ព្រះកាយ ច័ន្ទ កំពុងមាន​កង្វល់​ខ្លាំង​ជាមួយ​សម្លៀក​ពាក់​បុរាណ ខណៈ​ក្លាយជា​តួ​ស្ដ្រី​របាំ

សិល្បៈកម្សាន្ត
0
514
​ទោះបីជា​មានឱកាស​បាន​ក្លាយ​តួឯក​ជាច្រើន​រឿង​ក៏ដោយ ប៉ុន្ដែ​កញ្ញា ព្រះកាយ ច័ន្ទ បាន​សម្ដែង​នូវ​ក្ដីកង្វល់​យ៉ាងខ្លាំង គ្រា​ដែល​ក្ដីកង្វល់​នេះ​ត្រូវបាន​នាង​ចាត់ទុកថា ជា​រឿង​រសើប​សម្រាប់​ទស្សនិកជន​ទូទាំងប្រទេស ក្នុងឱកាស​ដែល​នាង​ក្ដាប់បាន​តំណែង​តួឯក​ស្រី​នៅក្នុង​រឿង​«​ពិស​ស្នេហ៍​» ជា​វណ្ណ​កម្ម​ថ្មី​មួយទៀត​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​។​ ​បន្ទាប់ពី​បញ្ចប់​ពិធី​ក្រុង​ពាលី​រឿង​«​ពិស​ស្នេហ៍​» កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហាញ​ពី​ទឹកមុខ​រីករាយ​លាយឡំ​នឹង​ក្ដីបារម្ភ​នៅពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប​ណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ថា នាង​មាន​ភាពសប្បាយ​រីករាយ​ដោយសារតែ​អ្នកដឹកនាំ​រឿង​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ បានផ្ដល់​ឱកាស​ឲ្យ​នាង​សម្ដែង​ជា​តួឯក​ស្រី​តួ​ឈ្មោះ រា​ជនី​ស្ងួន ដែលជា​ស្រី្ដ​របាំ​នៅក្នុង​រឿងនេះ​។ អ្វីដែល​ធ្វើ​ឲ្យ​នាង​រំភើប​នោះ​គឺ​នាង​ជា​អតីត​សិស្ស​របាំ​នៅក្នុង​សាលា​វិចិត្រសិល្បៈ​ដែល​មានការ​ហាត់រៀន​បាន​យ៉ាង​ត្រឹមត្រូវ​ជិត​២០​ឆ្នាំ​មកហើយ ប៉ុន្ដែ​ពុំដែល​បាន​យក​ទេព​កោ​លស​ល្យ​នេះ​មក​បង្ហាញ​ទស្សនិកជន​ឡើយ​។ ​ ​កញ្ញា ព្រះកាយ ច័ន្ទ បញ្ជាក់​ក្នុង​រឿង​«​ពិស​ស្នេហ៍​»​នេះ​ដូចជា​ការផ្ដល់​ឱកាស​ស​ម្រា​ប់​ខ្ញុំ​ឲ្យ​បង្ហាញ​ទេពកោសល្យ​រាំ​របាំ​ទៅកាន់​អ្នកគាំទ្រ​និង​ទស្សនិកជន​របស់ខ្ញុំ​ដូច្នេះ​ដែរ​»​។ ទោះយ៉ាងណា​នាង​ក៏​បង្ហាញ​ការ ព្រួយបារម្ភ​ទៅលើ​សម្លៀកបំពាក់​បុរាណ ពិសេស​នោះ​គឺ​ម្កុ​ជ តែម្ដង​។ ដោយ​នាង​ប្រាប់ទៀតថា ម្កុ​ជ​របស់​នាង​ដែល​ត្រូវ​ពាក់​លើ​ក្បាល ជា​គំរូ​ម្កុដ​ស្ដ្រី​របាំ តាំងពី​១០០​ឆ្នាំមុន​ម្លេះ ជា​ស្ត្រី​របាំ​លាបមុខ​ស​។ ហើយ​ម្កុដ នេះ​ពុំ​សូវ​មាន​ច្រើន​ទេ ហើយក៏​ពិបាក​ស្វែងរក​ដែរ​។ ប្រសិនបើ​ធ្វើ​ក៏ត្រូវ​ប្រើពេល​យូ​ដែរ ម្កុដ​ដែល​នាង​យកមក​គ្រង​លើ​ក្បាល​នេះ​គឺ​វា​ពុំទាន់​ត្រូវ​ក្បាល ឬ​ត្រូវ​ស្ដង់ដារ​នូវឡើយ​ទេ​។​ ​ព្រះកាយ ច័ន្ទ បន្ដ​ខុស​ស្ដង់ដា​នោះ​មិនមែន​ខុស​ក្បាច់បុរាណ​ទេ រាល់​ក្បាច់រចនា​គឺ​ត្រឹមត្រូវ​តាម​ទម្រង់​បុរាណ​ទាំងអស់ ខុស​ត្រង់​ម្កុដ​នេះ​តូច​ជា​ក្បាល​របស់​នាង ព្រោះ​គេ​ត្រូវ​យកមក​ពាក់​ឲ្យ​គ្រប​ល់​ថ្ងាស ប៉ុន្ដែ ម្កុដ​តូច​ជាង​ក្បាល ដូច្នេះ​ពេល​ពាក់​ទៅ​ម្កុដ មិនបាន​គ្រប​ដល់​ថ្ងាស​តាម​ស្ដង់ដារ​។ ដូច្នេះហើយ​នាង​បារម្ភ​ថា នឹង​អាច​ទទួលរង​ការរិះគន់​ពី​ប្រិ​យ​មិ​ត្ដ និង​អ្នក​ដែលមាន​ជំនាញ​ខាង​របាំ​បុរាណ​។ ទោះយ៉ាងណា​ព្រះកាយ​ច័ន្ទ អះអាងថា នាង​នឹង​ខិតខំ​ស្វែងរក​ម្កុ​ជ​នេះ​ពី​សំណាក់​គ្រូ និង​អ្នកអង្គម្ចាស់​មួយរូប​ដែលមាន​ម្កុដ​នេះ​នៅក្នុង​ដៃ​។ ជាង​នេះ​នាង​នឹង​យក​ឈុត​សម្លៀកបំពាក់​បុរាណ និង​ម្កុដ​នោះ​ទៅ​រក្សា​ទុកដាក់​នៅផ្ទះ​ឲ្យ​បានល្អ​បំផុត​រហូតដល់​ថ្ងៃ​បញ្ចប់​ការថត ព្រោះ​នាង​ជឿថា​សំលៀកបំពាក់​បុរាណ​បែបនេះ​មានការ​តំ​ដម​ច្រើន មិនអាច​ទុកចោល​ផ្ដេសផ្ដាស​ឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ការ​រាំ​របាំ​វិញ​នោះ​ត្រូវបាន​នាង​អះអាងថា ទោះបីជា​នាង​ខាន​រាំ​របាំ​បុរាណ​ប្រហែល​៧​ឆ្នាំ​ទៅហើយ​ក្ដី ប៉ុន្ដែ​នាង​គ្មាន​ការបារម្ភ​ទេ ព្រោះ​រាល់​ក្បាច់​មូលដ្ឋាន​នៃ​ការ​រាំ និង​ទម្រង់​នៃ​ការ​រាំ​នាង​ចាំ​យ៉ាងច្បាស់ ពិសេស​នោះ​មុនពេល​ថត​ចេញ​ថត​នាង​បាន​ព្យាយាម​ទៅ​ហ្វឹកហាត់​ជាមួយ​លោក​គ្រួ​អ្នកគ្រូ​ឡើងវិញ​ដើម្បី​ធ្វើយ៉ាងណា​រំលឹក​នូវ​ទេពកោសល្យ​ចាស់​ឡើងវិញ​។ កញ្ញា​ព្រះកាយ ច័ន្ទ បន្ថែមថា​«​រាល់​ការសម្ដែង​តែងមាន​ការសរសើរ​នឹង​រិះគន់​យ៉ាងណា​ខ្ញុំ​សុំ​ចិត្ដទ​ស្ស​និក​ជន និង​បងប្អូន​ទាំងអស់ ប្រសិនបើ​ការសម្ដែង​របស់ខ្ញុំ​មានការ​ខ្វះខាត​លើសលោះ សូម​អភ័យទោស​ផង​។ ក្នុង​រឿងនេះ​ខ្ញុំ​នឹង​ប្រឹងប្រែង​សម្ដែង នឹង​ហ្វឹកហាត់​រាល់​ចំណុច​ណាមួយ​ដែល​ខ្ញុំ​យល់ថា វា​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បំពេញ​ឲ្យ​បានល្អ​ដើម្បី​បម្រើ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​»៕ ​