែ​នាំនូវ​ច្បាប់​ថ្មី ដែល​ហាមឃាត់​រដ្ឋាភិបាល​សហ​ព័ន្ធ​មិន​ឲ្យ​ចំណាយ​ថវិការ លើ​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដែល​ពុំបាន​អនុម័ត​ពីស​ភា​។ នេះ​បើតាម​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Senator Chris Murphy ដែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​ ​សេចក្តី​ថ្លែង​ការ​នោះបាន​និយាយថា «​ច្បាប់​នេះ​ស្វែងរក​នូវ​ការហាមឃាត់​សហរដ្ឋអាមេរិក​ពី​ការចំណាយ​ថវិការ ដែល​អាច​នាំទៅរក​ការ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដោយ​ពុំបាន​ទទួលបាន​ឯកភាព​ពីស​ភា ដែល​ធ្វើ​ឡើងទៅ​តាមច្បាប់​»​។​ ​ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បានអនុម័ត ការរារាំង​ទៅលើ​ការធ្វើ​សង្គ្រាម ដែល​មិន​ធ្វើឡើង​ទៅតាម​ច្បាប់​ជាមួយ​អ៊ីរ៉ង់ នឹង​ផ្តល់​សិទ្ធ​អំណាច​ដល់​សភា ក្នុងការ​ហាមឃាត់​ការចំណាយ​ថវិការ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ និង​រារាំង​ប្រធានាធិបតី​មិន​ឲ្យ​បំផ្ទុះ​សង្គ្រាម​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​បាន​។​ ​លោក Murphy បាន​និយាយថា «​មិនមាន​ភាពស្របច្បាប់​សម្រាប់​កងទ័ព​អាមេរិក ក្នុងការ​ប្រយុទ្ធ​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី ឬ​តំបន់​ផ្សេងទៀត​នោះទេ​។ អាមេរិក​នឿយហត់​នឹង​សង្គ្រាម​ណាស់​»​។​ ​ច្បាប់​នេះ​ត្រូវបាន​គេ​ណែនាំ​នៅ​ថ្ងៃ​តែមួយ ដែល​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្តីពី​ការ​ប្រឆាំងនឹង​អាវុធ​នុយក្លេអ៊ែរ និង​ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​លោក​ត្រាំ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​ ​មួយរយៈ​ចុងក្រោយ​នេះ ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​កើនឡើង​ខ្លាំង បន្ទាប់ពី​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​អ៊ីរ៉ង់​ត្រូវបាន​ខ្មាន់កាំភ្លើង​បើក​ការបាញ់រះ ដែល​បណ្តាល​ឲ្យ​មនុស្ស ២៥​នាក់​ស្លាប់​។ អ៊ីរ៉ង់​បាន​ចោទថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ​នេះ​។ ភាព​តានតឹង​មួយទៀត គឺ​សហរដ្ឋអាមេរិក​បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​អ៊ីរ៉ង់ ហើយ​ទណ្ឌកម្ម​ជុំ​ទី​២ របស់​អាមេរិក​នឹងត្រូវ​ចូល​ជាធរ​មាននៅ​ខែវិច្ឆិកា​ខាងមុខ​។ អ៊ីរ៉ង់​បាន​គម្រាម​ម្តង​ហើយ​ម្តង​ទៀតថា បើ​អាមេរិក​បិទ​ការនាំចេញ​ប្រេង​របស់ខ្លួន ខ្លួន​នឹង​បិទ​ច្រក​សមុទ្រ​អ័​រ​មូស​ដូចគ្នា​។ ប្រទេស​ផ្សេងទៀត​ក៏​មិនអាច​នាំចេញ​ប្រេង​បាន​ដូចគ្នា​៕​