អាមេរិក​ត្រៀម​បញ្ជូន​កងទ័ព ៥​ពាន់​នាក់​ទៅកាន់​កូ​ឡំ​ប៊ី​ជាប់​ព្រំដែន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

ព្រឹត្តិការណ៍ថ្មីៗ
0
238
​សារព័ត៌មាន Huffpost របស់​អាមេរិក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មករា​នេះ​ថា មន្ត្រីរដ្ឋបាល​លោក​ត្រាំ​បាន​អះអាងថា «​ជម្រើស​ទាំងអស់​រួមទាំង​ជម្រើស​យោធា គឺ​ស្ថិតនៅលើ​តុ​ចរចា ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប៉ុនប៉ង​របស់ខ្លួន​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ចេញពី​អំណាច​។ កំណត់ត្រា​សរសេរ​ដៃ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​ច​ន បុល​ថុ​ន​ត្រូវបាន​គេ​ជឿថា អាមេរិក​នឹងដាក់​ពង្រាយ​កងកម្លាំង​របស់ខ្លួន​ទៅកាន់​តំបន់​នេះ​។​ ​ក្នុងអំឡុងពេល​សន្និសីទ​កាសែត​របស់​សេត​វិមាន​មានន័យថា ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​ម៉ា​ឌូ​រ៉ូ និង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Bolton ត្រូវបាន​គេ​ថតរូប​កាន់​ក្រដាស​ច្បាប់​ពណ៌​លឿង​ដែល​អាន​ថា «​ទាហាន ៥​ពាន់​នាក់ ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី ដែលជា​ប្រទេសមួយ​ស្ថិត​នៅជាប់​ព្រំដែន​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​តែម្តង​»​។​ ​នៅពេលដែល​ត្រូវបាន​សួរថា​តើ​ថា​តើ​ការបញ្ជូន​កងទ័ព​ទៅកាន់​កូ​ឡំ​ប៊ី​ស្ថិតក្នុង​ការពិចារណា​ឬ​យា់ង​ណា អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយថា «​ដូចដែល​ប្រធានាធិបតី​បានលើកឡើង​ហើយ​ថា ជម្រើស​ទាំងអស់ គឺ​ស្ថិតនៅលើ​តុ​ចរចា​»​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​មួយរូប​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ពួកគេ​មិនបាន​ឃើញ​ពី​ការគាំទ្រ​ណាមួយ​លើ​កំណត់ត្រា​របស់លោក​បុ​ថុ​ន​នោះទេ​។​ ​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​រដ្ឋាភិបាល​ប្រទេស​នេះ​។ ធនាគារ​ចក្រភព​អង់គ្លេស​បាន​បិទ​ខ្ទប់​មាស​ម៉ា​ឌូ​រ៉ូ ១,២​ពាន់​លាន​ដុល្លារ​មិន​ឲ្យ​ដកចេញ​បាន ខណៈដែល​មាស​ជាង ១​ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​បង្វែរ​ទៅ​គណបក្សប្រឆាំង​វិញ​។ សហរដ្ឋអាមេរិក​ក៏​គ្រោង​នឹងដាក់​ទណ្ឌកម្ម​ប្រេង​លើ​ប្រទេស​នេះ​ផងដែរ ដើម្បី​បន្សាបអំណាច​លោក​ម៉ា​ឌូ​រ៉ូ​។ ក្រោម​ការដាក់ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​អាមេរិក​អាច​បន្ត​ទិញ​ប្រេង​របស់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន