ជាថ្មី​ម្តងទៀត លោកពូ​ទីន​ព្រមាន​ថា រុស្ស៊ី​នឹង​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក ប្រសិនបើ​អាមេរិក​ហ៊ាន​តែ​ដាក់ពង្រាយ​មី​ស៊ី​ល​នៅ​អ៊ឺរ៉ុប​

ព្រឹត្តិការណ៍ថ្មីៗ
0
242
​សារព័ត៌មាន Fox News បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ កុម្ភៈ ២០១៩​នេះ​ថា លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែ​ការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ដោយបាន​ព្រមាន​ថា រុស្ស៊ី​នឹង​កំណត់​ដោល​ដៅ​ទៅលើ​សហរដ្ឋអាមេរិក​ដោយ​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​របស់ខ្លួន ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់ពង្រាយ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ទៅកាន់​តំបន់​អ៊ឺរ៉ុប​។​ ​គ្រាប់​មី​ស៊ី​ល​រុស្ស៊ី​ប្រភេទ ហ្សឺ​ខូ​ន ដែល​រុស្ស៊ី​បាន​អះអាងថា​មាន​ល្បឿន​លឿន​ជាង​សម្លេង ៩​ដង អាច​ហោះ​បាន​ក្នុង​ចម្ងាយ ៩៩៨​គីឡូម៉ែត្រ ដែល​វា​ជា​មី​ស៊ី​ល​ទើបត្រូវ​បានធ្វើ​ទំនើបកម្ម​ប្រឆាំង​គូសត្រូវ​អាមេរិក​របស់ខ្លួន​។​   ​សេចក្តីប្រកាស​ព្រមាន​ធ្ងន់ៗ​ពី​សំណាក់​លោកពូ​ទីន​បែបនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ ដែល​អាមេរិក និង​សូ​វៀតបាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ឆ្នាំ ១៩៨៧​។ លោកពូ​ទីន​បាន​ចោទប្រកាន់ថា សហរដ្ឋអាមេរិក​បាន​ធ្វើការ​ចោទប្រកាន់​ខុស​មកលើ​រុស្ស៊ី ដើម្បី​បង្ហាញ​ហេតុផល​ពី​ការសម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​ ​លោកពូ​ទីន​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា រុស្ស៊ី​នឹង​មិនមែនជា​ប្រទេស​ទីមួយ​ដែល​ដាក់ពង្រាយ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ថ្មី នៅ​អ៊ឺរ៉ុប​នោះទេ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា រុស្ស៊ី​នឹងធ្វើ​ការសង​សឹក​ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ត​ម្លើ​ង​មី​ស៊ី​ល​នៅ​ទ្វីប​មួយ​នេះ​។ ​លោកពូ​ទីន​បន្តថា អាវុធ​ដែល​លោក​បានប្រកាស​កាលពី​ឆ្នាំមុន​រួមមាន​គ្រាប់​មី​ស៊ី​ល​ប្រដែ​ត Burevestnik និង​ដ្រូ​ន​ក្រោម​ទឹក​នុយក្លេអ៊ែរ Poseidon កំពុង​ត្រូវបានធ្វើ​ការសាកល្បង​ប្រកបដោយ​ជោគជ័យ​។​ ​ទន្ទឹមនេះ លោកពូ​ទីន​បាន​បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​ខ្លួន​នឹងត្រូវ​ទទួលយក​នូវ​ការធ្វើ​ទំនើបកម្ម ដោយមាន​អាកាសយានដ្ឋាន​ចំនួន ៦០​កន្លែង​នឹងត្រូវ​ធ្វើ​ឲ្យ​ប្រសើ​ឡើង​ក្នុង​រយៈពេល ៦០​ឆ្នាំ​ទៀត​។​ ​ការបង្កើន​អនុភាព​កម្លាំង​សព្វាវុធ​រុស្ស៊ី​នេះ ធ្វើឡើង​ក្រោយ​ការប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ពី​សំណាក់​សហរដ្ឋអាមេរិក​។ អ្នកវិភាគ​និយាយថា នឹងមាន​ការប្រណាំង​ប្រជែង​គ្នា​យ៉ាងពិត​ប្រាកដ​ខាង​គ្រឿង​សព្វាវុធ ប្រសិនបើ​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ​៕ ​