ស្ថានការណ៍​កាន់តែ​តានតឹង​! ចិន​ដាក់ពង្រាយ​មី​ស៊ី​ល​ពិឃាត​នាវា បន្ទាប់ពី​អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរ​ប្រជុំ​កោះ​របស់ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
323
(​ទីក្រុង​ប៉េកាំង​)៖ ក្រោយ​អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​ប្រភេទ​អា​ឡេ​បឺ​ខ្លាស USS McCampbell ទៅកាន់​តំបន់​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ធ្វើ​នាវាចរណ៍​ដោយ​សេរី ទីក្រុង​ប៉េកាំង​បាន​ថ្កោល​ទោល​យ៉ាងខ្លាំង​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​ចូល​ដែនទឹក​របស់ខ្លួន​។​ ​ប្រឈម​ទៅនឹង​ការ​តម្លើង​សាច់ដុំ​របស់​អាមេរិក កងកម្លាំង​យោធា​ចិន​បាន​ចល័ត​គ្រាប់​មី​ស៊ី​ល​ថ្មី​របស់ខ្លួន DF-26 ដែលជា​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​មាន​សមត្ថ​ភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រឆាំង​នាវាចម្បាំង ទៅកាន់​ភា​ពាយ័ព្យ​នៃ​តំបន់​ខ្ពង់រាប ដើម្បី​បញ្ជូន​សារ​ព្រមាន​ទៅកាន់​នាវា​ពិឃាត​អាមេរិក​។ នេះ​បើតាម​កាសែត Global Times ដែល​បាន​រាយការណ៍ ដោយបាន​ស្រង់​ពី​ទូរទស្សន៍​កណ្តាល CCTV របស់​ចិន​។​ ​កាសែត​ដដែល​បាន​សង្កត់ធ្ងន់ថា «​វា​មិនត្រូវ​បានបញ្ជាក់​ឱ្យ​ច្បាស់​ថា នៅពេលណា​ដែល​មី​ស៊ី​ល​នេះ ត្រូវបាន​ចល័ត និង​ថា​តើ​ការដាក់​ពង្រាយ​របស់​ពួកគេ​ជាការ​ដាក់ពង្រាយ​អចិន្ត្រៃយ៍ ឬ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ហ្វឹកហាត់​នោះទេ​។ គ្រាប់​មី​ស៊ី​ល​នេះ​ឥឡូវនេះ​ត្រូវបាន​ដាក់ពង្រាយ និង​អាចធ្វើ​ប្រតិបត្តិការ​ចល័ត​នៅ​ទូ​តាំង​ប្រទេស​នេះ​»​។​ ​អ្នកសង្កេតការណ៍​យោធា​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពន្យល់ថា «​ទោះបីជា​មី​ស៊ី​ល​នេះ​បាញ់​ចេញពី​ដីគោក​ចិន​ក៏ពិតមែន ប៉ុន្តែ​មី​ស៊ី​ល​នេះ​មា​នស​ត្ថ​ភាព​គ្រប់​គ្រាប់​ក្នុងការ​គ្រប់​ដណ្តប់​លើ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូ​អ​បាន​»​។​ ​ការ​ចល័ត​គ្រាប់​មី​ស៊ី​ល​របស់​ទីក្រុង​ប៉េកាំង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​បាន​បញ្ជូន​នាវា​ពិឃាត​មួយគ្រឿង​ធ្វើដំណើរ​ចូល​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​វ៉ាងទី​លើ​តំបន់​អន្តរជាតិ​នោះ​ថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។​ ​នាវា​ពិឃាត McCambell បានធ្វើ​ដំណើរ​ទៅកាន់​តែ​កៀក​ទៅនឹង​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល ដែល​ចិន​ហៅថា ស៊ី​សា និង​វៀតណាម​ហៅថា ហ័ង​សា​ទាមទារ​ដោយ​វៀតណាម និង​តៃវ៉ាន់​។ ការបង្ហាញ​ខ្លួន​នាវា​ពិឃាត​អាមេរិក​នេះ ធ្វើឡើង​ដើម្បី​ផ្គើន​ទៅនឹង​ការ​គម្រាមកំហែង​របស់​មន្ត្រី​យោធា​ចិន​ថា ចិន​ត្រូវតែ​បាញ់​ពន្លិច​នាវា​អាមេរិក​ទាំងឡាយណា​ដែល​ព្រហើន​ចូល​ដែនទឹក​ដែល​ខ្លួន​កំពុងតែ​កាន់កាប់​។ ក្រោយ​ការ​គម្រាម​នេះ អាមេរិក​បញ្ជូន​នាវាចម្បាំង​ទៅ​ផុស​នៅលើ​ផ្ទៃ​ទឹក​ដែល​ចិន​កំពុងតែ​គ្រប់គ្រង ដើម្បី​ឲ្យ​ចិន​បាញ់​ល​មើល ថា​ហ៊ាន​បាញ់​ពន្លិច​មែន​អត់​។​ ​ជារឿយៗ អាមេរិក​បាណ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់​ទៅ​ហោះ​និង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ ដែល​ចិន​កំពុងតែ​អះអាង អាងយ៉ាង វ៉ាងទី​ថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។ តុលាការ​អចិ​ន្ត្រៃ​ប្រចាំ​ទីក្រុង​ឡាអេ​ធ្លាប់បាន​សម្រេច​ក្តី​ឲ្យ​ចិន​ដកទ័ព​ចេញពី​តំបន់​នេះ​ម្តង​ហើយ និង​បាន​ទាត់ចោល​លើ​ការ​វ៉ាងទី​របស់​ចិន​ថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​។ វត្តមាន​ចិន​នៅក្នុង​តំបន់​នេះ ត្រូវបាន​គេ​មើលឃើញថា កំពុងតែចាក់រឹស​ដុះ​ស្លែ ដែល​មេបញ្ជាការ​អាមេរិក​បាន​និយាយថា ចង់​ឲ្យ​ចិន​ដកទ័ព​ចេញពី​តំបន់​នេះ មានតែ​ប្រកាសសង្គ្រាម​វាយកម្ទេច​ទីក្រុង​ប៉េកាំង​ចោល​តែម្តង​ទេ ទើប​ចិន​លែង​វ៉ាងទី​នៅក្នុង​តំបន់​នេះ​។​ ​កាលពី​ខែមេសា ឆ្នាំមុន កងកម្លាំង​គ​ញ​រាប់​រ៉ុក្កែត​រំដោះប្រជាជន​ចិន បាន​សម្ញែង​គ្រាប់​មី​ស៊ី​ល DF-26 ដែល​ហៅថា ឃា​តុ​ករ​នៃ​កោះ​ហ្គាំ ដែល​អាច​កម្ទេច​មូលដ្ឋាន​អាមេរិក​នៅលើ​កោះ​នេះ​បាន​។ កាលនោះ​អាមេរិក គ្រាន់តែ​ឮដូច្នេះ បានធ្វើ​សមយុទ្ធ​កងទ័ពអាកាស​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ហា​ញក​ម្ឡាំ​ង​ដល់​ចិន​៕