ផែង វណ្ណៈ នឹង​បន្ត​នាំទៅ​សាកសួរ​បន្ថែម​តប​តាម​បណ្តឹង​របស់ លោក ខាន់ សុវណ្ណ ចំនួន​៥​ករណី​

ព្រឹត្តិការណ៍ថ្មីៗ
0
266
​លោក ផែង វណ្ណៈ អ្នកលេង​បណ្តាញ​សង្គម​ដ៏​ល្បី​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​និង​នាំទៅ​សាកសួរ នៅ​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​កាលពីពេល​កន្លងទៅនេះ ក្រោយ​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន ដាក់ពាក្យ​ប្តឹង ។​ ​ថ្មី​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​ឆ្មាំ​ពន្ធនាគារ នាំខ្លួន លោក ផែង វណ្ណៈ អ្នកលេង Facebook ចូលមក​សាកសួរ​ជាថ្មីទៀត នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ស្អែក​នេះ តប​តាម​បណ្តឹង​របស់ លោក ខាន់ សុវណ្ណ ដែលជា​អ្នក​អត្ថាធិប្បាយ​នៅលើ​បណ្តាញ​សង្គម Facebook​។​ ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ ហ្វេ​ស​ញូ​ស៍ ការកោះហៅ​ជន​ត្រូវ​ចោទ ផែង វណ្ណៈ ឱ្យ​ចូលមក​បំភ្លឺ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ បាន​សាកសួរ​ដើមបណ្តឹង គឺ​លោក ខាន់ សុវណ្ណ ពាក់ព័ន្ធ​នឹង​ការដាក់​ពាក្យ​ប្តឹង​លោក ផែង វណ្ណៈ ចំនួន​៥​បទល្មើស កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩​។ នៅក្នុង​ការឆ្លើយបំភ្លឺ​ក្នុងនាម​ដើមបណ្តឹង​នេះ លោក ខាន់ សុវណ្ណ បាន​រក្សា​ជំហរ​ប្តឹង លោក ផែង វណ្ណៈ ដដែល​ដោយ​ឥតមាន​ការកែប្រែ​នោះទេ​។​ ​បណ្តឹង លោក ខាន់ សុវណ្ណ ដែល​ប្តឹង​លោក ផែង វណ្ណៈ ចំនួន​៥​ករណី​នោះ រួមមាន​៖ បទ​ហិង្សា​ដោយ​ចេតនា​, គំរាមថា​នឹង​សម្លាប់​, បរិហារកេរ្តិ៍​ជា​សាធារណៈ​, ជេរប្រមាថ​ជា​សាធារណៈ និង​គំរាមកំហែង​ហែកកេរ្តិ៍ ដែល​លោក​ផែង វណ្ណៈ ដែល​បំពាន​ទៅលើ​លោក ខាន់ សុវណ្ណ ជា​បន្តបន្ទាប់​មុនពេល​ចាប់ខ្លួន​។ ក្នុង​ពាក្យបណ្ដឹង​នោះ លោក ខាន់ សុវណ្ណ បានស្នើ​សុំឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ផែង វណ្ណៈ តាមផ្លូវ​ច្បាប់ ហើយ​ទាមទារ​សំណង​ការខូចខាត ចំនួន​១​លាន​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត ចំនួន​២០​ម៉ឺន​ដុល្លារ និង​ការខាតបង់​ពេលវេលា​សេវាកម្ម​ច្បាប់​១​ម៉ឺន​ដុល្លារ​ផងដែរ​។​ ​គួរ​រម្លឹក​ដែរ​ថា យោងតាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ បញ្ជាក់ថា លោក ផែង វណ្ណៈ ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​៖ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះ Pheng Vannak News កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ បទល្មើស​ដែលមាន​បទបញ្ញត្តិ​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៣០៥ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​