ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ពី​ការដឹកជញ្ជូន​ដោយ​ខុសច្បាប់ ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​

ព្រឹត្តិការណ៍ថ្មីៗ
0
366
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា កូរ៉េខាងជើង​បន្ត​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ខុសច្បាប់ ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម ដែល​រឹតបន្តឹង​លើ​ឧស្សាហកម្ម​ដឹកជញ្ជូន​របស់ខ្លួន ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ​។​ ​សេចក្តីថ្លែងការណ៍​ពី​ក្រសួងការបរទេស​បាន​និយាយថា កូរ៉េខាងជើង​បន្ត​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​ដឹកជញ្ជូន​ដោយ​ខុសច្បាប់ ដើម្បី​គេចវេស​ពី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​ ​សន្ទរកថា​មន្ត្រី​អាមេរិក​បានធ្វើ​ឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​មកពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ជួបប្រជុំគ្នា​កាលពី​ព្រឹក​ម្សិលមិញ ជាមួយ​បណ្តា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខាង​ផ្លូវទឹក ក្រុម​ពាណិជ្ជករ និង​អ្នក​ដទៃទៀត ដើម្បី​ធ្វើការ​ពិភាក្សា​ពី​របៀប​ដែល​វិស័យ​ឯកជន​អាចជួយ​រារាំង​សកម្មភាព​ខុសច្បាប់​រប​ស់​កូរ៉េខាងជើង​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា «​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ អ្នក​ចូលរួមបាន​ពិភាក្សា​ពី​យន្តការ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​វិស័យ​ឯកជន​រដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ ដើម្បី​រកឃើញ​និង​រារាំង​ការដឹកជញ្ជូន ដែល​ទាក់ទង​នឹង​កូរ៉េខាងជើង​និង​វិធានការ​សកម្ម ដើម្បី​បញ្ឈប់​ការផ្តល់​ការធានារ៉ាប់រង និង​សេវាកម្ម​ផ្សេងទៀត ដល់​នាវា និង​អង្គភាព​នានា ដែល​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​»​។​ ​ក្រសួងការបរទេស​ក៏បាន​ជំរុញ​ដល់​មេដឹកនាំ​ផ្នែក​ឯកជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ឲ្យ​បញ្ចប់​សកម្មភាព​ទាំងអស់ ដែល​អាចជួយ​ដល់​ការផ្គត់ផ្គង់​ប្រេង​ចម្រាញ់ ឬ​សកម្មភាព​ដឹកជញ្ជូន​ផ្សេងៗ​របស់​កូរ៉េខាងជើង​។ សេចក្តីថ្លែងការណ៍​នោះបាន​សង្កត់ធ្ងន់ថា អង្គភាព ឬ​នាវា​ទាំងឡាយណា ដែល​ត្រូវបាន​រកឃើញ​គាំទ្រ​ដល់​កូរ៉េខាងជើង នឹងត្រូវ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ពី សហរដ្ឋអាមេរិក​។ ក្រសួងការបរទេស​ក៏បាន​និយាយ​ផងដែរ​ថា ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង​នៅតែ​បន្ត​រហូត​ទាល់តែ​ទីក្រុង​ព្យុងយ៉ាង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ទាំងស្រុង​៕