ក្លិប​លុ​ច្ស​សារី ដែលមាន​ចែកចាយ​គ្រឿងញៀន​ពេលនេះ​ឈានដល់​ដំណាក់កាល​យ៉ាងណា​ហើយ ?

ព្រឹត្តិការណ៍ថ្មីៗ
0
264
​កាលពីពេល​កន្លងទៅនេះ​មាន ជនសង្ស័យ​ចំនួន ១៧ នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ ខណៈ​អ្នកញៀន​គ្រឿងញៀន​ជិត ១០០ នាក់ ក្នុងចំណោម ៤០៨ នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ក្លិប​លុ​ច្ស​សារី​កាលពី​ថ្ងៃ​សៅរ៍ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ហើយ​មួយចំនួន​នៃ​ពួកគេ​ដែលជា​ជនបរទេស នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ខណៈដែល​ម្ចាស់​ក្លិប​នេះ​នៅ​មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​។​ ​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់ថា ក្នុងចំណោម​មនុស្ស​ទាំង ៤០៨ នាក់ សមត្ថកិច្ច​បានសម្រេច​ចាប់បញ្ជូន​មនុស្ស ១៧ នាក់ (​ជនជាតិ​វៀតណាម ៥ នាក់​) ទៅកាន់​តុលាការ ដោយ​ពួកគេ​ទាំងនោះ ត្រូវបាន​រកឃើញថា មាន​ជាប់​ពាក់ព័ន្ធ​ការសម្រួល​ឲ្យ​មានការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្លិប​។​ ​គួរ​បញ្ជាក់ដែរថា ក្លឹប​កម្សាន្ត លុ​ច្ស​សារី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​នា​វេលា​ម៉ោង​២​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៤០៨​នាក់ និង​រកឃើញ​ថ្នាំញៀន​មួយចំនួន​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ដែល​ពាក់ព័ន្ធ​សម្រួល​ឲ្យ​មានការ​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ក្លឹប​មាន​ចំនួន​១៧ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១១ ខែមិថុនា​។ ចំពោះ​អ្នក​ដែលមាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ដែល​គាត់​ប្រើប្រាស់ គឺ​សម្រាប់​ជនជាតិខ្មែរ​នឹង​បញ្ជូនទៅ​មណ្ឌល​កែប្រែ​។ ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ដែរ ជា​ជនជាតិ​បរទេស យើង​ត្រូវសុំ​គោលការណ៍​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​បណ្តេញ​ចេញពី​កម្ពុជា​»៕ ​