អ្នកនាង ឱក សុគន្ធ​កញ្ញា បង្ហោះ​សារ​ថ្មី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មើល​ហើយ​ចង់​ឡើង​ជាតិ​ស្ករ​

សិល្បៈកម្សាន្ត
0
342
​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​រៀប​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ដែល​ត្រូវបាន​មហាជន​ស្គាល់​ថា​ជា​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​គឺ​លោក អ៊ឹង សុខលី រួចមក ។ ថ្មីៗ​នេះ​អ្នកនាង​ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្វាមី នៅ​ប្រទេស​បារាំង ដែល​ធ្វើ​ឲ្យ Fans ជាច្រើន​មានការ​កោត សរសើរ​ចំពោះ​ក្តី​ស្នេហ៍​ប្តី​ប្រពន្ធ​មួយគូ​នេះ​យ៉ាងខ្លាំង ។​ ​យោងតាម​អ៊ី​ន​ស្ត្រា​ក្រាម​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​នាង​ជិះ​យន្ដហោះ​ទៅលេង​ប្រទេស​បារាំង គឺ​លើក​ទី​១. ជាមួយ​ម្ដាយ​ជាទីគោរព​, លើក​ទី​២. ជាមួយ​ប្អូនស្រី ជាទី​ស្រឡាញ់ និង​លើក​ទី​៣. ជាមួយ​ស្វាមី​ដែល​គឺ​ពេញ​ទៅដោយ​ភាពកក់ក្តៅ និង​ក្តី​ស្រឡាញ់​.....​។ ​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​រៀបរាប់ថា ទម្រាំ​អាចមាន​ថ្ងៃនេះ ទម្រាំ​អាច​តស៊ូ​បាន​មកដល់​ថ្ងៃនេះ ពួកយើង​បាន​ឆ្លងកាត់​នូវ រឿងរ៉ាវ បញ្ហា និង​ការប្រឈមមុខ​ជាមួយគ្នា​ច្រើន​រាប់មិនអស់​។ ពេលខ្លះ ក៏មាន​អារម្មណ៍​ថា ទម្រាំ​តែ​អាច​ឆ្លង​ហួស​នូវ​អារម្មណ៍​តានតឹង និង​ស្រពាប់​ស្រពោន​បាន ស្ទើរតែ​ចង់​បោះបង់​គ្រប់យ៉ាង​ចោល​ទៅហើយ តែ​ចុងក្រោយ ពួកយើង​ក៏​នៅតែ​អាច​បន្ត​មក​ជាមួយគ្នា រហូត​មាន​ថ្ងៃនេះ​ក៏​ព្រោះតែ​យើង​មានចិត្ត​មួយ​ជាមួយគ្នា​នោះ​គឺ​ចិត្ត​ដែល​មិន​ព្រម​បោះបង់ចោល​គ្នា​។​ ​តារា​ស្រី​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្តថា មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​បែបណា​មិន​ថា​ស្ថិតនៅក្នុង​អារម្មណ៍​បែបណា អ្វីដែល​យើង​អាច​រក្សាបាន​នោះ គឺ​ចង់​មាន​ថ្ងៃមួយ​គឺ​ថ្ងៃ​នៃ​ត្រើយ​សុភមង្គល ថ្ងៃ​ដែល​អាច​កាន់​ដៃ​គ្នា​ដើរចូល​រោង​មង្គល​ជ័យ មាន​លោក​មេបា