សហរដ្ឋអាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ហោះ​ទៅជិត​ប្រជុំ​កោះ​ដែល​ចិន​កំពុង​កាន់កាប់ និង​វ៉ាងទី​

ព្រឹត្តិការណ៍ថ្មីៗ
0
249
​សារព័ត៌មាន CNN បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ មីនា​នេះ​ថា សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​ហោះ​នៅ​ជិត​ប្រជុំ​កោះ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងតែ​កាន់កាប់ និង​កំពុងតែ​វ៉ាងទី​នៅក្នុង​តំបន់​។​ ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​មូលដ្ឋាន​កងទ័ពអាកាស​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹងថា «​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 H Stratofortress ពីរ​គ្រឿង​បាន​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អេ​ន​ឌើ​សិន​នៃ​កោះ​ហ្គាំ កាលពី​ថ្ងៃទី ៤​មីនា ឆ្នាំ ២០១៩»​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយទៀតថា «​យន្តហោះ​ទម្លាក់​គ្រាប់បែក​មួយគ្រឿង​បានធ្វើការ​ហ្វឹកហាត់ នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង មុន​ត្រឡប់​ទៅកាន់​មូលដ្ឋាន​កោះ​ហ្គាំ​វិញ រីឯ​យន្តហោះ​មួយគ្រឿង​ទៀត​បានធ្វើការ​ហ្វឹកហាត់​នៅក្នុង​តំបន់​ជប៉ុន ក្នុងការ​សហការ​ជាមួយ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក និង​កងទ័ពអាកាស​ជ​ប៉ុន មុននឹង​វិល​ចូល​មូលដ្ឋាន​នៅ​កោះ​ហ្គាំ​»​។​   ​ប្រតិបត្តិការ​ជើងហោះហើរ​ទាំងពីរ គឺជា​ផ្នែក​នៃ​បេស​សក​កម្ម​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បន្ត​រយៈពេល​វែង​របស់​បញ្ជាការ​សហរ​ដ្ឋ​អា​មេ​រិ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​កម្លាំងយោធា​និយាយថា ខ្លួន​មានបំណង​ក្នុងការ​រក្សា​ការត្រៀមខ្លួន​រាល់រាល់​។ ការហោះ​ទៅកាន់​តែ​កៀក​ទៅនឹង​ប្រជុំ​កោះ​ដែល​ចិន​កាន់កាប់​កាលពី​ថ្ងៃ​ចន្ទ គឺធ្វើឡើង​ដោយ​អនុ​ឡោម​តាមច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ​។ នេះ​បើតាម​កងកម្លាំង​អាកាស ដែល​បាន​និយាយ​។​ ​ជារឿយៗ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ ទៅ​ហោះ​រំលង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា តំបន់​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​កម្ម​សិទ្ធ ឬ​ជា​របស់​ដូនតា​អ្នកណា​បន្សល់ទុក​ឲ្យ​នោះទេ ប៉ុន្តែ តំបន់​នេះ គឺជា​តំបន់​ដែនទឹក​អន្តរជាតិ​ពេញទី​។​ ​សារព័ត៌មាន ABC បាន​រាយការណ៍​ថា សហរដ្ឋ​បាន​បង្វែរ​យន្តហោះ B-1, B-52 និង​យន្តហោះ B-2 Spirit ចេញពី​មូលដ្ឋាន​អាន​ឌើ​សិន នៅលើ​កោះ​ហ្គាំ ចាប់តាំងពី​ឆ្នាំ ២០០៤ ជា​ផ្នែក​នៃ​បេស​សក​កម្ម​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​បន្ត​របស់ខ្លួន​។​ ​រដ្ឋាភិបាល​ចិន​មានការ​ខ្លាចរអា​អំពី​កម្លាំងយោធា​សហរដ្ឋអាមេរិក​នៅ​ជិត​តំបន់ ដែល​ខ្លួន​កំពុងតែ​កាន់កាប់​។​ ​កាលពី​ខែកញ្ញា ចិន​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​បើក​ទៅ​បំ​បុក​នាវាចម្បាំង​អាមេរិក ដែល​កំពុង​ធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​តំបន់​ដែនទឹក​អន្តរជាតិ​។ ទង្វើ​នេះ​បញ្ជាក់ថា ចិន​កំពុងតែ​វ៉ាងទី​ផ្តាច់មុខ​នៅក្នុង​តំបន់​៕ ​