ឧ​ត្ត​ម​សេនីយ៍​កំពូល​អាមេរិក​ប្រចាំ​អ៊ឺរ៉ុប​៖ កុំ​លក់​យន្តហោះ F-35 ឲ្យ​ទួរគី បើ​ប្រទេស​នេះ​នៅតែ​រឹងក្បាល​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី​ទៀត​

ព្រឹត្តិការណ៍ថ្មីៗ
0
280
(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ មន្ត្រី​កំពូល​នៅក្នុង​អង្គការ​ណា​តូ និង​ជា​ប្រធាន​កងកម្លាំង​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អ៊ឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គការ​ថា ប្រសិនបើ​ទួរគី​នៅតែ​បន្ត​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី​ទៀត​នោះ លោក​នឹង​ណែនាំ​ឲ្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បដិសេធ​នូវ​ការបញ្ជាទិញ​យន្តហោះ​ចម្បាំង F-35​។​ ​ធ្វើ​សក្ខីកម្ម​នៅមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា លោក​ឧ​ត្ត​ម​សេនីយ៍ Curtis Scaparrotti បាន​និយាយថា វា​នឹង​ក្លាយជា​ដំបូន្មាន​យោធា​ដ៏​ល្អ​បំផុត​របស់លោក ដែលថា​ការលក់​យន្តហោះ​ចម្បាំង F-35 ទៅ​ឲ្យ​ប្រទេស​នេះ​នឹងត្រូវ​កាត់ផ្តាច់ ប្រសិនបើ​ប្រទេស​នេះ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400​។​ ​លោក Scaparrotti បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​ពួកគេ​ទទួលយក S-400 ដើម្បី​ដាក់​តម្លើង​វា​នៅក្នុង​ប្រទេស​ទួរគី បញ្ហា​ទីមួយ​នៅត្រង់ថា វា​មិនមាន​អន្តរ​ប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អង្គការ​ណា​តូ ហើយក៏​គ្មាន​អន្តរ​ប្រតិបត្តិការ​នៅ​ផ្នែក​ខាងក្នុង នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែល​ត្រូវបានធ្វើ​សមាហរណកម្ម​ផងដែរ​។ បញ្ហា​ទី​ពីរ គឺពាក់ព័ន្ធ​ទៅនឹង​យន្តហោះ​ចម្បាំង F-35​។ វា​បង្ហាញ​ពី​បញ្ហា​ចំពោះ​យន្តហោះ​ចម្បាំង​របស់​យើង ប៉ុន្តែ​យន្តហោះ F-35 ខ្ញុំ​ជឿជាក់​លើ​វា​»​។​ ​ការព្រួយបារម្ភ​អំពី​ការសម្រេចចិត្ត​របស់​ទួរគី​ក្នុង​ការទិញ​ប្រព័ន្ធ S-400 មិនមែនជា​រឿង​ថ្មី​នោះទេ​សម្រាប់​ទួរគី​។ មន្ត្រី​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ជឿជាក់ថា ប្រទេស​រុស្ស៊ី​អាច​ទទួលបាន​ព័ត៌មាន​ដ៏​គ្រោះថ្នាក់​មួយ ស្តីពី​យន្តហោះ​ប្រយុទ្ធ​ជំនា​ន់ទី ៥ ប្រសិនបើ​ប្រព័ន្ធ​នេះ​ត្រូវបាន​ផ្សារភ្ជាប់​គ្នា​នោះ​។​ ​សេចក្តីថ្លែងការណ៍​រប​ស់លោក Scaparrotti គឺជា​សេចក្តីថ្លែងការណ៍ គួរឱ្យកត់សំគាល់ ជាពិសេស​ដោយសារ​លោក​ក៏​ជា​មេបញ្ជាការ​សម្ព័ន្ធមិត្ត​កំពូល​របស់​ណា​តូ​ផងដែរ​។ ​យោបល​របស់លោក​បែប​នេះ បាន​កើតឡើង​ត្រឹម​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​សន្និសីទ​សន្តិ​សុខ​ទីក្រុង​មុយ​និ​ច ដែល​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Mike Pence បាន​ព្រមាន​ដល់​ប្រទេស​ទួ​ក​គី​ថា «​យើង​នឹងមិន​ឈរ​ស្ងៀម​ទេ ខណៈពេលដែល​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​បាន​ទិញ​អាវុធ​ពី​ពួក​សត្រូវ​របស់​យើង​។ យើង​មិនអាច​ធានា​នូវ​ការការពារ​របស់លោក​ខាងលិច​បានទេ ប្រសិនបើ​សម្ព័ន្ធមិត្ត​របស់​យើង​ពឹង​ផ្អែកទៅលើ​ប្រទេស​ខាងកើត​»​។​ ​សូមបញ្ជាក់ថា ទួរគី​គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 ពី​សហរដ្ឋអាមេរិក​ចំនួន ១០០​គ្រឿង ខណៈដែល​អាកាសយានិក​យន្តហោះ​ចម្បាំង​ទួរគី​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​អាកាសយានិក​អាមេរិក​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Luke នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​។ ជា​លទ្ធផល​នៃ​ការបញ្ជាទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បានចាប់ផ្តើម​ធ្វើការ​សិក្សា​ថា តើ​ខ្លួន​អាច​បណ្តេញ​ទួរគី​ចេញពី​មូលដ្ឋាន​ឧស្សាហកម្ម F-35 បានដែរ​ឬ​យ៉ាងណា​៕ ​