ប៉ុន្តែ​ការទូទាត់​ត្រូវតែ​ដាក់​ក្នុងគណ​នីមួយ ដែល​ម៉ា​ឌូ​រ៉ូ​មិនអាច​ដកយក​បាន​។​ ​ការប្រកាស​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​បានធ្វើ​ឡើង​បន្ទាប់ពី​លោក​ម៉ា​ឌូ​រ៉ូ​នៅតែ​បន្ត​មិន​ព្រម​ចុះ​ចេញពី​អំណាច ខណៈដែល​កំពុង​ប្រឈមមុខ​ទៅនឹង​សម្ពាធ​ពី​សេត​វិមាន​។ សហរដ្ឋអាមេរិក​សង្ឃឹម​ថា ទណ្ឌកម្ម​នេះ​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បំបែក​ឆន្ទៈ​កងកម្លាំង​ដែល​បន្ត​គាំទ្រ​របប​មួយ​នេះ​។​ ​ទន្ទឹមនេះ អ្នកវិភាគ​ព្រមាន​ថា សហរដ្ឋអាមេរិក​អាច​នឹងធ្វើ​អន្តរាគមន៍​កម្លាំងយោធា​នៅក្នុង​ប្រទេស​នេះ ប្រសិនបើ​វិបត្តិ​មន​សុ្ស​ធម៌​នៅក្នុង​ប្រទេស​នេះ នៅតែ​បន្ត​។​ ​សហរដ្ឋអាមេរិក​ធ្លាប់​ព្យាយាម​ផ្តួលរំលំ​របប​សង្គមនិយម​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្តង​ហើយ កាលពី​ឆ្នាំ ២០០២ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី Hugo Chavez ។ ការប៉ុនប៉ង​នេះ​ធ្វើឡើង​ដោយសារតែ​ប្រទេស​នេះ​មាន​និន្នាការ​ប្រឆាំង​ទៅនឹង​អាមេរិក ប៉ុន្តែ​ការ​ប៉ុង​ប៉ង​កាលនោះ​បានទទួល​បរាជ័យ​។​ ​ពាក់ព័ន្ធ​ទៅនឹង​រឿង​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នេះដែរ រុស្ស៊ី​បាន​ព្រមាន​សហរដ្ឋអាមេរិក​អំពី​ការបញ្ជូន​កងកម្លាំង​ចូល​អន្តរាគមន៍​នៅក្នុង​ប្រទេស​នេះ​។ នៅ​ថ្ងៃទី​២៩ មករា​នេះ សារព័ត៌មាន News Week បានសរសេរថា រុស្ស៊ី និង​អ៊ីរ៉ង់​ជួបចរចា​គ្នា​ស្តីពី​វិបត្តិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​បាន​ព្រមាន​ឲ្យ​សហរដ្ឋអាមេរិក​នៅ​ឲ្យ​ឆ្ងាយ​ពី​ការចូល​អណ្តរាគមន៍​ទៅលើ​ប្រទេស​នេះ​។ ​កាលពី​បី​ថ្ងៃ​មុននេះ រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​កងកម្លាំង​យោធា​ជាប់កិច្ចសន្យា ឬ​ហៅថា​ទាហាន​ស៊ីឈ្នួល​ទៅកាន់​ប្រទេស​នេះ ៤០០​នាក់​។ សារព័ត៌មាន The New York Times បាន​សរសេរ​ថ្មីៗ​នេះ​ថា កងកម្លាំង​ស៊ីឈ្នួល​រុស្ស៊ី ៤០០​នាក់​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ យ៉ាងណាមិញ សារព័ត៌មាន​ស្ពុ​ត​និករ​បស់​រុស្ស៊ី​បាន​សរសេរ​ទាត់ចោល​របាយការណ៍​ដែលថា កងកម្លាំង​ទាហាន​របស់ខ្លួន​មាន​វត្ត​មាននៅ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ប្រភព​ដដែល​បាន​ស្រង់​សម្តី​ក្រសួងការបរទេស​ដែល​បានលើកឡើង​ដោយ​បដិសេធ​នូវ​ការលើកឡើង​បែប​នោះ​។​ ​កាលពី​ខែ​មុន រុស្ស៊ី​បាន​បញ្ជូន​កងកម្លាំង​យោធា​របស់ខ្លួន​ទៅកាន់​ប្រទេស​នេះ ដោយមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធន់​ធ្ងន់​ផងដែរ​៕ ​