សាច់ញាតិ​បងប្អូន មិត្តភក្តិ ជិត​ឆ្ងាយ មក​ចូលរួម​ដឹងឮ និង​ឲ្យ​ពរជ័យ​។ ចាប់តាំងពី​ថ្ងៃ​ស្រឡាញ់គ្នា​ដំបូង មិន​ថា​ជួប​រឿង​អ្វី​ក៏ដោយ ក៏​ត្រូវតែ​អត់ឱន​ឱ្យ​គ្នា​ឱ្យបាន​ច្រើន ស្ដាប់​គ្នា​ឲ្យ​ច្រើនជាង​ស្ដាប់​អ្នកដទៃ និយាយ​គ្នា​ឱ្យមាន​ហេតុ និង​ផល យល់​ពីគ្នា​ឲ្យ​ច្រើនជាង​ការដែល​យល់​តែ​ចិត្ត​ខ្លួនឯង កុំ​តឹងតែង កុំ​ហួច​ហែង​គ្នា​ហួសហេតុ​ពេក បើក​ចិត្ត​ទទួលយក​រាល់​ចំណុច​អវិជ្ជមាន​រវាង​គ្នា​។​   ​អ្នកនាង ឱក សុគន្ធ​កញ្ញា និយាយទៀតថា ដើម្បី​អាច​ផ្ដល់នូវ​មតិយោបល់ ហើយ​កែប្រែ​គ្នា​ទៅវិញទៅមក​ព្រោះថា អ្នកណាៗ​ក៏​ធ្លាប់​ខុស ព្រោះ​លើ​លោក​នេះ គ្មាន​ឡើយ​មនុស្ស​ដែល​ល្អឥតខ្ចោះ​សូម្បីតែ​យើង​ខ្លួនឯង គឺ​មានតែ​ការព្យាយាម​កែលំអ​គ្នា និង​ទទួលយក​រៀងៗ​ខ្លួន​ទេ​ទើប​អាច​ដើរ​ដល់​ថ្ងៃនេះ អាច​ឆ្លងកាត់​រឿងរ៉ាវ​គ្រប់យ៉ាង​បាន​ជាមួយគ្នា​។ ហើយពី​ថ្ងៃនេះ តទៅ​ថ្ងៃមុខ រហូត​ទៅ គឺ​ត្រូវ​ស្រឡាញ់គ្នា មើលថែ​គ្នា អត់ឱន​ឲ្យ​គ្នា ឲ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​យើង​ចាប់ផ្ដើម គ្រួសារ​មួយ​នេះ គឺ​មានតែ​ពាក្យ​ថា ក្ដី​សុខ និង​សុភមង្គល យើង​នឹង​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូនចៅ កូនក្មួយ​យើង​ទៅ​ថ្ងៃមុខ​។​ ​កុំភ្លេចថា​មាន​មនុស្ស​ច្រើនណាស់​ចាំមើល​យើង អ្នកខ្លះ គេ​មិន​ខ្វល់​ទេ​ថា​យើង​ស្រឡាញ់គ្នា​ប៉ុនណា តែ​គេ​នឹង​ចាំតែ​មើលបំណាំ និង​ចាប់កំហុស​របស់​យើង​តែប៉ុណ្ណោះ តែ​ទោះ​យ៉ាងនេះ​ក្ដី អ្វីដែល​យើង​ត្រូវមាន គឺ​រក្សា​ជំហរ​ឱ្យបាន​ល្អ សម្រាប់​គ្រួសារ​ដ៏​ឧត្តុង្គឧត្តម​របស់​យើង​។​ស្រឡាញ់គ្នា​មិន​ប្រែ ពីថ្ងៃ​នេះ រហូត​ទៅ …..​។​ ​គួរ​រំលឹក​ដែរ​ថា នៅ​ថ្ងៃ​មង្គលការ​ឱក សុគន្ធ​កញ្ញា ហាក់​ត្រូវបាន​មហាជន​និង​តារា​សិល្បករ​ជាច្រើន ចាប់អារម្មណ៍​ច្រើនជាង​តារា​ផ្សេងៗ​ទៀត ព្រោះ​មានការ​តុបតែង​ឆាក​យ៉ាង​ប្រណីត ហើយ​ថែមទាំង​មាន​សម្ដេចនាយក​រដ្ឋមន្ដ្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ដ្រី​ធំៗ​របស់​រដ្ឋាភិបាល​មួយចំនួនទៀត បាន​ចូលរួម​ផងដែរ​។​