អ៊ីស្រាអែល​ប្តេជ្ញា​ប្រើ​កម្លាំង​សងសឹក​ទៅនឹង​ការបាញ់​គ្រាប់​រ៉ុក្កែត​មកលើ​ខ្លួន​

ព្រឹត្តិការណ៍ថ្មីៗ
0
250
​កាសែត The Times of Israel បានចេញ​ផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ​កាត់ផ្តាច់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មាន​គ្រាប់​រ៉ុក្កែត​ហោះ​ចេញពី​តំបន់​ហ្កា​ហ្សា ដែល​ទំនងជា​ធ្វើឡើង​ដោយ​ស្នាដៃ​ក្រុម​ហា​ម៉ាស់ បាន​បាញ់​ទៅលើ​សំណង់​អាគារ​អ្នកស្រុក​មួយ​នៅ​ភាគ​កណ្តាល ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ៧​នាក់​រងរបួស ក្នុងនោះ​ក៏មាន​ទារក​ពីរ​នាក់​ផងដែរ​។​ ​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា "​ប៉ុន្មាន​នាទី​មុន​ខ្ញុំ​បានបញ្ចប់​កិច្ចប្រជុំ និង​ការពិគ្រោះ​យោបល់​ជាមួយ​មេបញ្ជាការ​នៃ​កងកម្លាំង​អ៊ីស្រាអែល​។ លោក​បាន​ប្ដេជ្ញា​ថា​: «​នេះ​ជាការ​វាយប្រហារ​ឧក្រិដ្ឋ​មកលើ​អ៊ីស្រាអែល ហើយ​យើង​នឹង​ឆ្លើយតប​ដោយ​កម្លាំង​»​។​ ​លោក​បាន​និយាយថា លោក​នឹង​ស្នាក់នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​រយៈពេល​យូរ​ល្មម ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ ណ​ល​ត្រាំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ម៉ោង​នៅក្នុង​ស្រុក​។ ហើយ​ភ្លាមៗ​នោះ លោក​ត្រលប់មក​ប្រទេស​អ៊ីស្រាអែល​វិញ ដើម្បី​ត្រួតពិនិត្យ​ការឆ្លើយតប​របស់លោក​ជាមុនសិន​។​ ​លោ​កនេ​តាន​យ៉ា​ហ៊ូ​គ្រោង​នឹង​ជួប​លោក​ត្រាំ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​សេត​វិមាន ដើម្បី​ចុះហត្ថលេខា​លើ​ការទទួលស្គាល់​អធិបតេយ្យ​ភាព​អ៊ីស្រាអែល នៅក្នុង​តំបន់​ហ្គោ​ឡាន​ហាយ​។​ ​សូមបញ្ជាក់ថា ការលុបចោល​កិច្ចប្រជុំ​ជាមួយ​លោក​ត្រាំ​នេះ ត្រូវបាន​សម្រេច​ពី​លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ក្រោយ​អ៊ីស្រាអែល​រង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់ ដែល​បាន​បាញ់​ទម្លាក់​ទៅលើ​អគារ​មួយ​នៅ​ភាគ​កណ្តាល​។ ជាធម្មតា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល អាយ អិន​ដូ​ម មាន​សកម្មភាព ប៉ុន្តែ​ចំឡែក​តែ​នៅថ្ងៃនេះ ប្រព័ន្ធ​ការពារ​អ៊ីស្រាអែល​មិនមាន​សកម្មភាព​។ មិនទាន់​ឃើញ​មានការ​ប្រកាស​ទទួលស្គាល់​ថា ការបាញ់​គ្រាប់​មី​ស៊ី​ល​នេះ​ជា​ស្នាដៃ​អ្នកណា​ទេ ប៉ុន្តែ​ទំនងជា​ស្នាដៃ​របស់​ក្រុម​ចលនា​ហា​ម៉ាស់​៕