មនុស្ស ៧​នាក់​បាន​ស្លាប់​ដោយ​ការ​ចរាចរណ៍​ផ្លូវទឹក​នៅ​រដ្ឋធានី​ប៊ូ​ដា​ផេស​ប្រទេស​ហុង​គ្រី​

ព្រឹត្តិការណ៍ថ្មីៗ
0
246
​យ៉ាងហោចណាស់​មាន​មនុស្ស ៧​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​ដឹក​អ្នកទេសចរ​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ៣៥​នាក់​បាន​លិច​នៅ​ទន្លេ​ដា​នូ​បេ​ក្នុង​រដ្ឋធានី​ប៊ូ​ដា​ផេស ប្រទេស​ហុង​គ្រី​។​ ​ទូក​ដឹក​អ្នកទេសចរ​បាន​លិច​នៅ​ជិត​អគារ​សភា​ហុង​គ្រី​នៅវេលា​ម៉ោង ៩: ១៥​នាទី​យប់​ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ពុធ​។​ ​ទូក​ដឹក​អ្នក​ទេសចរណ៍​ពីរ​ជាន់​មាន​ឈ្មោះថា Hableany ឬ​ហោ​ថា Mermaid ត្រូវបាន​បុក​ដោយ​ទូក​មួយទៀត​បណ្តាល​ឲ្យ​លិច​តែម្តង​។​ ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា មាន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ៣៣​នាក់​នៅលើ​ទូក រួមទាំង​នាវិក​ជនជាតិ​ហុង​គ្រី ២​នាក់​ផងដែរ​។ ក្នុងនោះដែរ ក៏មាន​ក្មេងៗ​មួយចំនួន​ផងដែរ​។​ ​អ្នកនាំពាក្យ​ផ្នែក​អ្នក​សង្គ្រោះ​ម្នាក់​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា មាន​មនុស្ស ១៤​នាក់​ហើយ ដែល​ត្រូវបាន​គេ​ទាញ​ចេញពី​ទឹក​រហូតមក​ដល់ពេលនេះ​។ ​ទឹកជំនន់ និង​ចរន្ត​ទឹកទន្លេ​ដា​នូ​បេ​បានធ្វើ​ឱ្យមាន​ភាពលំបាក​ក្នុងការ​ជួយសង្គ្រោះ ដោយ​អ្នក​មុជទឹក​និយាយថា ទឹកទន្លេ​ដា​នូ​បេ​គឺមាន​សីត​ណ្ហ​ភាព​ប្រមាណ ១០ ទៅ ១២​អង្សា​សេ​ប៉ុណ្ណោះ​។​ ​ទូក​ដែល​លិច​នោះ​មាន​ប្រវែង ២៧​ម៉ែត្រ កម្ពស់ ២​ជាន់ អាច​ផ្ទុក​មនុស្ស​រហូតដល់ ៦០​នាក់ និង​មាន​កម្លាំង​ម៉ាស៊ីន ១៥០​សេះ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន Panorama Deck Ltd​។​ ​ទូក​នោះ​ត្រូវ​បានដាក់​បញ្ជូន​ទៅក្នុង​សេវាកម្ម​តាំងពី​ឆ្នាំ ២០០៣ និង​ទទួលបាន​ការថែទាំង​ជា​ទៀងទាត់​។​ ​ទូក​នោះ​ត្រូវបាន​ផលិត​ដំបូង​នៅ​សហភាពសូវៀត ហើយ​ទូក​នោះ​ទទួលបាន​ម៉ា​ស៊ី​ថ្មី​របស់​ហុង​គ្រី​នៅ​ទសវត្ស​ទី​៨០៕​